រដ្ឋបញ្ចេញរថយន្ត៦៥៣គ្រឿង ដឹកពលរដ្ឋទៅ-មកស្រុកកំណើតឥតគិតថ្លៃក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ
អ
អុន សម្ផស្ស
•
18 កញ្ញា 2024 12:30 PM

រាជធានីភ្នំពេញ៖ តបតាមការណែនាំរបស់សម្តេចនាយករដ្ឋមន្ត្រី រដ្ឋបាលរាជធានីភ្នំពេញ នឹងរៀបចំ​រថយន្តក្រុង​ចំនួន​៦៥៣គ្រឿង សម្រាប់​ដឹកជញ្ជូន​ប្រជាពលរដ្ឋ​ធ្វើដំណើរ​ទៅ-​មកស្រុកកំណើតដោយ​ឥតគិតថ្លៃ រយៈពេល៥ថ្ងៃក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ។ នេះ​បើតាម​សេចក្ដីជូនដំណឹង​របស់សាលា​រាជធានី​ភ្នំពេញ នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤..។

ការដាក់ឱ្យដំណើរការរថយន្តក្រុងសម្រាប់ពលរដ្ឋជិះដោយឥតបង់ប្រាក់នេះ ត្រូវបានរដ្ឋបាលរាជធានីភ្នំពេញ អនុវត្តតាមប្រសាសន៍របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ថ្លែងកាលពីថ្ងៃទី១៦កញ្ញា ឆ្នាំ២០២៤។ ដ្បិតការដាក់រថយន្តក្រុមនេះ ជាចំណែកមួយជួយសម្រួលដល់ការចំណាយជូនបងប្អូនកម្មករ-កម្មារិនី និយោជិត និងប្រជាពលរដ្ឋក្នុងការធ្វើដំណើរទៅលេងស្រុកកំណើត ជួបជុំបងប្អូនក្រុមគ្រួសារ ជាពិសេស ទៅលេងកម្សាន្តនៅតាមបណ្តាខេត្តភាគឦសាន ក្នុងឱកាសនៃពិធីបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរ។

រដ្ឋបាលរាជធានីភ្នំពេញបញ្ជាក់យ៉ាងដូច្នេះថា៖«រថយន្តក្រុង ចំនួន៦៥៣គ្រឿងសម្រាប់បម្រើសេវាដឹកជញ្ជូនសាធារណៈ មានរយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី៣០ ខែកញ្ញា ដល់ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៤ [ជិះដោយមិនបង់ប្រាក់]»។ ចំពោះសេវាកម្មដឹកជញ្ជូនប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញ នឹងប្រើប្រាស់រថយន្តក្រុងចំនួន១០០គ្រឿង។ ដោយឡែក សម្រាប់សេវាដឹកជញ្ជូនប្រជាពលរដ្ឋ ដែលនឹងធ្វើដំណើរពីរាជធានីភ្នំពេញទៅតាមបណ្តាខេត្ត និងពីបណ្តាខេត្តត្រលប់មករាជធានីភ្នំពេញវិញ នឹងប្រើប្រាស់រថយន្តក្រុងចំនួន៤៩៧គ្រឿង មានគោលដៅ និងទីតាំងផ្សេងៗគ្នា។

បន្ថែមពីលើការជូនដំណឹងនេះ រដ្ឋបាលរាជធានីភ្នំពេញ ក៏បានអំពាវនាវដល់ម្ចាស់ក្រុមហ៊ុន និងម្ចាស់រថយន្តដឹកជញ្ជូនអ្នកដំណើរទាំងអស់ ត្រូវរក្សាតម្លៃដឹកជញ្ជូននៅដដែលដោយមិនត្រូវដំឡើងថ្លៃក្នុងឱកាសបុណ្យភ្ជុំបិណ្ឌខាងមុខនេះទេ គឺដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាល និងរដ្ឋបាលរាជធានីភ្នំពេញ ក្នុងការជួយសម្រួលដល់ជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ។ សូមជម្រាបថា ពិធីបុណ្យភ្ជុំបិណ្ឌក្នុងឆ្នាំ២០២៤ នឹងប្រារព្ធឡើងនៅថ្ងៃទី០១-០២-០៣ ខែតុលា ដោយរាជរដ្ឋាភិបាលនឹងអនុញ្ញាតឱ្យប្រជាពលរដ្ឋនៅទូទាំងប្រទេសឈប់សម្រាលរយៈពេល៣ថ្ងៃនេះ ដើម្បីធ្វើដំណើរទៅស្រុកកំណើត ក៏ដូចជាអបអរពិធីបុណ្យភ្ជុំបិណ្ឌ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត