ជំងឺផ្តាសាយមានការកើនឡើង ក្រសួងសុខាភិបាល ប្រាប់ពីវិធីបង្ការសំខាន់ៗ៧យ៉ាង
S
Sreyleak Yith
•
2 ម៉ោងមុន

រាជធានីភ្នំពេញ៖ ជាការកត់សម្គាល់របស់ក្រសួងសុខាភិបាល ឃើញថា ជំងឺផ្តាសាយមានការកើនឡើង ជាពិសេស លើកុមារតូចៗ មនុស្សចាស់ជរា ស្ត្រីមានផ្ទៃពោះ និងអ្នកមានភាពស៊ាំក្នុងខ្លួនចុះខ្សោយ។ ដូច្នេះ កាលពីយប់ថ្ងៃទី១៣តុលា ក្រសួង បានចេញសេចក្ដីជូនដំណឹងប្រាប់ពីវិធានការបង្ការសំខាន់ៗចំនួន៧យ៉ាងដល់ពលរដ្ឋឱ្យបានជ្រាប…។

ក្រសួងសុខាភិបាល បានគូសបញ្ជាក់ថា ជំងឺផ្តាសាយ អាចឆ្លងតាមរយៈដំណក់ទឹកតូចៗ ចេញពីការក្អក ឬកណ្តាស់របស់អ្នកជំងឺ និងការប៉ះពាល់ផ្ទាល់ជាមួយសម្ភារ ឬផ្ទៃដែលមានមេរោគជំងឺផ្តាសាយ។ ចំពោះវិធីការពារមានដូចជា៖ ទី១.ក្រុមមនុស្សងាយរងគ្រោះ គួរចាក់វ៉ាក់សាំងការពារជំងឺផ្តាសាយ តាមការណែនាំរបស់គ្រូពេទ្យជំនាញ។២.ពាក់ម៉ាសការពារនៅពេលស្ថិតក្នុងទីប្រជុំជន កន្លែងបិទជិត ឬនៅពេលមានរោគសញ្ញាក្អក ហូរសំបោរ កណ្តាស់ ដើម្បីចៀសវាងការចម្លងដល់អ្នកដទៃ។ ៣.ប្រសិនបើមានរោគសញ្ញាគ្រុនក្ដៅ ក្អក ឈឺក្បាល ហូរសំបោរ ឬពិបាកដកដង្ហើម ត្រូវទៅនៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យឱ្យបានទាន់ពេលវេលា ឬទូរសព្ទមកកាន់លេខ១១៥ ដើម្បីទទួលបានការណែនាំ។ ៤.ប្រសិនបើលោកអ្នកមានអាការក្ដៅខ្លួន ក្អក ឬពិបាកដកដង្ហើម ហាមមានការជួបជុំ ឬការធ្វើដំណើរទៅក្រៅ។

៥.រក្សាអនាម័យផ្លូវដង្ហើមដោយខ្ទប់មាត់ និងច្រមុះ ហើយពាក់ម៉ាស និងប្រើកន្សែងដៃ ប្រើផ្នត់កែងដៃ ឬក្រដាសអនាម័យ នៅពេលក្អក ឬកណ្តាស់ រួចបោះចោលក្រដាសក្នុងធុងសំរាមបិទជិតឱ្យបានត្រឹមត្រូវ និងមិនត្រូវខាក ស្ដោះពាសវាលពាសកាល។៦.រក្សាគម្លាតសុវត្ថិភាព គឺចៀសវាងការប៉ះពាល់ជិតស្និទ្ធជាមួយអ្នកដែលមានរោគសញ្ញាផ្តាសាយ។ ប្រសិនបើមានអាការមិនស្រួលខ្លួន គួរសម្រាកនៅផ្ទះ និងទទួលទានទឹកស្អាតឱ្យបានច្រើន ទទួលទានចំណីអាហារដែលចម្អិនឆ្អិនល្អ និងមានជីវជាតិគ្រប់គ្រាន់ ព្រមទាំងហាត់ប្រាណជាប្រចាំ ដើម្បីឱ្យជំងឺឆាប់ជាសះស្បើយ។៧.លាងសម្អាតដៃឱ្យបានញឹកញាប់ជាមួយសាប៊ូ និងទឹកស្អាត ឬអាល់កុល ជាពិសេសមុនពេលបរិភោគអាហារ និងក្រោយពេលប៉ះពាល់សម្ភារសាធារណៈ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត