
ទីក្រុងតៃប៉ិ៖ នៅក្នុងសេចក្តីថ្លែងការណ៍ដ៏មានឥទ្ធិពល និងមុតស្រួចជាប្រវត្តិសាស្ត្រ នាឱកាសប្រារព្ធទិវាជាតិនៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៦នេះ ប្រធានាធិបតីតៃវ៉ាន់ លោក ឡៃ ឈីងតេ (Lai Ching-te) បានផ្ញើសារព្រមានយ៉ាងរ៉ឹងប៉ឹងទៅកាន់ក្រុងប៉េកាំងថា តៃវ៉ាន់ស្រឡាញ់សន្តិភាព ប៉ុន្តែដាច់ខាតមិនបោះបង់ចោលសេរីភាព មិនទទួលយកការជ្រៀតជ្រែក និងការត្រួតត្រាពីចិនឡើយ ហើយសិទ្ធិរស់រានមានជីវិតរបស់ប្រជាជនតៃវ៉ាន់ ត្រូវតែទទួលបានការគោរព។

ថ្លែងនៅខាងមុខភូមិគ្រឹះប្រធានាធិបតី លោក ឡៃ ឈីងតេ បានគូសបញ្ជាក់យ៉ាងច្បាស់ៗថា សន្តិភាព និងអធិបតេយ្យភាពមិនអាចកើតឡើងចេញពីបំណងប្រាថ្នា ឬការអង្វរករនោះឡើយ។ ចំពេលដែលមហាអំណាចចិនកំពុងបង្កើនការគាបសង្កត់ផ្នែកយោធា ដោយការបំពាក់អាវុធទំនើបៗ រួមមាន យន្តហោះចម្បាំងបំបាំងកាយ នាវាដឹកយន្តហោះ និងមីស៊ីលជាច្រើន លោក ឡៃ បានសង្កត់ធ្ងន់ថា ភាពរឹងមាំរបស់តៃវ៉ាន់ គឺជាសាក្សីបង្ហាញពិភពលោកថា «កម្លាំងបាយមិនអាចរំលោភលើច្បាប់អន្តរជាតិ ហើយមហាអំណាចក៏មិនអាចប្លន់យកសិទ្ធិកំណត់វាសនាខ្លួនឯងរបស់ប្រជាជនឡើយ»។

ប្រធានាធិបតីរូបនេះបានបន្ថែមថា ការបង្កើនថវិកាការពារជាតិ និងការធ្វើទំនើបកម្មកងទ័ពតៃវ៉ាន់ មិនមែនដើម្បីដុតបញ្ឆេះសង្គ្រាមនោះទេ ប៉ុន្តែគឺដើម្បីទប់ស្កាត់សង្គ្រាមកុំឱ្យកើតមានឡើង។ លោកបានបញ្ជាក់ជំហរចុងក្រោយថា៖«យើងពង្រឹងសមត្ថភាពស្វ័យការពារ មិនមែនដើម្បីបោះបង់ចោលការចរចានោះទេ ប៉ុន្តែគឺដើម្បីធានាថា ការចរចាជាមួយចិនអាចប្រព្រឹត្តទៅបាននៅលើមូលដ្ឋាននៃសមភាព និងសេចក្តីថ្លៃថ្នូរ»៕





