
អន្តរប្រទេស៖ ដោយមានការរៀបចំពីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ, ស្ថានទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ, ស្ថានទូតកម្ពុជាប្រចាំប្រទេសជប៉ុន និងក្រុមការងារពាក់ព័ន្ធ បងប្អូនសហគមន៍ខ្មែរ និស្សិត និងពលករខ្មែរដែលកំពុងស្នាក់នៅ និងធ្វើការនៅសាធារណរដ្ឋកូរ៉េ និងប្រទេសជប៉ុនសរុបប្រមាណ៣៨០០នាក់ បានជួបជុំប្រារព្ធនិងអបអរពិធីបុណ្យភ្ជុំបិណ្ឌ ដែលជាបុណ្យប្រពៃណីជាតិខ្មែរ ពោរពេញដោយទឹកមុខសប្បាយរីករាយ និងជ្រះថ្លា។ នេះបើតាមការឱ្យដឹងពីក្រសួងការងារ នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៦។

ពិធីបុណ្យភ្ជុំបិណ្ឌ ឆ្នាំ២០២៦ ត្រូវបានរៀបចំឡើងនៅទីតាំងចំនួន៦ គឺនៅតំបន់ហ្វាសង់ និងតំបន់ក្វាងជូធំ នៃសាធារណរដ្ឋកូរ៉េ និងខេត្តហ៊ីរ៉ូស៊ីម៉ា ខេត្តកាណាហ្គាវ៉ា និងខេត្តអាយឈិ នៃប្រទេសជប៉ុន។ កម្មវិធីនេះបានរៀបចំឱ្យមានកម្មវិធីសូត្រមន្ត ប្រគេនចង្ហាន់ព្រះសង្ឃទៅតាមប្រពៃណីទំនៀមទម្លាប់ខ្មែរ ក្នុងគោលបំណងឧទ្ទិសកុសលផលបុណ្យជូនដល់បុព្វការីជន រួមទាំងវីរកងទ័ពកម្ពុជាដែលបានពលីក្នុងបុព្វហេតុការណ៍ពារអធិបតេយ្យភាពប្រទេសកម្ពុជា និងអ្នកដែលបានចែកឋានទៅ។ការរៀបចំពិធីបុណ្យភ្ជុំបិណ្ឌដែលជាបុណ្យប្រពៃណីជាតិខ្មែរ លើទឹកដីនៃសាធារណរដ្ឋកូរ៉េ និងប្រទេសជប៉ុន គឺជាការថែរក្សាប្រពៃណី និងវប្បធម៌ជាតិ និងបានផ្តល់ឱកាសសម្រាប់បងប្អូនសហគមន៍ និងពលករខ្មែរដែលកំពុងស្នាក់នៅ និងធ្វើការនៅសាធារណរដ្ឋកូរ៉េ និងប្រទេសជប៉ុនបានជួបជុំគ្នាប្រកបដោយភាពកក់ក្ដៅ និងពង្រឹងសាមគ្គីភាពឱ្យបានកាន់តែជិតស្និទ្ធ។

សូមជម្រាបថា នៅក្នុងឆ្នាំ២០២៦នេះ ក្រសួងការងារបានសហការរៀបចំកម្មវិធីបុណ្យភ្ជុំបិណ្ឌសរុបចំនួន៩ទីតាំងនៅសាធារណរដ្ឋកូរ៉េ និងចំនួន៧ទីតាំងនៅប្រទេសជប៉ុន ដែលមានអ្នកចូលរួមសរុបប្រមាណ១ម៉ឺន៥ពាន់នាក់៕




