កិច្ចប្រជុំលើកទី២ រវាងគណៈកម្មការផ្សះផ្សា UNCLOS កម្ពុជា-ថៃ នឹងប្រព្រឹត្តទៅនៅទីក្រុងឡាអេ ប្រទេសហូឡង់
អ
អុន សម្ផស្ស
•
14 ម៉ោងមុន

រដ្ឋធានីអាំស្ទែដាំ៖ គណៈកម្មការផ្សះផ្សា ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្ទ (UNCLOS) នឹងរៀបចំកិច្ចប្រជុំលើកទី២ រវាងកម្ពុជា និងថៃ នៅទីក្រុងឡាអេ ប្រទេសហូឡង់ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៦។ រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានដឹកនាំគណៈប្រតិភូមន្ត្រីជំនាញច្បាប់ ចាកចេញពីប្រទេសកម្ពុជា នៅល្ងាចថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៦..។

រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក នេត្រ ភក្ត្រា ប្រកាសថា កិច្ចប្រជុំលើកទី២នេះ ធ្វើឡើងបន្ទាប់ពីកិច្ចប្រជុំលើកទី១ ដែលបានប្រព្រឹត្តទៅកាលពីខែកញ្ញា ឆ្នាំ២០២៦ នៅប្រទេសសិង្ហបុរី។ កិច្ចប្រជុំលើកទី១នេះ ភាគីកម្ពុជា ដឹកនាំដោយ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ក្នុងតួនាទីជាភ្នាក់ងារតំណាងកម្ពុជា។ ចំណែកភាគីថៃ ដឹកនាំដោយ លោក សីហស័ក្តិ ភួងកេតកែវ រដ្ឋមន្ត្រីការបរទេសថៃ។ កិច្ចប្រជុំនេះ នឹងប្រព្រឹត្តទៅនៅវិមានសន្តិភាព (Peace Palace) ដែលជាទីស្នាក់ការកណ្តាលរបស់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) និងជាទីតាំងរបស់តុលាការមជ្ឈត្តការអចិន្ត្រៃយ៍ (PCA)។ ទីតាំងនេះ ជាកន្លែងសំខាន់មួយសម្រាប់ស្ថាប័នអន្តរជាតិដែលពាក់ព័ន្ធនឹងការដោះស្រាយវិវាទតាមច្បាប់អន្តរជាតិ។

ការរៀបចំកិច្ចប្រជុំបន្តនេះ គឺជាផ្នែកមួយនៃដំណើរការផ្សះផ្សាក្រោមក្របខ័ណ្ឌ UNCLOS ដែលជាអនុសញ្ញាអន្តរជាតិកំណត់ក្របខ័ណ្ឌច្បាប់សម្រាប់សកម្មភាព និងទំនាក់ទំនងនានានៅសមុទ្ទ។ ដំណើរការផ្សះផ្សាមានគោលបំណងជួយភាគីពាក់ព័ន្ធស្វែងរកការយល់គ្នា និងដំណោះស្រាយចំពោះបញ្ហាវិវាទ តាមរយៈយន្តការដែលមានចែងក្នុងអនុសញ្ញា។ កិច្ចប្រជុំនេះ ត្រូវបានតាមដានយ៉ាងយកចិត្តទុកដាក់ ដោយសារតែវាពាក់ព័ន្ធនឹងការប្រើប្រាស់យន្តការផ្សះផ្សាអន្តរជាតិ ដើម្បីដោះស្រាយបញ្ហារវាងកម្ពុជា និងថៃ ស្របតាមគោលការណ៍ និងនីតិវិធីដែលមានចែងក្នុងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្ទ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត