ប្រធានាធិបតីបារាំង ប្រកាសពីកងទ័ពជើងទឹក ដេញចាប់កប៉ាល់ដឹកប្រេង​មួយគ្រឿង
S
Sinuon Nop
•
15 ម៉ោងមុន

រដ្ឋធានីប៉ារីស៖ ប្រធានាធិបតីបារាំង លោក អេមម៉ានុយអែល ម៉ាក្រុង (Emmanuel Macron)  បានប្រកាស កាលពីថ្ងៃចន្ទថា កងទ័ពជើងទឹកបារាំង បានស្ទាក់ចាប់ និងឡើងលើកប៉ាល់ដឹកប្រេងមួយគ្រឿង ដែល​បានសង្ស័យថា ពាក់ព័ន្ធនឹងសកម្មភាពជួញដូរប្រេងឥន្ធនៈ ដោយខុសច្បាប់។

សារព័ត៌មាន Africa News  បានផ្សាយ កាលពីព្រឹក ថ្ងៃអង្គារ ទី១៣ ខែតុលាថា បើតាមលោកប្រធានាធិបតី ម៉ាក្រុង បានឲ្យដឹងថា ​ប្រតិបត្តិការនេះ បានធ្វើឡើង នៅចម្ងាយប្រហែល៨៣៣គីឡូម៉ែត្រ នាភាគខាងត្បូង នៃកោះរេអ៊ុយនីញ៉ុង (​​Réunion) ស្ថិត​ក្នុងមហាសមុទ្រឥណ្ឌា។ ទន្ទឹមគ្នានេះដែរ លោកប្រធានាធិបតី ​បានសរសេរនៅលើបណ្តាញសង្គមថា៖ «កងទ័ពជើងទឹកបារាំងរបស់យើង បានឡើងលើកប៉ាល់ដឹកប្រេង DF Peak ដែល​​សង្ស័យថា បានធ្វើដំណើរ ដោយប្រើទង់ជាតិក្លែងក្លាយ ​ហើយពាក់ព័ន្ធនឹងសកម្មភាពជួញដូរប្រេងឥន្ធនៈដោយខុសច្បាប់​។

លោកប្រធានាធិបតី ម៉ាក្រុង ក៏បានចែករំលែកវីដេអូដែលបង្ហាញពីទាហានបារាំង ចុះពីលើអាកាសដោយប្រើខ្សែ និងបានចុះទៅលើកប៉ាល់​នោះ​។​ ប្រទេសបារាំងនៅតែ«ប្តេជ្ញាចិត្ត នៅក្នុងការប្រយុទ្ធប្រឆាំងនឹងកង​នាវាស្រមោល ទោះបីជាពួកគេស្ថិតនៅទីណាក៏ដោយ នៅលើ​ពិភពលោក»។

លោកស្រី កាថែ Catherine Vautrin រដ្ឋមន្ត្រី ក្រសួងកងកម្លាំងប្រដាប់អាវុធរបស់បារាំង បានថ្លែងអំណរគុណដល់អ្នកដែលបានចូលរួម នៅក្នុងប្រតិបត្តិការនេះ ហើយបាននិយាយថា កងទ័ពបារាំងកំពុងតែអមដំណើរកប៉ាល់ DF Peak ដើម្បី​ត្រួតពិនិត្យបន្ថែមទៀត ក្រោមការគ្រប់គ្រងរបស់អាជ្ញាធរ ប្រចាំនៅកោះ Réunion។

អគ្គនាយកដ្ឋានស៊ើបការណ៍សម្ងាត់ នៃប្រទេសអ៊ុយក្រែន (GUR) បានឱ្យដឹងថា កប៉ាល់​នេះពាក់ព័ន្ធនឹងការដឹកជញ្ជូនប្រេងឆៅរបស់រុស្ស៊ី និងមានទំនាក់ទំនងជាមួយក្រុមហ៊ុនដឹកជញ្ជូន Sovcomflot។ កប៉ាល់​នេះ​បានសាងសង់ឡើង នៅក្នុងឆ្នាំ ២០០៦ និងធ្លាប់បានធ្វើដំណើរក្រោមទង់ជាតិជាច្រើនផ្សេងៗគ្នា។

កាលពីខែមិថុនា កងកម្លាំងបារាំង ក៏បានស្ទាក់ចាប់កប៉ាល់ដឹកប្រេង «Deliver» ដែលជាផ្នែកមួយ នៃកងនាវាស្រមោលរបស់រុស្ស៊ី ខណៈកប៉ាល់នោះ​កំពុងតែធ្វើដំណើរ នៅជិតឆ្នេរសមុទ្រកោះ Sicily ដោយ «រំលោភលើច្បាប់ដែនសមុទ្រ»។ នេះបើ​តាមការប្រកាសរបស់លោកប្រធានាធិបតី ម៉ាក្រុង នៅពេលនោះ។

កងនាវាស្រមោលរបស់រុស្ស៊ី អនុញ្ញាតឱ្យប្រទេសនេះ គេចវេះពីការដាក់ទណ្ឌកម្មរបស់លោកខាងលិច លើវិស័យថាមពលរបស់ខ្លួន ដោយទណ្ឌកម្មទាំងនោះ ហាមឃាត់ការជួល ឬការធានារ៉ាប់រងកប៉ាល់ដឹកប្រេង លុះត្រាតែមានការអនុលោម តាមការកំណត់ជាក់លាក់ណាមួយ។ កងនាវាស្រមោលគេចវេះពីការកំណត់ទាំងនេះ ដោយប្រើប្រាស់រចនាសម្ព័ន្ធកម្មសិទ្ធិដ៏ស្មុគស្មាញ ការប្រើប្រាស់ទង់ជាតិងាយស្រួល ​និងយុទ្ធសាស្ត្រផ្សេងៗទៀត ដែលត្រូវបានរៀបចំឡើង ដើម្បីលាក់បាំងប្រភពដើម នៃទំនិញរបស់ពួកគេ។ រីឯប្រទេសអឺរ៉ុបមួយចំនួនទៀត ក៏បានរាយការណ៍ អំពីការស្ទាក់ចាប់នាវាដែលជាផ្នែក នៃកងនាវាស្រមោលរបស់រុស្ស៊ីផងដែរ នៅក្នុងរយៈពេលប៉ុន្មានខែកន្លងទៅថ្មីៗនេះ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត