
សុខភាព៖ នៅពេលអាកាសធាតុចុះត្រជាក់ គួបផ្សំប្រព័ន្ធការពាររាងកាយក្មេងខ្សោយផងនោះ ជំងឺផ្តាសាយ ងាយនឹងវាយលុកលើក្មេងៗ។ តែយ៉ាងណា កុំបារម្ភ បើចង់ការពារមិនឱ្យកូនលោកអ្នកកើតជំងឺផ្តាសាយ អាចសាកធ្វើតាមគន្លឹះទាំង៥ ដែលមានដូចខាងក្រោមនេះ…។

១.ចាក់វ៉ាក់សាំងការពារជំងឺផ្តាសាយធំ៖ បើកូនអាយុលើសពី៦ខែអាចនាំទៅចាក់វ៉ាក់សាំងការពារជំងឺផ្តាសាយធំ។ ក្មេងកើតផ្តាសាយធំមានគ្រោះថ្នាក់ជាងជំងឺផ្តាសាយធម្មតាពិសេសក្មេងមានអាយុតិចជាង៥ឆ្នាំ។ វិធីល្អបំផុតក្នុងការពារកូនជាទីស្រឡាញ់ពីជំងឺផ្តាសាយធំ គឺត្រូវចាក់វ៉ាក់សាំងការពារជំងឺផ្តាសាយធំរៀងរាល់ឆ្នាំ។ ២.កុំនៅជិតអ្នកជក់បារី៖ នៅក្នុងផ្ទះបើមានសមាជិកគ្រួសារណាម្នាក់ជក់បារី ត្រូវប្រញាប់ឱ្យផ្តាច់ភ្លាម ឬនាំក្មេងទៅឱ្យឆ្ងាយពីអ្នកជក់បារី បើមិនដូច្នេះទេអាចស្រូបផ្សែងបារីទាំងនេះ ងាយនឹងមានបញ្ហាក្អក ផ្តាសាយ រលាកទងសួត ឬឆ្លងរោគផ្សេងៗតាមផ្លូវដង្ហើមជាងក្មេងដែលមិនបានស្រូបផ្សែងបារី។

៣.លាងសម្អាតដៃនឹងសាប៊ូឱ្យញឹកញាប់៖ មុនចាប់ពរឬបីក្មេង ឬបញ្ចុកអាហារ ត្រូវលាងដៃជាមុន ចំណែកក្មេងក៏ត្រូវលាងសម្អាតដៃឱ្យគ្នាបានញឹកញាប់ដែរ ព្រោះក្មេងរពឹសកាលណាដៃទៅចាប់កាន់របស់កខ្វក់មកលូកមាត់ ឬចាប់កាន់ចំណីញ៉ាំអាចនឹងមានបញ្ហាសុខភាព។ ៤.កុំនាំកូនទៅជិតអ្នកជំងឺ៖ ក្មេងមានប្រព័ន្ធការពាររាងកាយខ្សោយណាស់ ងាយនឹងទទួលរងនូវការវាយប្រហារពីមេរោគផ្សេងៗ។ បែបនេះហើយយើងត្រូវថែទាំឱ្យបានដិតដល់ ចៀសវាងការនាំកូនទៅក្បែរអ្នកជំងឺដែលអាចឆ្លងរោគនោះមកដល់កូន។

៥.បំបៅដោះកូន៖ តាមគោលការណ៍របស់អង្គការសុខភាពពិភពលោក (WHO) តម្រូវឱ្យម៉ាក់ៗបំបៅដោះកូនយ៉ាងហោចណាស់៦ខែ ព្រោះទឹកដោះម្តាយល្អ និងមានសុវត្ថិភាពចំពោះទារកបំផុត។ កាលណាកូនបានបៅទឹកដោះម្តាយតែមួយមុខគត់រយៈពេល៦ខែដំបូងជួយឱ្យសុខភាពរឹងមាំកាត់បន្ថយអត្រាមរណៈរបស់កុមារតូចៗ ព្រមទាំងអាចបង្ការជំងឺជាច្រើនដូចជា មិនងាយទល់លាមក, កម្រឈឺពោះរាករូស, មិនបណ្ដាលឱ្យរលាករន្ធគូទមិនមានជំងឺខ្វះជាតិដែកស្លេកស្លាំង, ទប់ទល់នឹងមេរោគបណ្ដាលឱ្យក្អក ផ្ដាសាយ, ការពារពីការចម្លងរោគ, ការពារជំងឺផ្លូវដង្ហើមបានមួយភាគ, គ្មានបញ្ហាប្រព័ន្ធរំលាយអាហារក្រពះ-ពោះវៀន មានសុខភាពល្អ៕ ដកស្រង់ពី ៖ Hello គ្រូពេទ្យ



