
រាជធានីភ្នំពេញ៖ បរិមាណសំរាមដែលប្រមូលយកទៅទុកដាក់នៅទីលានសំរាមក្នុងរាជធានីភ្នំពេញ ក្នុងរយៈពេល១៥ថ្ងៃនៃពិធីបុណ្យភ្ជុំបិណ្ឌឆ្នាំ២០២៦ មានចំនួនជាង ៥៥ពាន់តោន ថយចុះ ៩,៩៣ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៥។ ក្រសួងបរិស្ថានចាត់ទុកការថយចុះនេះ ជាសញ្ញាវិជ្ជមាននៃការកើនឡើងនូវការយល់ដឹង និងការចូលរួមរបស់ប្រជាពលរដ្ឋក្នុងការគ្រប់គ្រងសំរាម និងថែរក្សាអនាម័យបរិស្ថាន...។

លោក ខ្វៃ អាទិត្យា អ្នកនាំពាក្យក្រសួងបរិស្ថាន បានលើកឡើងថា ការថយចុះបរិមាណសំរាមនេះមានសារសំខាន់ ព្រោះជាទូទៅក្នុងរដូវបុណ្យភ្ជុំបិណ្ឌ ប្រជាពលរដ្ឋមានតម្រូវការទិញសម្ភារប្រើប្រាស់ និងរៀបចំម្ហូបអាហារច្រើនជាងថ្ងៃធម្មតា។ ទោះជាយ៉ាងណា បរិមាណសំរាមដែលបញ្ចេញទៅទីលានបែរជាថយចុះ ដែលបង្ហាញពីការកើនឡើងនៃការយល់ដឹងក្នុងការគ្រប់គ្រងសំរាម សំណល់ប្លាស្ទិក និងការថែរក្សាអនាម័យនៅតាមវត្តអារាម និងសហគមន៍។ អ្នកនាំពាក្យរូបនេះ បន្ថែមថា ប្រជាពលរដ្ឋកំពុងបង្កើតទម្លាប់ស្រឡាញ់ភាពស្អាតបណ្តើរៗ ដោយកាត់បន្ថយការបោះចោលសំរាម និងថង់ប្លាស្ទិកផ្តេសផ្តាសនៅក្នុងបរិវេណវត្តអារាម។ ជាមួយគ្នានេះ វត្តអារាមភាគច្រើនក៏មានការរៀបចំសណ្តាប់ធ្នាប់បានល្អ ដោយមានធុងសំរាម និងកន្លែងទុកដាក់សំរាមសមរម្យ ដែលបង្ហាញពីការចូលរួមយ៉ាងសកម្មរបស់ព្រះសង្ឃ គណៈកម្មការវត្ត និងពុទ្ធបរិស័ទ។ លោកបានសង្កត់ធ្ងន់ថា ការគ្រប់គ្រង និងទុកដាក់សំរាមឱ្យបានត្រឹមត្រូវក្នុងរដូវបុណ្យទាន គឺជាការទទួលខុសត្រូវរួមរបស់អាជ្ញាធរ និងប្រជាពលរដ្ឋ។ ការចូលរួមពីគ្រប់ភាគីនឹងជួយបង្កើតវប្បធម៌រស់នៅស្អាត និងរួមចំណែកលើកកម្ពស់សោភ័ណភាព និងមុខមាត់សង្គមជាតិ។

ក្រសួងបរិស្ថានតែងជំរុញការញែកសំរាមឱ្យបានត្រឹមត្រូវ ដោយបែងចែកជាសំណល់សរីរាង្គ សំណល់ប្លាស្ទិក និងសំណល់គ្រោះថ្នាក់ ដើម្បីកាត់បន្ថយបរិមាណសំរាមដែលត្រូវដឹកយកទៅទីលាន។ ក្រសួងមានផែនការកែលម្អ និងសាងសង់ទីលានទុកដាក់សំរាមឱ្យទៅជាទីលានបច្ចេកទេស ព្រមទាំងបន្តជំរុញយុទ្ធនាការកាត់បន្ថយសំណល់ប្លាស្ទិក ដូចជា «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» និង «កម្ពុជាស្អាត ខ្មែរធ្វើបាន» ដើម្បីកាត់បន្ថយសំណល់ប្លាស្ទិកតាំងពីប្រភពដើម។ ក្រសួងក៏អំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ឱ្យបន្តកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក និងទុកដាក់សំរាមក្នុងធុងឱ្យបានត្រឹមត្រូវ៕




