
ខេត្តកំពត៖ កុមារតូចៗចំនួន៥នាក់ បានលង់ ពេលចុះលេងទឹកសមុទ្រនៅចំណុចព្រែកកំពង់បាយ ស្ថិតក្នុងខេត្តកំពត ដោយនៅក្នុងនោះ កម្លាំងសមត្ថកិច្ច និងអាជ្ញាធរជំនាញ បានចេញអន្តរាគមន៍ជួយសង្គ្រោះកុមារបានចំនួន៤នាក់ ចំណែកកុមារប្រុសម្នាក់ទៀត បានបាត់បង់ជីវិតយ៉ាងសោកសៅ។ កុមារទាំង៥នាក់នេះ ជាបងប្អូននឹងគ្នា ដែលទៅលេងសមុទ្រជាមួយឪពុកម្តាយ ឬសាច់ញាតិ ប៉ុន្តែសមត្ថកិច្ច មិនទាន់បានបញ្ជាក់លម្អិតនោះទេថា ពួកគេ ជាបងប្អូនបង្កើត ឬជាបងប្អូនជាប់សាច់ឈាមអ្វីនឹងគ្នា។

យោងតាមការបញ្ជាក់បឋមពីនាយកដ្ឋាននគរបាលការពារព្រំដែនទឹក នៅរសៀលថ្ងៃអង្គារ ទី១៣ ខែតុលា ឆ្នាំ២០២៦នេះ បានឱ្យដឹងថា ហេតុការណ៍ដ៏រន្ធត់នេះ បានកើតឡើងកាលពីវេលាម៉ោង៥កន្លះល្ងាច ថ្ងៃទី១២ ខែតុលា នៅចំណុចព្រែកកំពង់បាយ ក្នុងភូមិសាស្ត្រខេត្តកំពត។ ប្រភពដដែលបានបន្តថា ភ្លាមៗបន្ទាប់ពីទទួលបានព័ត៌មាន កម្លាំងវរសេនាតូចនគរបាលការពារព្រំដែនទឹកលេខ២៤១ នៃនាយកដ្ឋាននគរបាលការពារព្រំដែនទឹក បានសហការជាមួយកម្លាំងស្នងការដ្ឋាននគរបាលខេត្តកំពត និងក្រុមម៉ូតូទឹក ចេញប្រតិបត្តិការអន្តរាគមន៍រុករក និងជួយសង្គ្រោះជាបន្ទាន់។ តាមរយៈប្រតិបត្តិការនេះ សមត្ថកិច្ចបានជួយសង្គ្រោះជីវិតកុមារចំនួន៤នាក់ រួចផុតពីសេចក្តីស្លាប់ ប៉ុន្តែគួរឱ្យសោកស្តាយបំផុត ក្មេងប្រុសម្នាក់ បានបាត់បង់ជីវិត។

ជនរងគ្រោះដែលបានបាត់បង់ជីវិត មានឈ្មោះ អែម ភក្តី អាយុ៧ឆ្នាំ មានទីលំនៅភូមិសៀមរាប ឃុំសៀមរាប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។ ក្រោយកើតហេតុ មន្ត្រីជំនាញនៃស្នងការដ្ឋាននគរបាលខេត្តកំពត បានចុះធ្វើកោសល្យវិច័យ និងបានបញ្ជាក់ថា កុមាររងគ្រោះពិតជាបានបាត់បង់ជីវិតដោយសារការលង់ទឹកប្រាកដមែន។ បច្ចុប្បន្ន សពកុមាររងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារ ដើម្បីបញ្ជូនទៅធ្វើបុណ្យតាមប្រពៃណី នៅស្រុកកំណើត។

តាមរយៈហេតុការណ៍ដ៏សោកសៅនេះ អាជ្ញាធរ និងសមត្ថកិច្ច សូមអំពាវនាវយ៉ាងទទូចដល់ឪពុកម្តាយ និងអាណាព្យាបាលទាំងអស់ មេត្តាបង្កើនការប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់ខ្ពស់បន្ថែមទៀត ក្នុងការមើលថែកូនចៅតូចៗ ដោយមិនត្រូវបណ្តែតបណ្តោយឱ្យកុមារចុះលេងទឹកសមុទ្រ ព្រែក ទន្លេ ឬអាងទឹកផ្សេងៗ ដោយគ្មានមនុស្សធំនៅមើលថែទាំក្បែរនោះឡើយ ដើម្បីចៀសវាងនូវគ្រោះថ្នាក់ជាយថាហេតុ និងកុំឱ្យកើតមានរឿងសោកស្ដាយបែបនេះបន្តទៀត៕




