
រដ្ឋធានីញូដេលី៖ ប្រទេសឥណ្ឌា និងប៉ាគីស្ថាន បានកោះហៅទូតជាន់ខ្ពស់របស់ភាគីទាំងពីរទៅជួបជាបន្ទាន់ ជុំវិញហេតុការណ៍បាញ់ប្រហារគ្នានៅតាមព្រំដែន បន្ទាប់ពីប៉ាគីស្ថាន ចោទឥណ្ឌាថា បានសម្លាប់ប្រជាជនស៊ីវិលគ្មានអាវុធ២នាក់ ខណៈភាគីឥណ្ឌាច្រានចោលការចោទប្រកាន់នេះ ដោយបញ្ជាក់ថា ពួកគេជាក្រុមរត់ពន្ធថ្នាំញៀនឆ្លងដែនខុសច្បាប់...។

ក្រសួងការបរទេសប៉ាគីស្ថាន អះអាងថា កងកម្លាំងការពារព្រំដែនឥណ្ឌា បានបើកការបាញ់ប្រហារលើប្រជាជនស៊ីវិលគ្មានអាវុធ២នាក់នៅក្នុងតំបន់ Bedian ដោយគ្មានការតតាំង និងបានទាមទារឱ្យមានការស៊ើបអង្កេតដោយឯករាជ្យ។ ផ្ទុយទៅវិញ ក្រសួងការបរទេសឥណ្ឌា បានច្រានចោលការចោទប្រកាន់នេះ ដោយបញ្ជាក់ថា មនុស្ស៣នាក់បានលួចឆ្លងដែនខុសច្បាប់ចូលក្នុងទឹកដីឥណ្ឌា ហើយទោះជាមានការព្រមានឱ្យត្រឡប់ទៅវិញជាច្រើនដងក៏ដោយ ក៏ពួកគេនៅតែបន្តដើរសំដៅមកមុខ បង្ខំឱ្យកងកម្លាំងឥណ្ឌាបាញ់ទប់ស្កាត់ដើម្បីការពារសន្តិសុខ។

ឥណ្ឌាបានសង្កត់ធ្ងន់ថា ហេតុការណ៍នេះ គឺជាសកម្មភាពរបស់ក្រុមបណ្តាញរត់ពន្ធថ្នាំញៀនមានអាវុធ ដែលប្រព្រឹត្តសកម្មភាពចេញពីទឹកដីប៉ាគីស្ថាន ហើយបានទាមទារឱ្យរដ្ឋធានីអ៊ីស្លាម៉ាបាដ ត្រួតពិនិត្យ និងទប់ស្កាត់ការឆ្លងដែនខុសច្បាប់នេះឱ្យបានម៉ឺងម៉ាត់។ គួរបញ្ជាក់ថា ទំនាក់ទំនងរវាងមហាអំណាចនុយក្លេអ៊ែរទាំងពីរនេះ បានធ្លាក់ចុះយ៉ាងដុនដាប ចាប់តាំងពីសង្គ្រាមរយៈពេល៤ថ្ងៃកាលពីឆ្នាំ២០២៥ និងការវាយប្រហារដោយក្រុមសកម្មប្រយុទ្ធលើអ្នកទេសចរនៅតំបន់ Kashmir ដែលបានសម្លាប់មនុស្ស២៦នាក់៕



