
រដ្ឋធានីហ្សាការតា៖ នាវិកសញ្ជាតិឥណ្ឌូណេស៊ីចំនួន៤រូប ដែលត្រូវបានចោរសមុទ្ទសូម៉ាលីចាប់ជម្រិត និងឃុំឃាំងធ្វើជាចំណាប់ខ្មាំងនៅលើនាវាដឹកប្រេងអស់រយៈពេលជាង៥ខែ បានធ្វើដំណើរទៅដល់ស្រុកកំណើតវិញដោយសុវត្ថិភាពហើយ កាលពីថ្ងៃអង្គារទី៦តុលា។

នាវិកទាំង៤រូបនេះ ស្ថិតនៅក្នុងចំណោមក្រុមនាវិកសរុប១៧នាក់ ដែលត្រូវបានកងកម្លាំងនគរបាលជើងទឹកនៃតំបន់ស្វយ័តប៉ាន់ឡែនដ៍ (Puntland) ភាគខាងជើងប្រទេសសូម៉ាលី វាយឆ្មក់រំដោះយកបានកាលពីសប្តាហ៍មុន ពីលើនាវាដឹកប្រេង MT Honour 25 ដែលត្រូវបានចោរសមុទ្ទប្លន់ជិះគ្រប់គ្រង កាលពីខែមេសា។ យោងតាមសេចក្តីថ្លែងការណ៍របស់នគរបាលតំបន់ប៉ាន់ឡែនដ៍ មុនពេលកងកម្លាំងអាចវាយដណ្តើមនាវាមកវិញបាន ក្រុមចោរសមុទ្ទបានសម្លាប់សមាជិកនាវិកអស់ចំនួន ៥នាក់រួចជាស្រេចទៅហើយ ក្នុងនោះរួមមាន៖ ជនជាតិប៉ាគីស្ថាន៣នាក់, ជនជាតិឥណ្ឌាម្នាក់, និងជនជាតិភូមា(មីយ៉ាន់ម៉ា)ម្នាក់។

នាវិកឥណ្ឌូណេស៊ីទាំង៤រូប ត្រូវបានទទួលស្វាគមន៍យ៉ាងកក់ក្ដៅនៅអាកាសយានដ្ឋានអន្តរជាតិសូកាណូ ហាតតា (Soekarno-Hatta) ក្នុងរដ្ឋធានីហ្សាការតា ពីសំណាក់ក្រុមគ្រួសាររបស់ពួកគេ រួមជាមួយមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល រួមទាំងលោក អាម៉ាណាថា ណាសឺរ (Arrmanatha Nasir) រដ្ឋមន្ត្រីការបរទេសឥណ្ឌូណេស៊ីផងដែរ៕





