
រាជធានីភ្នំពេញ៖ ក្នុងអំឡុងពេលប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌ ស្ថានភាពសុវត្ថិភាពចរាចរណ៍ផ្លូវគោកទូទាំងប្រទេស បានបង្ហាញឱ្យឃើញនូវតួលេខគួរឱ្យព្រួយបារម្ភ ដោយសារកំណើនគ្រោះថ្នាក់បានឆក់យកជីវិតប្រជាពលរដ្ឋ និងបង្កឱ្យមានអ្នករបួសជាច្រើននាក់ ...។

របាយការណ៍ផ្លូវការពីសមត្ថកិច្ចជំនាញ និងផ្សព្វផ្សាយដោយក្រសួងមហាផ្ទៃ បានបង្ហាញថា បើគិតត្រឹមរយៈពេលតែ៣ថ្ងៃ ពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៦ គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេស បានកើតឡើងសរុបចំនួន៣៤ករណី បណ្ដាលឱ្យមានអ្នកបាត់បង់ជីវិតចំនួន២៦នាក់ និងអ្នករងរបួសសរុបជាង១០០នាក់។ បើរាប់ចាប់តាំងពីថ្ងៃបិណ្ឌទី១មក រហូតដល់បញ្ចប់ពិធីបុណ្យភ្ជុំបិណ្ឌនេះ ដែលមានរយៈពេលសរុប១៥ថ្ងៃ គ្រោះថ្នាក់ចរាចរណ៍កើតឡើង១៤៣ករណី បណ្តាលឱ្យស្លាប់៨៦នាក់ និងរបួស២៥៨នាក់។ បើធៀបនឹងឆ្នាំ២០២៥កន្លងទៅ គ្រោះថ្នាក់ចរចរណ៍ក្នុងអំឡុងបុណ្យពិធីភ្ជុំបិណ្ឌ ឆ្នាំ២០២៦នេះ បានកើនឡើង២៦ករណី ដោយអ្នកស្លាប់កើនឡើង៦នាក់ ហើយអ្នករបួសកើនឡើង១០២នាក់។ ទោះបីជាអាជ្ញាធរមានសមត្ថកិច្ច ក៏ដូចជាក្រសួងស្ថាប័នពាក់ព័ន្ធ បានខិតខំផ្សព្វផ្សាយ និងរឹតបន្តឹងការអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកយ៉ាងណាក៏ដោយ ប៉ុន្តែតួលេខនៃគ្រោះថ្នាក់ចរាចរណ៍ក្នុងពិធីបុណ្យភ្ជុំបិណ្ឌ នៅតែកើនឡើងខ្ពស់ដដែល។

មន្ត្រីជំនាញបានបញ្ជាក់ថា មូលហេតុចម្បងៗដែលបង្កឱ្យមានគ្រោះថ្នាក់ជាញឹកញាប់ រួមមាន ការបើកបរលើសល្បឿនកំណត់ ការមិនគោរពសិទ្ធិអាទិភាព ការវ៉ាជែងក្នុងស្ថានភាពគ្រោះថ្នាក់ ការបត់មិនប្រយ័ត្ន និងការបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹងជាដើម។ កត្តាទាំងនេះ មិនត្រឹមតែបំផ្លាញទ្រព្យសម្បត្តិ និងអាយុជីវិតអ្នកបើកបរផ្ទាល់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានបង្កទុក្ខសោកដល់ក្រុមគ្រួសារ និងប៉ះពាល់ដល់សណ្ដាប់ធ្នាប់សង្គមក្នុងឱកាសបុណ្យទានដ៏ធំរបស់ជាតិទៀតផង៕






