
ទីក្រុងប៊្រុសសែលស៍ (Brussels)៖ ក្រុមប្រឹក្សាសន្តិសុខអឺរ៉ុប (ESC) នឹងជួយសម្រួលដល់ដំណើរការសម្រេចចិត្តឱ្យបានឆាប់រហ័ស ដោយចៀសវាងការយឺតយ៉ាវ បណ្តាលមកពីនីតិវិធីរដ្ឋបាលដ៏ស្មុគស្មាញជាប្រចាំរបស់សហភាពអឺរ៉ុប (EU) ខណៈមានវិបត្តិសន្តិសុខ ហើយក្រុមប្រឹក្សានេះ នឹងអនុវត្តនូវអ្វីដែលប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានហៅ៖«យុទ្ធសាស្ត្រឆ្លើយតបនឹងការគំរាមកំហែងបែបកូនកាត់ ដើម្បីដោះស្រាយសកម្មភាពអរិភាព ដែលស្ថិតក្នុងស្ថានភាពមិនច្បាស់លាស់ ឬតំបន់ពណ៌ប្រផេះ។

សារព័ត៌មាន Africa News បានផ្សាយ នៅថ្ងៃអង្គារ ទី១៣ ខែតុលាថា នៅក្នុងសុន្ទរកថាស្ដីពីស្ថានភាពសហភាពអឺរ៉ុប ឆ្នាំ២០២៦នោះ លោកស្រី ប្រធានគណៈកម្មការអឺរ៉ុប បានបញ្ជាក់យ៉ាងច្បាស់ថា យន្តការថ្មីៗទាំងនេះ បានបង្កើតឡើង ដើម្បីសម្របខ្លួនឱ្យស្របគ្នាទាំងស្រុង និងបំពេញបន្ថែមដល់តួនាទីរបស់អង្គការណាតូ (NATO) មិនមែនដើម្បីជំនួសអង្គការនេះឡើយ។

ថ្លែងនៅក្នុងកិច្ចប្រជុំកំពូល ស្ដីពីវិស័យការពារជាតិ និងអវកាសរបស់ Euro News លោក Andrius Kubilius ស្នងការទទួលបន្ទុកវិស័យការពារជាតិ និងអវកាសរបស់អឺរ៉ុប បានលើកឡើងថា ក្រុមប្រឹក្សាសន្ដិសុខអឺរ៉ុប នឹងមិនប្រឆាំងនឹងអង្គការណាតូនោះទេ។ ប៉ុន្តែផ្ទុយទៅវិញ ក្រុមប្រឹក្សាសន្ដិសុខអឺរ៉ុប គឺជាការគាំទ្រយ៉ាងពេញទំហឹង ហើយក្លាយជាវិធីសាស្រ្តមួយ ដើម្បីធ្វើឱ្យអឺរ៉ុបកាន់តែរឹងមាំ ដែលនឹងជួយធ្វើឱ្យអង្គការណាតូ កាន់តែខ្លាំងក្លាថែមទៀត។

គំនិតផ្តួចផ្តើមទាំងនេះ នឹងមានធាតុផ្សំសំខាន់ៗចំនួនបី រួមមាន៖ ទីមួយ-គឺក្រុមប្រឹក្សាសន្តិសុខអឺរ៉ុប (ESC) ផ្ទាល់ឯង ត្រូវបានគេរំពឹងទុកថា ជាវេទិកានយោបាយដ៏រហ័សរហួនមួយ ដោយពង្រីកកិច្ចប្រជុំកំពូលរបស់មេដឹកនាំសហភាពអឺរ៉ុប ឱ្យមានការចូលរួមពីដៃគូសំខាន់ៗ ដែលមិនមែនជាសមាជិកសហភាពអឺរ៉ុប។ ទីពីរ-គឺពិធីសារសន្តិសុខក្នុងគ្រាអាសន្ន ដែលតម្រូវឱ្យរដ្ឋសមាជិកបើកកិច្ចប្រជុំជាបន្ទាន់ ប្រសិនបើមានប្រទេសណាមួយ ប្រឈមមុខនឹងការគំរាមកំហែងបែបកូនកាត់។ ទីបី-គឺការបង្កើតមូលនិធិពិសេស សម្រាប់កត្តាជំរុញសមត្ថភាពការពារជាតិ ជាយុទ្ធសាស្ត្រ ដោយផ្តោតលើការវិនិយោគរួមគ្នា នៅក្នុងវិស័យការពារដែនអាកាស សន្តិសុខតាមប្រព័ន្ធអ៊ិនធើរណេត (cyber security) និងប្រព័ន្ធអវកាស។

គោលបំណងរបស់សហភាពអឺរ៉ុប ចង់ឱ្យក្រុមប្រឹក្សាសន្ដិសុខ ដោះស្រាយគម្លាតដ៏សំខាន់មួយនៅក្នុងរចនាសម្ព័ន្ធការពារជាតិរបស់អឺរ៉ុប ខណៈបច្ចុប្បន្នមានលក្ខណៈនៅមិនទាន់ស៊ីសង្វាក់គ្នា និងដំណើរការមានការយឺតយ៉ាវ។ សង្គ្រាមបែបកូនកាត់ ដែលមានរដ្ឋជាអ្នកគាំទ្រ រួមបញ្ចូលទាំងសកម្មភាពអរិភាព នៅក្នុងតំបន់ពណ៌ប្រផេះ ដូចជា ការបំផ្លាញហេដ្ឋារចនាសម្ព័ន្ធ ការវាយប្រហារតាមប្រព័ន្ធអ៊ិនធើរណេត និងការហោះហើរចូលដោយយន្តហោះគ្មានមនុស្សបើក ឬដ្រូន…ជាដើម។ ដោយសារប្រតិបត្តិការទាំងនេះ មិនឈានដល់កម្រិត នៃជម្លោះយោធាតាមបែបប្រពៃណី ហើយវាមិនបង្កឱ្យមានការអនុវត្តយន្តការការពាររួមរបស់អង្គការណាតូ (NATO) ដោយស្វ័យប្រវត្តិនោះឡើយ។

លោក Steven Blockmans អនុប្រធានមជ្ឈមណ្ឌលអន្តរជាតិ សម្រាប់ការការពារ និងសន្តិសុខ (International Centre for Defence and Security) បានបញ្ជាក់ថា៖ «គំនិតផ្ដួចផ្ដើមបែបនេះត្រូវបានលើកយកមកពិចារណាឡើងវិញ ចំពេលមានការសង្ស័យកាន់តែខ្លាំងឡើង អំពីឆន្ទៈរបស់សហរដ្ឋអាម៉េរិក នៅក្នុងការគោរពតាមការធានាសន្តិសុខ តាមមាត្រាទី៥ របស់ណាតូ និងការព្រួយបារម្ភថា ទីក្រុងវ៉ាស៊ីនតោន អាចនឹងរារាំងការសម្រេចចិត្តផ្នែកនយោបាយ...ឬរារាំងដល់ការបញ្ជាប្រតិបត្តិការ នៅក្នុងអង្គការណាតូ។ ហេតុនេះហើយ ទើបជម្រើសការពារជាតិ ជំនួសរបស់អឺរ៉ុប គួរតែត្រូវពង្រឹង»៕


