អាជ្ញាធរកម្ពុជា ចាប់ខ្លួនជនបរទេស២នាក់លាក់«កញ្ឆាក្រៀម»ក្នុងវ៉ាលីនាំចេញតាមផ្លូវអាកាស
អ
អុន សម្ផស្ស
•
10 ម៉ោងមុន

រាជធានីភ្នំពេញ៖ ជនបរទេសចំនួន២នាក់ត្រូវ មន្ត្រីគយកម្ពុជាឃាត់ខ្លួនភ្លាមៗនៅអាកាសយានដ្ឋានអន្តរជាតិតេជោ ក្រោយពីនិត្យឃើញលួចនាំរុក្ខជាតិក្រៀមសង្ស័យជាកញ្ឆា សរុបចំនួន ៨៥ដុំលាក់បង្កប់ក្នុងវ៉ាលីសម្លៀកបំពាក់...។ 

អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ប្រកាសព័ត៌មាននៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៦នេះថា កាលពីថ្ងៃទី៥តុលា មន្ត្រីគយបានត្រួតពិនិត្យអ្នកដំណើរបរទេសចំនួន ២នាក់ ក្នុងករណីពីរផ្សេងគ្នា នៅស្ថានីយអ្នកដំណើរចេញ នៃអាកាសយានដ្ឋានអន្តរជាតិតេជោ ដោយរកឃើញរុក្ខជាតិក្រៀមសង្ស័យជាកញ្ឆាសរុបចំនួន ៨៥ដុំ មានទម្ងន់ប្រមាណ ៤៨,១៦គីឡូក្រាម។ ករណីនេះត្រូវបានរកឃើញក្នុងប្រតិបត្តិការត្រួតពិនិត្យចំនួនពីរដាច់ដោយឡែកពីគ្នា។ ដោយករណីទី១៖ នៅវេលាម៉ោង ៨:៣៥ នាទីព្រឹក ក្រុមការងារបានត្រួតពិនិត្យអ្នកដំណើរបរទេសម្នាក់ និងរកឃើញកញ្ឆាក្រៀមសង្ស័យចំនួន ៤៦ដុំ ត្រូវបានលាក់បង្កប់ក្នុងវ៉ាលីសម្លៀកបំពាក់។ ចំណែកករណីទី២៖ នៅវេលាម៉ោង ៨:០៥នាទីយប់ ក្រុមការងារបានត្រួតពិនិត្យអ្នកដំណើរបរទេសម្នាក់ទៀត និងរកឃើញកញ្ឆាក្រៀមសង្ស័យចំនួន ៣៩ដុំ ដែលត្រូវបានលាក់បង្កប់ក្នុងវ៉ាលីសម្លៀកបំពាក់ដូចគ្នា។ 

ក្រោយបញ្ចប់នីតិវិធីបឋម និងរៀបចំកំណត់ហេតុស្តីពីបទល្មើសច្បាប់គយរួចរាល់ ក្រុមការងារបានប្រគល់ជនសង្ស័យ វត្ថុតាង និងសម្ភារពាក់ព័ន្ធ ជូនអង្គភាពនគរបាលប្រឆាំងគ្រឿងញៀន ដើម្បីគ្រប់គ្រង ថែរក្សា និងចាត់ការបន្តតាមនីតិវិធីច្បាប់ជាធរមាន។ ករណីនេះបង្ហាញពីកិច្ចសហការរវាងមន្ត្រីគយនិងរដ្ឋាករ និងមន្ត្រីនគរបាលអន្តោប្រវេសន៍ ក្នុងការត្រួតពិនិត្យ និងទប់ស្កាត់ការដឹកជញ្ជូនសារធាតុសង្ស័យជាគ្រឿងញៀនឆ្លងកាត់ច្រកអាកាសអន្តរជាតិ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត