
រាជធានីភ្នំពេញ៖ ពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌបានចូលមកដល់ ក្រសួងសុខាភិបាល បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវថែរក្សាអនាម័យឱ្យបានខ្ជាប់ខ្ជួន និងកុំពិសាស្រាដែលយកមេតាណុលមកលាយ ព្រោះអាចប៉ះពាល់ដល់អាយុជីវិត…។

ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី៨កញ្ញានេះ បានបញ្ជាក់ថា ដើម្បីឱ្យពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ប្រព្រឹត្តទៅប្រកបដោយសុខុមាលភាព ប្រជាពលរដ្ឋគ្រប់រូបត្រូវប្រកាន់ខ្ជាប់អនាម័យល្អ និងបរិភោគចំណីអាហារមានសុវត្ថិភាព ហើយត្រូវលាងសម្អាតដៃមុនចាប់កាន់ចំណីអាហារ ជាពិសេសបន្ទាប់ពីបានប៉ះពាល់សត្វ ឬវត្ថុផ្សេងៗ ដែលអាចជាប្រភពចម្លងរោគ។ ត្រូវចម្អិនម្ហូបអាហារឱ្យបានឆ្អិនល្អ ហើយកុំទទួលទានពងមាន់ ឬពងទាជ័រព្នៅ និងត្រូវប្រើប្រាស់ទឹកស្អាត ក៏ដូចជាវត្ថុធាតុដើមដែលល្អ កុំប្រើប្រាស់សារធាតុគីមីបន្ថែម ឬចំណីអាហារហួសកាលកំណត់ប្រើប្រាស់។

ដោយឡែក ចំពោះអ្នកផលិតស្រា និងអ្នកលក់ដូរ សូមកុំប្រើប្រាស់មេតាណុលមកផលិតស្រាស និងស្រាថ្នាំ ព្រោះមេតាណុលមិនមែនជាមេស្រាទេ វាអាចបង្កគ្រោះថ្នាក់ខ្លាំងរហូតដល់បាត់បង់ជីវិត។ សម្រាប់អាជ្ញាធរពាក់ព័ន្ធ ត្រូវណែនាំការអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការសុវត្ថិភាពចំណីអាហារនៅតាមទីតាំងនានា និងការរៀបចំទុកដាក់ម្ហូបអាហារឱ្យបានល្អ មានអនាម័យនៅតាមទីវត្តអារាម ចៀសវាងការពុលចំណីអាហារ ឬមានជំងឺបណ្ដាលមកពីអាហារមិនមានសុវត្ថិភាព។ អាជ្ញាធរទាំងអស់ ក៏មានតួនាទីជួបទប់ស្កាត់ការលក់ស្រាបិត ឬស្រាលាយ ដែលគ្មានបច្ចេកទេសត្រឹមត្រូវផងដែរ។

ជាងនេះទៅទៀត ជំងឺផ្លូវដង្ហើម ជំងឺផ្តាសាយ ជំងឺផ្តាសាយបក្សី ជំងឺកូវីដ-១៩ និងជំងឺឆ្លងផ្សេងៗនៅតែមានឱកាសកើតឡើងគ្រប់ពេល ដូច្នេះបងប្អូនប្រជាពលរដ្ឋបន្តរក្សាអនាម័យដោយត្រូវខ្ទប់មាត់ ពាក់ម៉ាស ឬប្រើកន្សែងដៃ ឬប្រើផ្នត់កែងដៃ រាល់ពេលក្អក និងកណ្ដាស់ ហើយមិនត្រូវខាកស្ដោះ ឬបន្ទោរបង់ពាសវាលពាសកាលឡើយ។ បងប្អូនប្រជាពលរដ្ឋទាំងអស់ មិនគួរប៉ះពាល់ ឬទទួលទានមាន់ទាឈឺ ឬងាប់ឡើយ ហើយបើក្នុងករណីមានរោគសញ្ញា ក្ដៅខ្លួនខ្លាំងភ្លាមៗ លើសពី៣៨អង្សាសេ ត្រូវប្រញាប់ទៅមន្ទីរពេទ្យដែលនៅជិតបំផុត៕



