
ក្រុងព្រះវិហារ៖ អ្នកស្រុកគូលែនចំនួន៥នាក់ កាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦ បាននាំគ្នាទៅរកត្រីនៅចំណុចឈើទាលស្រោង និងដូនណយ ស្ថិតក្នុងភូមិជញ្ជាំង ឃុំយាង ស្រុកជាំក្សាន្ដ ខេត្តព្រះវិហារ។ ជាអកុសល អ្នកទៅរកត្រីទាំងនោះ មិនទាន់ទាំងបានជួបត្រីផង ក៏ត្រូវហ្វូងសត្វដំរីព្រៃ ដេញព្រេចបណ្ដាលឱ្យស្លាប់ម្នាក់ និងរបួសធ្ងន់ម្នាក់..។

លោក ប៉ែន ជឹង ចៅហ្វាយស្រុកគូលែន នៅថ្ងៃទី១៤ ខែតុលានេះ បានប្រាប់ SBM News តាមប្រព័ន្ធតេទ្បេក្រាមថា មុនពេលកើតហេតុ ជនរងគ្រោះ និងក្រុមគ្រួសារ អ្នកភូមិជាមួយគ្នាសរុប៥នាក់ បានទៅដាក់ប៉ោងរកត្រី ហើយបោះបង្គោលប្រក់កៅស៊ូដេក ក៏ស្រាប់តែមានសត្វដំរី៦ក្បាល មកវាយប្រហារ និងព្រេចកម្ទេចរោង ចំត្រូវជនរងគ្រោះ ជាយុវជនម្នាក់ឈ្មោះ មុំ សុខហេង អាយុ១១ឆ្នាំ និងបានស្លាប់តាមផ្លូវពេលដឹកទៅសង្គ្រោះបន្ទាន់នៅឯមន្ទីរពេទ្យ។ ចំណែកជនរងគ្រោះទី២ ឈ្មោះ ធិន ជិត អាយុ៤៩ឆ្នាំ ត្រូវជាម្ដាយ រងរបួសធ្ងន់ ក៏បានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមណ្ឌលសុខភាព តាកឹង និងបានបញ្ជូនបន្តទៅសង្គ្រោះនៅមន្ទីរពេទ្យ១៦មករា ខេត្តព្រះវិហារ។

គួរជ្រាបថា ដំរីមួយហ្វូងនេះ បានចេញមកពីព្រៃជ្រៅ ដែលពួកវារស់នៅតាំងតែពីថ្ងៃទី១០ ខែសីហា រហូតមកដល់ថ្ងៃទី២៨ ខែសីហា ពួកវាបានចូលមកដល់ភូមិសាស្ត្រនៃភូមិដូនគង់ ត្រពាំងក្រវ៉ាន់ ពាមអារោញ ស្រោងស្រឡៅ ស្ថិតក្នុងឃុំពោធិ៍ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ។ ពួកវា បានបង្កឱ្យប្រជាពលរដ្ឋ២នាក់រងរបួសស្រាល ប៉ះពាល់ដល់ផលដំណាំកសិកម្ម និងជម្រកស្នាក់នៅក្នុងចម្ការមួយចំនួនផងដែរ។ ចំណែកកាលពីយប់ថ្ងៃទី៣០ ខែសីហា កន្លងទៅ ហ្វូងដំរីព្រៃទាំងនេះ បានបន្តចូលវាយលុកផ្ទះប្រជាពលរដ្ឋ នៅក្នុងភូមិពោធិ៍ខឿន បង្កឱ្យផ្ទះពលរដ្ឋចំនួនមួយខ្នង រងការខូចខាតយ៉ាងដំណំ ចំណែកម្ចាស់ផ្ទះត្រូវបានជម្លៀសចេញដោយសុវត្ថិភាព គ្មានអ្នករងរបួសទេ តែផលដំណាំមួយចំនួនត្រូវពួកវាស៊ីអស់ មានដូចជា៖ ផ្លែដូង ដើមចេក ពោត ដំបូងមី និងផ្លែឳទ្បឹក។ល។

ចំពោះដើមហេតុដែលហ្វូងដំរីព្រៃទាំងនេះ មកអុកឡុកផ្ទះ និងផលដំណាំរបស់បងប្អូនប្រជាពលរដ្ឋ ព្រោះមេហ្វូងដំរីមានកូនខ្ចី ហើយក្នុងព្រៃជាជម្រកចាស់ អាចនឹងខ្វះចំណីអាហារ ទើបពួកវាចេញមកក្រៅ ដើម្បីរកចំណីឱ្យកូនៗពួកវាស៊ី។ ក្រោយមក ពួកវាចេញរកចំណី និងអុកទ្បុកអ្នកស្រុកត្បែងមានជ័យ អស់រយៈពេលជាង១ខែ ខណៈហ្វូងដំរីព្រៃទាំង៦ក្បាលនោះ បានចូលក្នុងកន្លែងដើមវិញ នៅថ្ងៃទី១៣ ខែកញ្ញាហើយ តែក្រោយមកពួកវា ក៏ចេញមកវិញ និងបន្តអុកទ្បុកដល់អ្នកស្រុកជាំក្សាន្ដ និងរស់នៅក្បែរៗនោះ ដោយមិនអាចឆ្លងមកស្រុកគូលែនបានទេ ព្រោះទឹកស្ទឹងសែនឡើងប្រៀបខ្លាំង៕




