
រាជធានីភ្នំពេញ៖ ដើម្បីឱ្យពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី៣០កញ្ញា ដល់ថ្ងៃទី១៤តុលា ឆ្នាំ២០២៣ ប្រកបដោយសុខុមាលភាព ក្រសួងសុខាភិបាល បានអំពាវនាវ និងក្រើនរំលឹកដល់ពលរដ្ឋគ្រប់រូប ត្រូវបន្តការប្រុងប្រយ័ត្នផ្ទាល់ខ្លួនប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។ ដោយអនុវត្តនូវវិធានការនានា ដើម្បីការពារសុខភាពផ្ទាល់ខ្លួន គ្រួសារ និងសហគមន៍ ពីការចម្លងជំងឺផ្សេងៗ ដូចជាបង្ការការចម្លងជំងឺផ្លូវដង្ហើម ផ្តាសាយ ជំងឺកូវីដ-១៩ សុវត្ថិភាពពេលធ្វើដំណើរ និងការបង្ការសុខភាពបណ្តាលមកពីការពុលចំណីអាហារ ឬពុលស្រា…។

ជាមួយគ្នានេះ ក្រសួងបានដាក់ចេញនូវវិធានមួយចំនួនរួមមាន៖ ការបង្ការការចម្លងជំងឺផ្លូវដង្ហើម ជំងឺផ្ដាសាយ ជំងឺកូវីដ-១៩ និងជំងឺឆ្លងផ្សេងៗ ពលរដ្ឋត្រូវជ្រើសរើសការជួបជុំគ្រួសារ សាច់ញាតិ មិត្តភក្ដិ ដោយប្រុងប្រយ័ត្នខ្ពស់ ពីកត្តាហានិភ័យក្នុងការចម្លងវីរុសកូវីដ-១៩ ឬមេរោគផ្សេងៗ។ មិនត្រូវក្អក កណ្តាស ខាកស្ដោះពាសកាល ដោយមិនមានការពារ ធ្វើឱ្យប៉ះពាល់ដល់អ្នកដទៃ។ ចៀសវាងប្រជ្រៀតគ្នា នៅពេលទិញម្ហូបអាហារ ទិញសាច់ ឬបក្សីរស់ ឬចូលទៅកន្លែងចិញ្ចឹមសត្វ (បើគ្មានភារកិច្ច) ឬប៉ះពាល់ផ្ទាល់ជាមួយសត្វនៅតាមកសិដ្ឋានចិញ្ចឹម និងទីផ្សារបក្សីរស់ ឬចូលកន្លែងសត្តឃាត។ ចៀសវាងការធ្វើដំណើរ ប្រសិនបើមានអាការៈក្ដៅខ្លួន ក្អក ឬពិបាកដកដង្ហើម ឬមានបញ្ហាសុខភាព។ ពលរដ្ឋត្រូវត្រៀម លក្ខណៈទុកជាមុនពីចម្ងាយ ចៀសវាងការកកស្ទះ ឬការកកកុញមនុស្សច្រើនពេកនៅតាមទីផ្សារ ក្នុងថ្ងៃតែមួយ។ ករណីមានរោគសញ្ញាក្ដៅខ្លួនខ្លាំងភ្លាមៗ លើសពី៣៨អង្សាសេ ត្រូវប្រញាប់នាំអ្នកជំងឺទៅពិនិត្យ និងព្យាបាល នៅតាមមូលដ្ឋានសុខាភិបាលសាធារណៈ ជាបន្ទាន់ (មិនឱ្យយឺតជាង៧២ម៉ោង បន្ទាប់ពីក្ដៅខ្លួន) ហើយសូមកុំសាកល្បងព្យាបាលអ្នកជំងឺគ្រុនក្ដៅខ្លាំងភ្លាមៗ ដោយខ្លួនឯង ឬពន្យារពេលតាមដានព្យាបាលជំងឺនៅក្នុងសេវាឯកជន ដែលគ្មានសមត្ថភាព ផ្នែកជំងឺគ្រុនឈាមនេះឱ្យសោះ។

បន្ថែមលើនេះ ក្រសួងក៏បានជំរុញឱ្យពលរដ្ឋប្រុងប្រយ័ត្ន និងបង្ការហានិភ័យនៃការពុលចំណីអាហារ និងពុលស្រា ដោយពលរដ្ឋត្រូវប្រកាន់ខ្ជាប់នូវការអនុវត្តអនាម័យ ដោយត្រូវចម្អិនម្ហូបអាហារឱ្យបានត្រឹមត្រូវហើយដាច់ខាតមិនត្រូវទិញ ឬបរិភោគស្រា-ស ដែលមិនមានប្រភពផលិតច្បាស់លាស់ ដែលមិនគោរពតាមបទដ្ឋានបច្ចេកទេសត្រឹមត្រូវ ឬយកមេតាណុលមកលាយធ្វើជាស្រា-ស ដែលបង្កឱ្យមានការពុល រហូតដល់បាត់បង់អាយុជីវិត។ សម្រាប់ការធ្វើដំណើរ ពលរដ្ឋត្រូវជ្រើសរើសមធ្យោបាយធ្វើដំណើរមានសុវត្ថិភាព គោរពច្បាប់ចរាចរណ៍រាល់ពេលបើកបរ ចៀសវាងការសេពគ្រឿងស្រវឹងនៅពេលបើកបរ។ ចៀសវាងមធ្យោបាយធ្វើដំណើរ ដែលមានផ្ទុកមនុស្សច្រើនហួសហេតុ និងដាច់ខាតមិនត្រូវសេពគ្រឿងញៀន ដែលធ្វើឱ្យប៉ះពាល់ដល់សុខភាពធ្ងន់ធ្ងរ និងអាចឈានទៅរកសេចក្ដីស្លាប់។

ទន្ទឹមនឹងនោះ ក្រសួងក៏បានឱ្យអាជ្ញាធរតាមមូលដ្ឋាន ត្រូវចាត់តាំងកម្លាំងគ្រប់គ្រង ឃ្លាំមើល និងធ្វើការណែនាំ ការអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការសុវត្ថិភាពចំណីអាហារនៅតាមទីតាំងនានា និងត្រូវមានការចាត់ចែង រៀបចំទុកដាក់ម្ហូបអាហារឱ្យបានល្អនៅតាមទីវត្តអារាម (កុំច្របូកច្របល់គ្នា) ចៀសវាងការពុលចំណីអាហារ ឬជំងឺបណ្តាលមកពីអាហារមិនមានសុវត្ថិភាពត្រូវ។ ធ្វើការត្រួតពិនិត្យ ទីតាំងបិត ឬផលិតស្រា-ស ស្ថិតនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ហើយអ្នករៀបចំ ឬអ្នកផលិតស្រា-ស ត្រូវធានា នូវការអនុវត្តតាមក្បួនបច្ចេកទេសត្រឹមត្រូវ ដោយមិនយកសារធាតុមេតាណុល មកលាយធ្វើជាស្រា-ស ដែលអាចបង្កគ្រោះថ្នាក់ដល់អាយុជីវិតអ្នកផឹក។

គួរដឹងដែរថា កាលពីកំលុងឆ្នាំ២០២១ ពិធីកាន់បិណ្ ឌនិងភ្ជុំបិណ្ឌ ត្រូវផ្អាកចាប់ពីបិណ្ឌទី៤ ក្រោយមានករណីឆ្លងកូវីដ-១៩ តាមវត្តអារាម។ ការសម្រេចនេះ ធ្វើឡើងដោយហេតុក្នុងអំឡុងពិធីកាន់បិណ្ឌនាពេលនោះ មានការរកឃើញការឆ្លងរាលដាលជំងឺកូវីដ-១៩ ជាបន្តបន្ទាប់ ហើយសម្រាប់រាជធានីភ្នំពេញ មានដូចជាវត្តនាគវ័ន្ត និងវត្តចំពុះក្អែក។ ការឆ្លងតាមវត្តអារាមនេះបានធ្វើឱ្យករណីឆ្លងកូវីដ-១៩ថ្មី នៅថ្ងៃនោះហក់ឡើងដល់ជាង៨០០នាក់ក្នុងមួយថ្ងៃផងដែរ៕






