
រាជធានីបាងកក៖ ប្រជាពលរដ្ឋរស់នៅក្នុងខេត្តចំនួន៣ ស្ថិតនៅភាគខាងកើតប្រទេសថៃ រួមមាន៖ ខេត្តស្ទឹងជ្រៅ (Chachoengsao), ខេត្តបស្ចិមបុរី (Prachin Buri) និងខេត្តនគរនាយក (Nakhon Nayok) អាចនឹងត្រូវទ្រាំរស់នៅក្នុងទឹកជំនន់រហូតដល់១ខែបន្ថែមទៀត ដោយសារតែបច្ចុប្បន្ន នៅមានបរិមាណទឹកជំនន់ដ៏មហាសាល រហូតដល់១,៧ពាន់លានម៉ែត្រគុប កំពុងកកស្ទះ និងមិនទាន់អាចរំដោះចេញបាននៅឡើយ។

អ្នកជំនាញផ្នែកបម្រែបម្រួលអាកាសធាតុ រួមជាមួយអាជ្ញាធរគ្រប់គ្រងធនធានទឹកថៃបានឱ្យដឹងថា ការរំដោះទឹកតាមទន្លេធម្មជាតិកំពុងជួបឧបសគ្គធ្ងន់ធ្ងរ ដោយសារតែបាតុភូតទឹកសមុទ្ទជោរក្នុងខែតុលា ខណៈទឹកសមុទ្ទស្រកចុះតែ២ដងប៉ុណ្ណោះក្នុង១ថ្ងៃ ដែលធ្វើឱ្យទឹកជំនន់មិនអាចហូរចេញបានលឿននោះឡើយ។ លើសពីនេះ នៅមានឧបសគ្គធម្មជាតិមួយទៀត គឺដីទួលក្រោមទឹក នៅចន្លោះរាជធានីបាងកក និងខេត្ត សមុទ្ទ ប្រាកាន (Samut Prakan) ដែលដើរតួដូចជារនាំងរារាំងលំហូរទឹកមិនឱ្យហូរបានលឿន។

ដើម្បីដោះស្រាយវិបត្តិនេះ អ្នកជំនាញបានអំពាវនាវឱ្យអាជ្ញាធរខេត្តពាក់ព័ន្ធ (រួមមានរាជធានីបាងកក ខេត្តសមុទ្ទ ប្រាកាន និងស្ទឹងជ្រៅ សហការគ្នាប្រើប្រាស់ម៉ាស៊ីនបូមទឹកធុនធ្ងន់ ដើម្បីជំរុញ និងបូមទឹកបញ្ចេញទៅសមុទ្ទ ជំនួសឱ្យការរង់ចាំការហូរស្រកតាមធម្មជាតិ។ មន្ត្រីការិយាល័យធនធានទឹកជាតិថៃបានប្រកាសថា តំបន់មួយចំនួនក្នុងខេត្តស្ទឹងជ្រៅ និងខេត្តបស្ចិមបុរី ត្រូវចំណាយពេលពី១០ទៅ៣០ថ្ងៃទៀត ទើបទឹកអាចស្រកអស់ទាំងស្រុង ប្រសិនបើគ្មានភ្លៀងធ្លាក់បន្ថែមទៀតទេនោះ៕







