
រដ្ឋធានីសេអ៊ូល៖ មេបញ្ជាការកងទ័ពសហរដ្ឋអាម៉េរិក ប្រចាំនៅកូរ៉េខាងត្បូង បានរៀបចំកងកម្លាំងការងារចម្រុះគ្រប់វិស័យទាំងអស់ កំណត់គោលដៅលើយុទ្ធសាស្ត្រទប់ស្កាត់ មិនត្រឹមផ្ដោតតែទៅលើកូរ៉េខាងជើងនោះទេ ប៉ុន្ដែអ្វីដែលសម្គាល់ខ្លាំងនោះ គឺផ្ដោតទៅលើចិន និងរុស្ស៊ី ខណៈការផ្ទេរការគ្រប់គ្រងប្រតិបត្តិការ (OPCON) នៅតែអាស្រ័យលើលក្ខខណ្ឌជាក់ស្តែង...។

សារព័ត៌មានកូរ៉េខាងត្បូង The Chosun Daily បានចេញផ្សាយនៅព្រឹកថ្ងៃពុធ ទី១៤ ខែតុលានេះថា លោកនាយឧត្ដមសេនីយ៍ ហ្សាវីយ៉ែរ ប៊្រុនសុន (Xavier Brunson) មេបញ្ជាការកំពូលនៃកងទ័ពសហរដ្ឋអាម៉េរិក ប្រចាំនៅកូរ៉េខាងត្បូង (USFK) បានថ្លែងកាលពីថ្ងៃអង្គារថា ការដាក់ពង្រាយកងកម្លាំងប្រតិបត្តិការចម្រុះវិស័យ (MDTF) ដែលជាអង្គភាពប្រតិបត្តិការចល័តកម្រិតយុទ្ធភូមិភាគរបស់កងទ័ពជើងគោកសហរដ្ឋអាម៉េរិក ត្រូវបានរៀបចំឡើង សម្រាប់ធ្វើសមាហរណកម្មប្រតិបត្តិការលើគោក សមុទ្ទ អាកាស អវកាស និងលំហសាយប័រ ក្នុងគោលបំណងរំខាន និងកម្ចាត់បណ្តាញទប់ស្កាត់ការចូលទៅកាន់តំបន់ និងការហាមឃាត់ ការចូលទៅកាន់តំបន់ (A2/AD) របស់គូប្រជែងនៅឧបទ្វីបកូរ៉េ គឺមានគោលបំណង«បង្កើតសមត្ថភាពរុករក និងតាមដានដែលមានលក្ខណៈជាច្រើនស្រទាប់» និងការដាក់បញ្ចូលធនធានផ្សេងៗ ដើម្បី«ឈ្វេងយល់ឱ្យកាន់តែច្បាស់ មិនត្រឹមតែអំពីបរិយាកាសប្រតិបត្តិការ នៅលើឧបទ្វីបកូរ៉េប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងនៅតំបន់ជុំវិញដ៏ទូលំទូលាយថែមទៀតផង»។

លោកផ្កាយ៤ មេទ័ពសហរដ្ឋអាម៉េរិក ប្រចាំនៅកូរ៉េខាងត្បូងរូបនេះ បានបញ្ជាក់ជាប្រយោលថា ការដាក់ពង្រាយកងកម្លាំង MDTF នេះ គឺគិតគូរ មិនត្រឹមតែប្រទេសកូរ៉េខាងជើងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្ដោតទៅលើប្រទេសចិន និងរុស្ស៊ីផងដែរ ជាមួយនឹងការលើកឡើងថា «ប្រសិនបើអ្នកគូសបន្ទាត់មួយ នៅលើផែនទី អ្នកអាចដឹងពីចម្ងាយពីរដ្ឋធានីប៉េកាំង ទៅកាន់រដ្ឋធានីសេអ៊ូលរបស់ប្រទេសកូរ៉េខាងត្បូងបាន»។ ប៉ុន្ដែពាក់ព័ន្ធនឹងការផ្ទេរសិទ្ធិបញ្ជាប្រតិបត្តិការ នៅក្នុងពេលមានសង្គ្រាម (OPCON) ដែលរដ្ឋាភិបាលលោកប្រធានាធិបតីកូរ៉េខាងត្បូង លី ចេ-ម្យុង (Lee Jae-myung) មានគោលបំណងចង់ទទួលបាននោះ លោកឧត្ដមសេនីយ៍ ប៊្រុនសុន បានថ្លែងថា៖«ខ្ញុំគាំទ្រយ៉ាងពេញទំហឹង ចំពោះការផ្ទេរសិទ្ធិនេះ ដោយផ្អែកលើលក្ខខណ្ឌជាក់ស្តែង»។

សារព័ត៌មាន The Chosun Daily ធ្លាប់រាយការណ៍ កាលពីខែកញ្ញាកន្លងទៅ ថា កងទ័ពជើងគោកសហរដ្ឋអាម៉េរិក បានសម្រេចចិត្តដាក់ពង្រាយកងកម្លាំង MDTF មួយផ្នែក ដែលជាអង្គភាពឆ្លើយតបយ៉ាងឆាប់រហ័ស និងមានបច្ចេកវិទ្យាទំនើបបំផុត អាចប្រតិបត្តិការបានទាំងនៅលើគោក អាកាស សមុទ្ទ លំហអវកាស និងសាយប័រ ទៅកាន់ឧបទ្វីបកូរ៉េ ហើយកំពុងពិភាក្សាជាមួយរដ្ឋាភិបាលថែមទៀតផង។ កងកម្លាំង MDTF ត្រូវបានបង្កើតឡើង ដើម្បីទប់ទល់នឹងយុទ្ធសាស្ត្រ«ការរារាំងការចូលទៅកាន់ ឬការបដិសេធមិនឱ្យចូលក្នុងតំបន់ (A2/AD)» របស់ប្រទេសចិន និងរុស្ស៊ី ដោយមានគោលបំណងរារាំងការចូល និងប្រតិបត្តិការដោយសេរីរបស់យោធាសហរដ្ឋអាម៉េរិក នៅក្នុងតំបន់មានឥទ្ធិពលរបស់ពួកគេ។ លោកមេទ័ព ប៊្រុនសុន បានសង្កត់ធ្ងន់នៅក្នុងអំឡុងពេលកិច្ចពិភាក្សា នៅមជ្ឈមណ្ឌលសម្រាប់ការសិក្សាយុទ្ធសាស្ត្រ និងអន្តរជាតិ (CSIS) មានមូលដ្ឋាននៅរដ្ឋធានីវ៉ាស៊ីនតោន ឌីស៊ី ថា៖«កងកម្លាំង MDTF គឺជាជម្រើសដ៏គួរឱ្យចាប់អារម្មណ៍បំផុត នៅក្នុងន័យសម្រាប់ការដាក់ពង្រាយសមត្ថភាព ដែលសមស្រប ទៅកាន់ឧបទ្វីបកូរ៉េ»។

លោកមេទ័ព បានថ្លែងដដែលៗអំពីសារសំខាន់នៃសមត្ថភាពរុករក និងតាមដាន នៅក្នុងវិស័យអវកាស សាយប័រ និងសង្គ្រាមអេឡិកត្រូនិក។ សមត្ថភាពក្នុងការអនុវត្តប្រតិបត្តិការលើវិស័យអវកាស សាយប័រ និងសង្គ្រាមអេឡិកត្រូនិក ព្រមទាំងជំនាញស្នូលដែលចាំបាច់ សម្រាប់វិស័យនីមួយៗ គឺមានសារសំខាន់ខ្លាំងណាស់។ វិស័យអវកាសផ្តល់នូវព័ត៌មាន ស្តីពី«ទីតាំង ការរុករកផ្លូវ និងពេលវេលា (PNT)»។ ចំណែកវិស័យសាយប័រ រួមបញ្ចូលទាំងប្រតិបត្តិការការពារ និងវាយលុក ហើយសង្គ្រាមអេឡិកត្រូនិក ពាក់ព័ន្ធនឹងការគ្រប់គ្រងសញ្ញា និងព័ត៌មាននៅក្នុងវិសាលគមអេឡិកត្រូម៉ាញេទិក។ ការដាក់ពង្រាយធនធានទាំងនេះ នឹងជួយឱ្យមានការយល់ដឹងកាន់តែល្អប្រសើរឡើង មិនត្រឹមតែអំពីបរិយាកាសប្រតិបត្តិការ នៅលើឧបទ្វីបកូរ៉េប៉ុណ្ណោះទេ៕


