
រាជធានីភ្នំពេញ៖ ស្របពេលពិធីបុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្ឌកៀកចូលមកដល់ ពោលគឺនៅខែកញ្ញាខាងមុខ គណៈកម្មាធិការជាតិរៀបចំពិធីបុណ្យជាតិ-អន្ដរជាតិ អំពាវនាវដល់ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ណែនាំ អប់រំយុវជន-យុវនារី ព្រមទាំងសមាសភាពផ្សេងៗទៀត ប្រព្រឹត្តិខ្លួនឱ្យសក្តិសមជាពុទ្ធសាសនិកជនល្អពិតប្រាកដ មិនត្រូវបង្កសកម្មភាពនាំឱ្យប៉ះពាល់ដល់កិត្តិយសព្រះពុទ្ធសាសនា…។

តាមរយៈសេចក្តីណែនាំ ដែលបានប្រកាសនៅព្រឹកថ្ងៃទី២៩សីហានេះ គូសបញ្ជាក់ថា៖«ឆ្នាំនេះពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ នឹងប្រព្រឹត្តទៅពីថ្ងៃ១រោច ដល់ថ្ងៃ១៥រោច ខែភទ្របទ ឆ្នាំម្សាញ់ ត្រូវនឹងថ្ងៃទី៨ ដល់ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៥»។ បុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ ជាបុណ្យប្រពៃណីព្រះពុទ្ធសាសនាដ៏មានសារសំខាន់របស់ពុទ្ធសាសនិកជនខ្មែរគ្រប់ៗរូប។ គោលបំណងធំនៃពិធីបុណ្យនេះ ប្រារព្ធឡើងដើម្បីឧទ្ទិសកុសលជូនវិញ្ញាណក្ខន្ធ អ្នកមានគុណទាំងហ្លាយ មានមាតាបិតា ជីដូនជីតា គ្រូឧបជ្ឈាយាចារ្យ បុព្វបុរសជាតិ និងបងប្អូនជនរួមជាតិ ដែលបានលាចាកលោកនេះទៅកាន់បរលោកខាងមុខ។ ម៉្យាងទៀត ក៏ជាឱកាសសម្រាប់ការជួបជុំជីដូនជីតា ឪពុកម្តាយ បងប្អូនញាតិមិត្តដែលរស់នៅទីផ្សេងៗគ្នា អាចស្វែងយល់បានពីសុខទុក្ខ និងដំណើរប្រព្រឹត្តិទៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃរវាងគ្នានឹងគ្នាទៅវិញទៅមក ព្រមទាំងអាចបង្កើន បាននូវសាមគ្គីភាពដ៏ទូលំទូលាយផងដែរ។

ដើម្បីរៀបចំបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ ប្រព្រឹត្តទៅស្របតាមប្រពៃណី ទំនៀមទម្លាប់ ព្រះពុទ្ធសាសនា គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ ណែនាំ គ្រប់ក្រសួង រដ្ឋលេខាធិការដ្ឋាន ស្ថាប័ន និងរដ្ឋបាលរាជធានី-ខេត្ត ផ្សព្វផ្សាយពីខ្លឹមសារបុណ្យខាងលើឱ្យបានទូលំទូលាយ និងបំផុសលើកទឹកចិត្ត បង្កលក្ខណៈងាយស្រួលជូនមន្ត្រីរាជការក្រោមឱវាទ ចូលរួមបំពេញកុសលជាប្រពៃណី នៅតាមវត្តអារាម ឬនៅក្នុងអង្គភាពរបស់ខ្លួន ព្រមទាំងបានជួបជុំជីដូនជីតា ឪពុកម្តាយ បងប្អូន តាមបំណងប្រាថ្នា។ រៀបចំតុបតែងលម្អ លើកទង់ជាតិ ទង់សាសនា ទង់ព្រះមហាក្សត្រ បដាពាក្យស្លោក និងបំភ្លឺភ្លើងពណ៌តាមក្រសួង រដ្ឋលេខាធិការដ្ឋាន ស្ថាប័ន រដ្ឋបាលរាជធានី-ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ រោងចក្រ សហគ្រាស សាលារៀន តាមសួនច្បារ ទីសាធារណៈ និងតាមគេហដ្ឋានប្រជាពលរដ្ឋ។ល៕






