
រាជធានីបាងកក៖ កងទ័ពអាកាសភូមិន្ទថៃ (RTAF) មានផែនការស្នើសុំកញ្ចប់ថវិកាសម្រាប់ទិញយន្តហោះចម្បាំង Saab Gripen E/F បន្ថែមទៀត ក្រោមកម្មវិធី Burapha Santi...។

សារព័ត៌មានថៃ ដូចជា ខាវសត (Khaosod) និង ANN នៅរសៀលថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦នេះ បានរាយការណ៍ដូចគ្នាថា នេះជាផ្នែកមួយនៃគោលនយោបាយ និងទិសដៅយុទ្ធសាស្ត្រសម្រាប់ឆ្នាំ២០២៧-២០២៨ ក្នុងដំណាក់កាលទី២ នៃការទិញយន្តហោះចម្បាំងប្រភេទនេះ ដោយការទិញយកក្នុងដំណាក់កាលទី២ នឹងត្រូវដាក់បញ្ចូលទៅក្នុងកញ្ចប់ថវិកាឆ្នាំ២០២៧។ ការប្រកាសនេះ ធ្វើឡើងដោយមេបញ្ជាការកងទ័ពអាកាសថៃ លោក សេកសាន ខាន់ថា (Seksan Khantha) នៅក្នុងសាលសន្និសីទ «ឆឡើមអាកាស» នៃសាលានាយទាហានអាកាសភូមិន្ទ នវមិន្ទ្រក្សត្រិយាធិរាជ (Navaminda Kasatriyadhiraj Royal Air Force Academy) ស្ថិតក្នុងស្រុកមួករ៉ែក ខេត្តស្រះបុរី (Saraburi)។

លោក សេកសាន បានសង្កត់ធ្ងន់ថា យន្តហោះចម្បាំង ដែលគ្រោងនឹងទិញ មានសមត្ថភាពការពារជាតិ និងការការការពារដែនអាកាសរបស់ប្រទេសថៃ។ លោកបានបន្ថែមថា ការប្រគល់-ការទទួលយន្តហោះចម្បាំងទាំងនេះ ត្រូវបានរំពឹងថា នឹងធ្វើឡើងនៅក្នុងឆ្នាំ២០២៩។ មេបញ្ជាការកងទ័ពអាកាសថៃរូបនេះ បានបញ្ជាក់ទៀតថា កាតព្វកិច្ចចម្បង គឺធានាឱ្យបាននូវទំនុកចិត្តពីប្រជាជន និងរាជរដ្ឋាភិបាល ក្នុងការប្រើប្រាស់ថវិកាជាតិ ដើម្បីកសាង និងរក្សាសមត្ថភាពត្រៀមខ្លួនជាស្រេចគ្រប់ពេលវេលា ក្នុងការការពារអធិបតេយ្យភាព ទឹកដី និងសន្តិសុខជាតិ។

យ៉ាងណា មេទ័ពអាកាសថៃ ហាក់ដូចជាមិនបានបញ្ជាក់នោះទេ ថាចង់ទិញយន្តហោះចម្បាំងប្រភេទ Gripen នេះ ប៉ុន្មានគ្រឿងបន្ថែមទៀត ប៉ុន្តែ កន្លងមក ធ្លាប់ប្រកាសថា ចង់ទិញ៨គ្រឿងបន្ថែម។ គួររម្លឹកថា កាលពីចុងខែកញ្ញាថ្មីៗនេះ រាជរដ្ឋាភិបាលថៃ ក៏ទើបនឹងអនុម័តថវិកាជាង១០០លានដុល្លារ ទៅឱ្យកងទ័ពខ្លួន ដើម្បីទុកទិញអាវុធថ្មីៗ និងជួសជួសអាវុធដែលកំពុងមានស្រាប់ឱ្យល្អប្រសើរឡើង៕



