កម្ពុជា-អាស៊ែបៃហ្សង់ ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម សេដ្ឋកិច្ច និងការទូត
អ
អុន សម្ផស្ស
•
7 ម៉ោងមុន

អាស៊ែបៃហ្សង់៖ កម្ពុជា និងអាស៊ែបៃហ្សង់ ចុះអនុស្សរណៈនៃការយោគយល់គ្នាចំនួន២ នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៦។ មេដឹកនាំកម្ពុជា សម្តេចធិបតីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងលោក Ilham Aliyev ប្រធានាធិបតីនៃសាធារណរដ្ឋអាស៊ែបៃហ្សង់ បានអញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈនៃការយោគយល់គ្នានេះ..។

ឯកសារអនុស្សរណៈនៃការយោគយល់គ្នាទាំង២ រួមមាន៖ ទី១.អនុស្សរណៈនៃការយោគយល់គ្នា ស្ដីពីកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងសេដ្ឋកិច្ច រវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋអាស៊ែបៃហ្សង់។ ទី២.អនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការ រវាង វិទ្យាស្ថានជាតិការទូត និងទំនាក់ទំនងអន្តរជាតិ នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា និង សាកលវិទ្យាល័យ ADA ដែល ចំណុះឱ្យ ក្រសួងការបរទេសនៃ សាធារណរដ្ឋអាស៊ែបៃហ្សង់។ អនុស្សរណៈនៃការយោគយល់គ្នាទាំង២ ធ្វើឡើងក្នុងកំលុងពេលដែលមេដឹកនាំកម្ពុជា ដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលទៅបំពេញទស្សនកិច្ច នៅសាធារណរដ្ឋអាស៊ែបៃហ្សង់ សាធារណរដ្ឋតួកគីយ៉េ និងសាធារណរដ្ឋកាហ្សាក់ស្ថាន ព្រមទាំង កិច្ចប្រជុំកំពូលលើកទី៧ នៃសន្និសីទស្តីពីអន្តរសកម្មភាព​ និងវិធានការកសាងទំនុកចិត្តនៅអាស៊ី (CICA)។

ការផ្លាស់ប្ដូរឯកសារអនុស្សរណៈទាំងនេះ បង្ហាញពីកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា និងអាស៊ែបៃហ្សង់ ក្នុងការពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី ជាពិសេសក្នុងវិស័យពាណិជ្ជកម្ម សេដ្ឋកិច្ច ការទូត និងការបណ្ដុះបណ្ដាលធនធានមនុស្ស ដើម្បីរួមចំណែកពង្រឹងទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត