កម្ពុជា-អាស៊ែបៃហ្សង់ ឯកភាពគ្នាពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខ និងការពារជាតិ
S
Soriya Sou
•
មួយម៉ោងមុន

រាជធានីភ្នំពេញ៖ ព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋអាស៊ែបៃហ្សង់ នឹងបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងគ្នាលើវិស័យសន្តិសុខ និងការពារជាតិ ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។ នេះជាការឯកភាពគ្នារវាងប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត និងរដ្ឋមន្រ្តីការពារជាតិអាស៊ែបៃហ្សង់ លោក ហ្សាកៀ ហាសានូវ (Zakir Hasanov)…។

ក្នុងជំនួបកាលពីរសៀលថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦ រដ្ឋមន្ត្រីការពារជាតិអាស៊ែបៃហ្សង់ បានសម្ដែងក្ដីរីករាយដែលបានជួបសម្តេចធិបតី​ ហ៊ុន ម៉ាណែត ក្នុងឱកាសនៃដំណើរទស្សនកិច្ចផ្លូវការនៅ​អាស៊ែបៃហ្សង់​។ សម្ដេចធិបតី ហ៊ុន ម៉ាណែត និង លោក ហ្សាកៀ ហាសានូវ ក៏បានពិភាក្សាគ្នាក្នុងការស្វែងរកនូវលទ្ធភាពក្នុងការជំរុញកសាងទំនាក់ទំនង​ ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យសន្តិសុខ និងការពារជាតិ តាមរយៈការកសាងសមត្ថភាព, ការហ្វឹកហ្វឺន, និងបណ្ដុះបណ្ដាលជំនាញដល់យោធិន, ក៏ដូចជាការផ្លាស់ប្ដូរបទពិសោធរវាងគ្នា ជាដើម។ មិនមែនតែវិស័យសន្តិសុខ និងការពារជាតិទេ ប៉ុន្តែតាមរយៈដំណើរទស្សនកិច្ចនេះ កម្ពុជា-អាស៊ែបៃហ្សង់ នឹងបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗជាច្រើនទៀត ឱ្យកាន់តែរីកចម្រើន។

សម្តេចនាយករដ្ឋមន្រ្តីនៃកម្ពុជា ក៏បានឆ្លៀតឱកាសថ្លែងអំណរគុណចំពោះរដ្ឋាភិបាល និងប្រជាជនអាស៊ែបៃហ្សង់ ដែលបានផ្ដល់បដិសណ្ឋារកិច្ចយ៉ាងកក់ក្ដៅជូនគណៈប្រតិភូកម្ពុជា ក្នុងឱកាសនៃការអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ និងចូលរួមកិច្ចប្រជុំកំពូលនៃសន្និសីទស្តីពីអន្តរសកម្មភាព និងវិធានការកសាងទំនុកចិត្តនៅអាស៊ី លើកទី៧ នៅរដ្ឋធានីបាគូ នៃសាធារណរដ្ឋអាស៊ែបៃហ្សង់។ សម្តេចបានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រទេសទាំងពីរ ចាប់តាំងពីការចាប់ផ្តើមទំនាក់ទំនងការទូតជាផ្លូវការក្នុងឆ្នាំ១៩៩៤ មកម្ល៉េះ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត