
រដ្ឋធានីប៉េកាំង៖ ស្របពេលសហរដ្ឋអាម៉េរិក កំពុងតែបំពាក់មីស៊ីលដ៏មានអានុភាព សម្រាប់កម្ទេចកងនាវាចម្បាំង ទៅលើយន្តហោះ B-52 ដែលមានប្រវត្តិបំពេញបេសកកម្មនៅក្នុងសង្គ្រាមជាយូរឆ្នាំ ដើម្បីទប់ទល់នឹងកងទ័ពជើងទឹករបស់ចិន ដែលកំពុងពង្រីកខ្លួននោះ ការខ្វះខាតគ្រាប់រំសេវយ៉ាងធ្ងន់ធ្ងរ និងភាពងាយរងគ្រោះ នៅក្នុងប្រតិបត្តិការ អាចនឹងធ្វើឱ្យប៉ះពាល់ដល់ប្រសិទ្ធភាពជាយុទ្ធសាស្ត្ររបស់កងយន្ដហោះទម្លាក់គ្រាប់បែកដ៏កំណាចនេះ។

សារព័ត៌មាន Asian Times បានផ្សាយ កាលពីព្រឹក ថ្ងៃអង្គារ ទី១៣ ខែតុលាថា បើតាមទីបញ្ជាការប្រព័ន្ធអាកាសរបស់កងទ័ពជើងទឹកសហរដ្ឋអាម៉េរិក បានឲ្យដឹងថា ប្រព័ន្ធផ្សព្វផ្សាយជាច្រើន បានរាយការណ៍ នៅក្នុងតុលាថា កងទ័ពជើងទឹកសហរដ្ឋអាម៉េរិក មានគម្រោងផ្តល់កិច្ចព្រមព្រៀងតែមួយគត់ដល់ក្រុមហ៊ុនម៉ៅការសន្ដិសុខ ឧស្សាកម្មការពារជាតិ និងអវកាសនាំមុខគេរបស់ពិភពលោក Lockheed Martin ដើម្បីបញ្ចូលមីស៊ីលប្រឆាំងនឹងនាវា រយៈចម្ងាយឆ្ងាយ AGM-158C ទៅក្នុងកងយន្ដហោះទម្លាក់គ្រាប់បែកយុទ្ធសាស្រ្ដរបស់កងទ័ពអាកាសសហរដ្ឋអាម៉េរិក B-52 ។ កិច្ចខិតខំប្រឹងប្រែងនេះ នឹងរួមបញ្ចូលការអាប់ដេតកម្មវិធីមីស៊ីល ការធ្វើតេស្តហោះហើរ ការជួសជុលសម្ភារៈសាកល្បង និងការបំបែកចេញពីជើងទម្របាញ់ខាងក្នុង និងគ្រោងឆ្អឹងស្លាប ដែលអាចឱ្យយន្តហោះទម្លាក់គ្រាប់បែកធុនធ្ងន់ ផ្ទុកមីស៊ីល ប្រឆាំងនឹងនាវាស្វ័យប្រវត្តិ រហូតដល់២0គ្រាប់។

ដោយពឹងផ្អែកលើមីស៊ីល ប្រឆាំងនឹងយន្តហោះបាញ់ពីអាកាសទៅដី AGM-158 (JASSM) ដែលត្រូវបានដាក់ពង្រាយរួចហើយ នៅលើយន្តហោះ LRASM ប្រើប្រាស់ឧបករណ៍ចាប់សញ្ញានៅលើយន្តហោះ វិធានការគាំទ្រអេឡិកត្រូនិក និងការណែនាំពីស្ថានីយអ៊ីនហ្វ្រារ៉េដ ដើម្បីវាយប្រហារគោលដៅកងទ័ពជើងទឹក ដែលមានការការពារយ៉ាងខ្លាំង លើសពី៣២0 គីឡូម៉ែត្រ ដោយមិនពឹងផ្អែកលើ GPS ឬការបំភាយវិទ្យុសកម្មពីរ៉ាដា។ កម្មវិធីសមាហរណកម្មនេះ បញ្ចប់ការធ្វើឱ្យប្រសើរឡើងនូវការវាយប្រហារតាមសមុទ្រ នៅគ្រប់យុទ្ធសាស្ត្រទាំង៣របស់កងទ័ពអាកាសអាម៉េរិក បន្ទាប់ពីការដាក់ពង្រាយពីមុន នៅលើយន្តហោះ B-1B Lancer និងការបាញ់សាកល្បង ចេញពីយន្តហោះ B-2A កាលពីពេលថ្មីៗ។

ក្រុមអ្នករៀបចំផែនការរបស់ក្រសួងសង្គ្រាមសហរដ្ឋអាម៉េរិក មានគោលបំណងប្រើប្រាស់សមត្ថភាពហោះហើរ រយៈចម្ងាយឆ្ងាយ ឆ្លងទ្វីប និងសមត្ថភាពផ្ទុកអាវុធដ៏ច្រើនសន្ធឹកសន្ធាប់របស់យន្តហោះ B-52 ដើម្បីប្រមូលផ្តុំកម្លាំងបាញ់ប្រហារ ពីចម្ងាយទៅលើនាវាចម្បាំងរបស់សត្រូវ នៅទូទាំងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក។ សកម្មភាពបែបនេះ បង្កើតបានជាយន្តការរារាំងតាមរយៈការវាយប្រហារដែនសមុទ្រជាប្រចាំ ដែលជួយកាត់បន្ថយហានិភ័យដល់ប្រតិបត្តិការ សម្រាប់កងនាវាផ្ទុកយន្តហោះវាយប្រហារ ខណៈប្រឈមមុខជាមួយនឹងប្រព័ន្ធការពារដែនអាកាសដ៏ទំនើបរបស់ចិន។

កត្ដាដ៏សំខាន់ដែលសហរដ្ឋអាម៉េរិក ប្រើប្រាស់យន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រ ដូចជា B-52 សម្រាប់ការវាយប្រហារទៅលើដែនសមុទ្រ គឺដោយសារយន្តហោះទាំងនេះ ផ្តល់នូវមធ្យោបាយឆ្លើយតបយ៉ាងមានប្រសិទ្ធភាពខ្ពស់ និងមានតម្លៃសមរម្យ (ជាយុទ្ធសាស្ត្រមិនស៊ីមេទ្រី) ប្រឆាំងនឹងកងទ័ពជើងទឹករំដោះប្រជាជនចិន (PLAN) នៅតំបន់ប៉ាស៊ីហ្វិកខាងលិច។ នៅក្នុងរបាយការណ៍មួយ កាលពីខែមេសា ឆ្នាំ២០២៥ ទីភ្នាក់ងារសេវាស្រាវជ្រាវសភាអាម៉េរិក (CRS) បានកត់សម្គាល់ថា កងទ័ពជើងទឹករំដោះប្រជាជនចិន (PLAN) បានក្លាយជាកងកម្លាំងជើងទឹកដ៏ធំបំផុតរបស់ពិភពលោក បើគិតតាមចំនួនកងនាវា ដោយបានវ៉ាដាច់កងទ័ពជើងទឹកអាម៉េរិក លើចំនួនកងនាវាចម្បាំង នៅក្នុងអំឡុងឆ្នាំ២០១៥ដល់២០២០។

បើតាមការប៉ាន់ប្រមាណរបស់ក្រសួងសង្គ្រាមសហរដ្ឋអាម៉េរិក បានឲ្យដឹងថា របាយការណ៍របស់ CRS បានបញ្ជាក់ថា បច្ចុប្បន្នកងទ័ពជើងទឹករំដោះប្រជាជនចិន មាននាវាចម្បាំងលើសពី ៣៧០ គ្រឿង (ដោយយមិនរាប់បញ្ចូលនាវាល្បាតប្រយុទ្ធបំពាក់ដោយមីស៊ីល ប្រហែល ៦០ គ្រឿងផ្សេងទៀតនោះទេ) ហើយត្រូវបានគេព្យាករថា កងនាវាចម្បាំងរបស់ចិន នឹងកើនឡើងដល់ ៣៩៥គ្រឿង នៅឆ្នាំ ២០២៥ និង ៤៣៥ គ្រឿង នៅឆ្នាំ ២០៣០ ។ ការកើនឡើងចំនួននាវាចម្បាំងបែបនេះ គឺភាគច្រើនផ្តោតលើនាវាចម្បាំងនៅលើផ្ទៃទឹក។

ដើម្បីទប់ទល់នឹងឧត្តមភាព នៃចំនួនកងនាវាចម្បាំងចិននោះ កងយន្តហោះទម្លាក់គ្រាប់បែករបស់សហរដ្ឋអាម៉េរិក ដូចជា B-52 ផ្តល់នូវសមត្ថភាពហោះហើរ នៅក្នុងរយៈចម្ងាយឆ្ងាយ អាចហោះឆ្លងទ្វីប ល្បឿនធ្វើដំណើរយ៉ាងឆាប់រហ័ស និងសមត្ថភាពផ្ទុកអាវុធបានយ៉ាងច្រើនសន្ធឹកសន្ធាប់ ព្រមទាំងអាចបាញ់មីស៊ីល LRASM ជាច្រើនគ្រាប់ ចេញពីទិសដៅផ្សេងៗគ្នា ដែលមិនអាចប៉ាន់ស្មានបាន ដោយស្ថិតនៅក្រៅតំបន់ការពារដែនអាកាសរបស់សត្រូវ៕



