ទឹកជំនន់លិចមន្ទីរពេទ្យបង្អែកក្រគរធ្ងន់ធ្ងរ ចៅហ្វាយខេត្តបញ្ជាដាច់ខាតជម្លៀសអ្នកជំងឺ១៥២នាក់ និងសម្ភារពេទ្យទាំងយប់
Chanmarady Chuon
•
មួយម៉ោងមុន

ក្រុងពោធិ៍សាត់៖ ជំនន់ទឹកភ្លៀង បានបណ្ដាលឱ្យមន្ទីរពេទ្យបង្អែកស្រុកក្រគរ រងការលិចលង់យ៉ាងធ្ងន់ធ្ងរ មិនធ្លាប់មានពីមុនមក កាលពីយប់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦។ ភ្លាមៗ..ក្រោមការបញ្ជាផ្ទាល់ពីលោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ កម្លាំងសមត្ថកិច្ចចម្រុះ និងអាជ្ញាធរមូលដ្ឋាន បានចុះអន្តរាគមន៍ ជម្លៀសអ្នកជំងឺព្រមទាំងសម្ភារបរិក្ខារពេទ្យទៅកាន់ទីទួលសុវត្ថិភាពទាំងយប់ ដើម្បីធានាសុវត្ថិភាព និងបន្តការព្យាបាលជូនប្រជាពលរដ្ឋ...។

ក្នុងប្រតិបត្តិការសង្គ្រោះបន្ទាន់នេះ លោកអភិបាលខេត្ត បានចេញបទបញ្ជាដាច់ខាតឱ្យសមត្ថកិច្ច និងក្រុមគ្រូពេទ្យ ប្រញាប់ប្រញាល់ដឹកជញ្ជូន និងជម្លៀសអ្នកជំងឺសរុប១៥២នាក់ ចេញពីមន្ទីរពេទ្យបង្អែកស្រុកក្រគរទៅកាន់សាលប្រជុំរដ្ឋបាលស្រុក និងស្នាក់ការគណបក្សប្រជាជនកម្ពុជា ដែលត្រូវបានរៀបចំជាទីទួលសុវត្ថិភាពបណ្តោះអាសន្ន សម្រាប់ឱ្យអ្នកជំងឺសម្រាក និងទទួលការព្យាបាលប្រកបដោយសុវត្ថិភាព។ បន្ថែមពីលើនេះ លោកចៅហ្វាយខេត្ត ក៏បានដឹកនាំកម្លាំងចម្រុះ ចុះពិនិត្យមើលទិដ្ឋភាពជាក់ស្តែង និងគ្រប់គ្រងស្ថានការណ៍ផ្ទាល់ នៅទីតាំងកើតហេតុទាំងយប់ផងដែរ។

ជាមួយគ្នានោះ លោក ខូយ រីដា បានអំពាវនាវ និងស្នើឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ បង្កើនការប្រុងប្រយ័ត្នឱ្យបានខ្ពស់បំផុត ដោយត្រូវយកចិត្តទុកដាក់មើលថែទាំកុមារតូចៗ និងមនុស្សចាស់។ ត្រូវប្រយ័ត្នប្រយែងចំពោះសត្វអាសិរពិសផ្សេងៗ និងត្រូវប្រកាន់ខ្ជាប់នូវអនាម័យ ដោយអនុវត្ត«ហូបស្អាត ផឹកស្អាត រស់នៅស្អាត»ជានិច្ច ដើម្បីបង្ការ និងទប់ស្កាត់ជំងឺឆ្លងផ្សេងៗក្នុងអំឡុងពេលនៃទឹកជំនន់។ លោកអភិបាលខេត្តបញ្ជាក់ថា ក្នុងករណីមានហេតុការណ៍អាសន្ន ឬតម្រូវការជំនួយ សូមរាយការណ៍ជូនអាជ្ញាធរមូលដ្ឋាន ឬក្រុមគ្រូពេទ្យដែលប្រចាំការនៅជិតបំផុត។

គួរជម្រាបផងដែរថា យោងតាមរបាយការណ៍បឋមពីអាជ្ញាធរខេត្ត បានឱ្យដឹងថា ជំនន់ទឹកភ្លៀងនេះ បានហូរចូលក្រោមផ្ទះប្រជាពលរដ្ឋចំនួន៣៤១ខ្នង (ស្ថិតក្នុង១០ភូមិ នៃ ៦ឃុំ) ក្នុងស្រុកក្រគរ ព្រមទាំងបានហូរកាត់ផ្លូវ និងប្រឡាយមួយចំនួនទៀត ប៉ុន្តែស្ថានភាពទូទៅ ត្រូវបានអាជ្ញាធរគ្រប់គ្រងបានទាំងស្រុង។ ដោយឡែក នៅស្រុកបាកាន ជំនន់ទឹកភ្លៀង បានលិចលង់ស្រូវស្រែប្រជាពលរដ្ឋចំនួន៩១គ្រួសារ លើផ្ទៃដីជាង ៤០៥ហិកតា ស្ថិតក្នុងឃុំស្វាយដូនកែវ (ចំនួន០៧ភូមិ)។ ទោះជាយ៉ាងណា ដំណាំស្រូវទាំងនោះ មិនទាន់រងការខូចខាតធ្ងន់ធ្ងរនៅឡើយទេ បច្ចុប្បន្ន អាជ្ញាធរខេត្ត រួមជាមួយកងកម្លាំងប្រដាប់អាវុធ និងក្រុមគ្រូពេទ្យ កំពុងបន្តតាមដានស្ថានភាពទឹក និងត្រៀមលក្ខណៈអន្តរាគមន៍២៤ម៉ោងលើ២៤ម៉ោង ដើម្បីជួយសង្គ្រោះ និងសម្រួលដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត