
រាជធានីបាងកក៖ រាជធានីបាងកកនៃប្រទេសថៃ កំពុងឆ្ពោះទៅរកគ្រោះមហន្តរាយធម្មជាតិដ៏គួរឱ្យភ័យខ្លាច ដោយផ្ទៃដីប្រមាណ៣០ភាគរយ នៃរាជធានីទាំងមូល អាចនឹងលិចលង់ចូលទៅក្នុងសមុទ្ទជារៀងរហូតនៅត្រឹមឆ្នាំ២០៥០ ប្រសិនបើរាជរដ្ឋាភិបាលថៃ មិនប្រញាប់ប្រញាល់កែទម្រង់ប្រព័ន្ធគ្រប់គ្រងទឹក និងចាត់វិធានការទប់ទល់ការប្រែប្រួលអាកាសធាតុឱ្យបានទាន់ពេលវេលានោះទេ។

យោងតាមការគូសបញ្ជាក់ពីអ្នកជំនាញបរិស្ថាន និងសុខភាពសាធារណៈថៃ លោក សុន្ធិ ខូចឆាវ៉ាត់ (Sondhi Khotchawat) កាលពីថ្ងៃទី៧ ខែតុលា បានឱ្យដឹងថា រាជធានីបាងកកមានទម្រង់ដីដូចបាតខ្ទះ ហើយបច្ចុប្បន្ន ដីរាជធានីកំពុងស្រុតចុះពី១ទៅ២សង់ទីម៉ែត្រក្នុង១ឆ្នាំ ខណៈកម្ពស់ទឹកសមុទ្ទនៅឈូងសមុទ្ទថៃបានហក់ឡើងជាមធ្យម៤មិល្លីម៉ែត្រក្នុង១ឆ្នាំ។ នៅត្រឹមឆ្នាំ២០៥០ កម្ពស់ទឹកសមុទ្ទអាចនឹងកើនឡើងពី២០ទៅ៣០សង់ទីម៉ែត្រ ដែលនឹងលិចលង់ដីធ្លី១ភាគ៣ (ឬ៣០ភាគរយ) នៃរាជធានី និងបង្ខំឱ្យប្រជាជនថៃពី១១ទៅ១២លាននាក់ ត្រូវបោះបង់ផ្ទះសម្បែង និងភៀសខ្លួន។ ក្នុងនោះ ខណ្ឌឆ្នេរសមុទ្ទ បាង ឃុនធាង (Bang Khun Thian) ព្រមទាំងខេត្តជាប់ព្រំប្រទល់២ទៀត គឺ ខេត្ត សមុទ្ទប្រាកាន (Samut Prakan) និងខេត្ត សមុទ្ទ សាគរ (Samut Sakhon) នឹងក្លាយជាតំបន់ដំបូងគេដែលត្រូវទឹកសមុទ្ទលេបត្របាក់។

ដើម្បីសង្គ្រោះទីក្រុងពីការលិចលង់ទាំងស្រុង អ្នកជំនាញបានស្នើឱ្យរាជរដ្ឋាភិបាលថៃអនុវត្តកញ្ចប់វិធានការបច្ចេកវិទ្យាធំៗ រួមមាន៖ ការសាងសង់កំពែងការពារទឹកសមុទ្ទ ទ្វារទឹកទប់រលកសមុទ្ទ រូងក្រោមដីធំៗសម្រាប់រំដោះទឹក បង្កើនតំបន់ព្រៃកោងកាង ការរឹតបន្តឹងការបូមទឹកក្រោមដី និងការប្រើប្រាស់បច្ចេកវិទ្យា AI សម្រាប់ប្រព័ន្ធព្រមានមុន។ ទន្ទឹមនឹងនេះ ចំពោះស្ថានភាពទឹកជំនន់បច្ចុប្បន្ន មជ្ឈមណ្ឌលព្រមានគ្រោះមហន្តរាយជាតិថៃ បានបញ្ជាក់ថា រាជធានីបាងកក មិនទាន់ប្រឈមមុខនឹងជំនន់ទឹកភ្លៀងធំពីភាគខាងជើងភ្លាមៗនៅឡើយទេ ប៉ុន្តែសម្ពាធនៃការរំដោះទឹកកំពុងកើនឡើងខ្លាំងនៅអាងទន្លេ បាង ផាកុង (Bang Pakong) និងខេត្ត ពេជ្របុរី (Phetchaburi) ដែលក្នុងនោះអាងស្តុកទឹក ខែង ក្រាចាន់ (Kaeng Krachan) បានហក់ឡើងលើសសមត្ថភាពផ្ទុករហូតដល់១០២ភាគរយទៅហើយ៕







