សមរភូមិលើវាលខ្សាច់នៅប្រទេសយេម៉ែន ក្លាយជាសង្គ្រាម​ប៉ះពាល់ជាសកល​
S
Sinuon Nop
•
16 ម៉ោងមុន

រដ្ឋធានីសាណា (Sa​naa)៖ សង្គ្រាមស៊ីវិលដ៏រ៉ាំរ៉ៃ នៅក្នុងប្រទេសយេម៉ែន ក្លាយ​ជាបញ្ហា​មិនអាចមើលរំលងបានបន្ដទៅទៀត ព្រោះវាជា​ជម្លោះដ៏ធំទូលាយមួយ ដោយលាតសន្ធឹង ចាប់តាំងពីទីក្រុងតេហ៊ីរ៉ង់ (Tehran) ប្រទេសអ៊ីរ៉ង់ រហូតដល់រាជធានី​​រីយ៉ាដ (Riyadh) នៃប្រទេសអារ៉ាប៊ីសាអូឌីត ​ជាកន្លែងដែលមីស៊ីលបាន​ធ្លាក់ចំអាកាសយានដ្ឋានអន្តរជាតិ កាលពីចុងសប្តាហ៍កន្លងទៅនេះ ហើយក្រុមប្រដាប់អាវុធហ៊ូទី កំពុងតែបង្កការ​គំរាមកំហែងយ៉ាងខ្លាំង ដល់ការដឹកជញ្ជូនរបស់ពិភពលោក តាម​ផ្លូវសមុទ្រ និង​ផ្តល់នូវអំណាចតថ្លៃ ឬឥទ្ធិពលដល់ក្រុមអ្នកគាំទ្ររបស់ពួកគេ នៅក្នុងប្រទេសអ៊ីរ៉ង់ ដែលជាគូប្រជែងនៅក្នុងតំបន់របស់អារ៉ាប៊ីសាអូឌីត​។​

គោលដៅនៅប្រទេសអារ៉ាប៊ីសាអូឌីត រងការវាយប្រហារពីឧទ្ទាមហ៊ូទី
គោលដៅនៅប្រទេសអារ៉ាប៊ីសាអូឌីត រងការវាយប្រហារពីឧទ្ទាមហ៊ូទី

លោក អាល់ ហាប៊ូន (​Al Haboun) មេបញ្ជាការកងកម្លាំងសន្ដិសុខជាតិ គាំទ្រដល់រដ្ឋាភិបាលយេម៉ែន បានបញ្ជាក់ថា កងកម្លាំងភាគខាងត្បូងរបស់លោក ​ក្លាយជាផ្នែកមួយ នៃក្រុមសម្ពន្ធភាពដ៏ធូររលុង​ កំពុងតែប្រយុទ្ធ ដើម្បីរដ្ឋាភិបាលយេម៉ែន ដែល​បានទទួលស្គាល់ជាអន្តរជាតិ និងទទួលបានការគាំទ្រពីប្រទេសអារ៉ាប៊ីសាអូឌីត តាមរយៈការវាយប្រហារតាមផ្លូវអាកាស។​​ ប៉ុន្ដែក្រុមយុទ្ធជនរបស់ក្រុមឧទ្ទាមហ៊ូទី ប្រហែល៥០០នាក់ នៅតែស្ថិត​នៅលើតំបន់ខ្ពង់រាប ដែលមើលឃើញផ្លូវសមុទ្រយុទ្ធសាស្ត្រដ៏សំខាន់មួយ គឺច្រកសមុទ្រ បាប អាល់-ម៉ាន់ដាប (​Bab al-Mandab) ដែល​ជាចំណុចតភ្ជាប់សមុទ្រក្រហមទៅនឹងឈូងសមុទ្រអាដែន (Aden) ឆ្ពោះទៅកាន់មហាមុទ្រឥណ្ឌា និងមហាមសមុទ្រផ្សេងៗទៀ​ត។

រថក្រោះរបស់កងកម្លាំងរដ្ឋាភិបាលយេម៉ែន
រថក្រោះរបស់កងកម្លាំងរដ្ឋាភិបាលយេម៉ែន

លោក អាល់ ហាប៊ូន (​Al Haboun) មេបញ្ជាការកងកម្លាំងសន្ដិសុខជាតិ គាំទ្រដល់រដ្ឋាភិបាលយេម៉ែន បានបន្ដថា ផ្លូវទឹកដ៏តូចនេះ ពិតជាមាន​សារៈសំខាន់យ៉ាងខ្លាំង សម្រាប់ការនាំចេញប្រេង​។ ប៉ុន្ដែក្រុមឧទ្ទាមហ៊ូធី (Houthis) បានចូលកាន់កាប់តំបន់នេះ បន្ទាប់ពីការវាយលុកយ៉ាងឆាប់រហ័សរបស់ពួកគេ កាលពីខែកញ្ញា ឆ្នាំ២០១៤។ ​បច្ចុប្បន្នកងកម្លាំងគាំទ្ររដ្ឋាភិបាលយេម៉ែន បានដណ្តើមកាន់កាប់តំបន់នេះមកវិញ បានប្រហែល៨៥ភាគរយ​។ រីឯ​ក្រុមឧទ្ទាមហ៊ូទី បាន​បដិសេធថា ពួកគេមិនបានបាត់បង់ដែនដី នៅតំបន់ផ្សេង​ទៀតនោះទេ ប៉ុន្តែពួកគេមិនបានបដិសេធ ចំពោះតំបន់នេះឡើយ។ នេះបើ​តាមអ្វីដែលប្រភពក្នុងស្រុករបស់យើង បានដឹង​។​

កងកម្លាំងរបស់រដ្ឋាភិបាលយេម៉ែន
កងកម្លាំងរបស់រដ្ឋាភិបាលយេម៉ែន

ក្រុមឧទ្ទាមហ៊ូទី គាំទ្រដោយប្រទេសអ៊ីរ៉ង់ បានវាយលុកចូលកាន់​កាប់រដ្ឋធានីសាណា (Sanaa) ប្រទេសយេម៉ែន នៅឆ្នាំ២០១៤ ដោយបានបណ្ដេញ​រដ្ឋាភិបាល ចេញពីអំណាច។ លុះរយៈពេលមួយឆ្នាំក្រោយមក ក្រុមសម្ពន្ធមិត្ត​អារ៉ាប់ ដឹកនាំដោយអារ៉ាប៊ីសាអូឌីត បានធ្វើអន្តរាគមន៍ ដោយព្យាយាម បណ្តេញក្រុមឧទ្ទាមហ៊ូធី ចេញពីរដ្ឋធានីសាណា។ ប៉ុន្ដែទោះបីជាមានការវាយប្រហារតាមផ្លូវអាកាសយ៉ាងខ្លាំងក្លា និងបាន​បំផ្លិចបំផ្លាញ អស់រយៈពេលជាច្រើនឆ្នាំយ៉ាងណាក៏ដោយ ក៏វិធានការបែបនេះ នៅតែមិនទទួលបានលទ្ធផលនោះឡើយ។​

ដោយឡែក បទឈប់បាញ់ កាលពីអំឡុងឆ្នាំ២០២២ បាននាំឲ្យមានភាពស្ងប់ស្ងាត់ ប៉ុន្តែនៅពេលនេះ ក្រុមហ៊ូទី (Houthis) កំពុងតែក្លាយជាគូប្រជែងដ៏ខ្លាំងក្លាមួយ ដោយ​ពួកគេបានបង្ហាញឱ្យឃើញរួចមកហើយ កាលពីចុងសប្តាហ៍កន្លងទៅ។ ក្រុមឧទ្ទាមហ៊ូទី ​គ្រប់គ្រងប្រជាជន ភាគច្រើនរបស់ប្រទេសយេម៉ែនរួចទៅហើយ។ មួយវិញទៀត ប្រសិនបើមានការប៉ុនប៉ងថ្មីណាមួយ ដើម្បីសម្របសម្រួលជម្លោះនោះ ពួកគេអាចនឹងដាក់លក្ខខណ្ឌដ៏តឹងរ៉ឹងបន្ថែមទៀត៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត