
រដ្ឋធានីណៃរ៉ូប៊ី៖ អង្គការអន្តរជាតិសម្រាប់ប្រជាពលរដ្ឋផ្លាស់ទីលំនៅ (IOM) នៃអង្គការសហប្រជាជាតិ បានអះអាងកាលពីថ្ងៃអាទិត្យទី១១ ខែតុលាថា មនុស្សយ៉ាងហោចណាស់១៣៩នាក់ រួមទាំងកុមារយ៉ាងហោចណាស់១៥នាក់ បានបាត់បង់ជីវិត និងប្រហែល៨៤នាក់កំពុងបាត់ខ្លួន បន្ទាប់ពីទូកមួយគ្រឿងដែលផ្ទុកមនុស្សជាង៣០០នាក់បានលិច ខណៈពេលកំពុងធ្វើដំណើរចេញពីប្រទេសឌីជីប៊ូទី ទៅកាន់ប្រទេសយេម៉ែន។

យោងតាមសម្តីរបស់អ្នករស់រានមានជីវិតដែលផ្តល់ឱ្យអង្គការ IOM ទូកនោះមានផ្ទុកមនុស្សចំនួន៣០៥នាក់ បានលិចនៅជិតតំបន់ហ្គូហៀរ (Guhere) ភាគខាងជើងទីក្រុងអូបុក (Obock) ដែលជាទីក្រុងកំពង់ផែមួយក្នុងប្រទេសឌីជីប៊ូទី។ សេចក្តីថ្លែងការណ៍បានឱ្យដឹងទៀតថា មនុស្សប្រហែល៨២នាក់ត្រូវបានជួយសង្គ្រោះជីវិត។ លោក អាឡិចសាន់ដឺ កូអ៊ីសាក់ (Alexandre Coissac) ប្រធានបេសកកម្ម IOM ប្រចាំប្រទេសឌីជីប៊ូទីបានថ្លែងថា៖«ក្រុមការងាររបស់យើងកំពុងស្ថិតនៅកន្លែងកើតហេតុជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីផ្តល់ជំនួយបន្ទាន់។ គ្រោះមហន្តរាយនេះ គឺជាការរំលឹកយ៉ាងច្បាស់អំពីគ្រោះថ្នាក់ដែលជនភៀសខ្លួនត្រូវប្រឈមមុខតាមច្រករបៀងផ្លាស់ទីលំនៅនេះ នៅពេលពួកគេស្វែងរកជីវិតថ្មី»។

ជុំវិញសោកនាដកម្មនេះ អាជ្ញាធរឌីជីប៊ូទីកំពុងបន្តប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះ ព្រមទាំងផ្តល់ការថែទាំវេជ្ជសាស្ត្រដល់អ្នករស់រានមានជីវិត និងរៀបចំពិធីបុណ្យសពជូនអ្នកស្លាប់។ សូមជម្រាបថា ក្រុមជនភៀសខ្លួនទាំងនោះមានគោលបំណងធ្វើដំណើរទៅកាន់ប្រទេសយេម៉ែន ដោយសង្ឃឹមថានឹងអាចបន្តដំណើរទៅកាន់បណ្តាប្រទេសអ្នកមាននៅតំបន់ឆ្នេរសមុទ្ទ ទោះបីជាប្រជាជនយេម៉ែនខ្លួនឯងកំពុងរត់ភៀសខ្លួនចេញពីប្រទេស ដោយសារការកើនឡើងនៃជម្លោះប្រយុទ្ធគ្នាយ៉ាងសាហាវរវាងកងកម្លាំងរដ្ឋាភិបាលដែលគាំទ្រដោយអារ៉ាប៊ីសាអូឌីត និងក្រុមឧទ្ទាមហ៊ូធី ដែលគាំទ្រដោយអ៊ីរ៉ង់ក៏ដោយ៕




