ទំនុកចិត្តអ្នកប្រើប្រាស់ក្នុងប្រទេសថៃ ធ្លាក់ចុះគួរឱ្យកត់សម្គាល់ក្នុងខែកញ្ញា
ហៀប ស៊ីថេត
•
13 ម៉ោងមុន

រាជធានីបាងកក៖ សន្ទស្សន៍ទំនុកចិត្តអ្នកប្រើប្រាស់ក្នុងប្រទេសថៃ បានធ្លាក់ចុះជាលើកដំបូងក្នុងរយៈពេល៤ខែចុងក្រោយ កាលពីខែកញ្ញា ដោយសារតែរងផលប៉ះពាល់ខ្លាំងពីគ្រោះទឹកជំនន់ ការស្តារឡើងវិញនៃសេដ្ឋកិច្ចមានភាពយឺតយ៉ាវ និងតម្លៃជីវភាពរស់នៅខ្ពស់។ នេះបើយោងតាមការស្ទង់មតិមួយ ដែលបានចេញផ្សាយនៅថ្ងៃព្រហស្បតិ៍ទី៨ ខែតុលានេះ។

សន្ទស្សន៍ទំនុកចិត្តអ្នកប្រើប្រាស់របស់សាកលវិទ្យាល័យនៃសភាពាណិជ្ជកម្មថៃ (UTCC) បានធ្លាក់ចុះពី៥៣,២ កាលពីខែសីហា មកនៅត្រឹម៥២,១ នៅក្នុងខែកញ្ញា។ កាលពីចុងខែកញ្ញា អភិបាលរាជធានីបាងកក បានប្រកាសដាក់រាជធានី ជាតំបន់ប្រកាសអាសន្នរងគ្រោះមហន្តរាយ បន្ទាប់ពីមានភ្លៀងធ្លាក់ជិត៣០០មិលីម៉ែត្រក្នុងរយៈពេលត្រឹមតែ៣ថ្ងៃ ដែលស្មើនឹងបរិមាណភ្លៀងធ្លាក់សរុបពេញមួយខែកញ្ញា។

លោក ធនវឌ្ឍន៍ ពលវិជ័យ (ธนวรรธน์ พลวิชัย) ប្រធានសាកលវិទ្យាល័យ UTCC បានថ្លែងថា ការខូចខាតសេដ្ឋកិច្ចពីគ្រោះទឹកជំនន់ត្រូវបានប៉ាន់ប្រមាណថា មានប្រមាណ២២ពាន់លានបាត ទៅ៣០ពាន់លានបាត ឬប្រហែល៦៥៥លាន ទៅ ៨៩៣លានដុល្លារអាម៉េរិក ហើយអាចនឹងស្ថិតក្នុងកម្រិតនេះ ប្រសិនបើសភាពការណ៍ចាប់ផ្តើមល្អប្រសើរឡើងវិញ នៅសប្តាហ៍ក្រោយ។ ប៉ុន្តែប្រសិនបើភ្លៀងបន្តធ្លាក់ នោះមានន័យថា ថៃនឹងត្រូវបន្តខាតបង់ធ្ងន់ធ្ងរកាន់តែច្រើនបន្ថែមទៀត។

លោក ធនវឌ្ឍន៍ ពលវិជ័យ (ธนวรรธน์ พลวิชัย Thanavath Phonvichai)
លោក ធនវឌ្ឍន៍ ពលវិជ័យ (ธนวรรธน์ พลวิชัย Thanavath Phonvichai)

ជុំវិញការធ្លាក់ចុះទំនុកចិត្តអ្នកប្រើប្រាស់នេះ ថៃក៏បានទាញយកភាពតានតឹងសកលលោក ដោយបញ្ជាក់ថា បានដាក់សម្ពាធលើទំនុកចិត្តសេដ្ឋកិច្ចផងដែរ។ ទោះជាយ៉ាងណា ផ្លូវចិត្ត និងទំនុកចិត្តអាចនឹងងើបឡើងវិញនៅចុងឆ្នាំនេះ ប្រសិនបើហានិភ័យទឹកជំនន់ថយចុះ តម្លៃប្រេងធ្លាក់ចុះ វិស័យទេសចរណ៍កើនឡើង និងវិធានការរំញោចសេដ្ឋកិច្ចរបស់រាជរដ្ឋាភិបាលទទួលបានលទ្ធផលល្អ ខណៈការព្យាករកំណើនសេដ្ឋកិច្ចថៃ នៅតែមានភាពយឺតយ៉ាវខ្លាំង បើប្រៀបធៀបនឹងប្រទេសជិតខាងក្នុងតំបន់អាស៊ីអាគ្នេយ៍៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត