
រដ្ឋធានីសាណា៖ ក្រុមប្រដាប់អាវុធហ៊ូធី បានបើកការវាយប្រហារយ៉ាងសន្ធោសន្ធៅដោយប្រើប្រាស់មីស៊ីលបាលីស្ទីក និងដ្រូន បាញ់សំដៅទៅលើបន្ទាយយោធាជាច្រើនកន្លែងនៅភាគកណ្តាលប្រទេសយេម៉ែន ដោយបានសម្លាប់ទាហានរដ្ឋាភិបាលយ៉ាងហោចណាស់៣០នាក់ និង៥០នាក់ផ្សេងទៀតរងរបួស កាលពីថ្ងៃទី៦ ខែសីហា កន្លងទៅនេះ...។

ក្រសួងការពារជាតិយេម៉ែន បានថ្កោលទោសការវាយប្រហារនេះថាជា«អំពើក្បត់» ហើយបានប្តេជ្ញាវាយបកវិញនៅពេលវេលា និងទីកន្លែងសមស្រប។ ដោយឡែក ក្រុមហ៊ូធី ដែលគាំទ្រដោយអុីរ៉ង់ បានអះអាងថា ការវាយប្រហារនេះមានគោលបំណងកម្ទេចការប្រមូលកងទ័ពអារ៉ាប៊ីសាអូឌីត ដែលកំពុងត្រៀមបើកការវាយប្រហារលើពួកខ្លួន។ ជាមួយគ្នា ការវាយប្រហារដោយឡែកមួយទៀតរបស់ក្រុមហ៊ូធី ទៅលើតំបន់ព្រំដែន ណាច្រាន់ Najran នៃប្រទេសអារ៉ាប៊ីសាអូឌីត ក៏បានបណ្ដាលឱ្យជនស៊ីវិល១១ នាក់រងរបួសផងដែរ រួមទាំងស្ត្រី និងកុមារអាយុ៤ឆ្នាំម្នាក់។ ជុំវិញបញ្ហានេះ អង្គការសហប្រជាជាតិ បានអំពាវនាវឱ្យភាគីទាំងអស់រក្សាការអត់ធ្មត់ ដើម្បីជៀសវាងការធ្វើឱ្យស្ថានការណ៍កាន់តែអាក្រក់ ខណៈបេសកកម្មសហរដ្ឋអាម៉េរិកប្រចាំយេម៉ែន បានថ្កោលទោសការវាយប្រហារនេះថាជា«អំពើភេរវកម្ម»។

ហេតុការណ៍នេះ ត្រូវបានគេចាត់ទុកជាការរំលោភលើបទឈប់បាញ់់ និងជាការកើនឡើងកម្ដៅយោធាដ៏ធំបំផុត ចាប់តាំងពីកិច្ចព្រមព្រៀងផ្អាកការវាយប្រហារត្រូវបានបង្កើតឡើងកាលពីខែមេសា ឆ្នាំ២០២២ រវាងក្រុមហ៊ូធីដែលគាំទ្រដោយអុីរ៉ង់ និងកងកម្លាំងសម្ព័ន្ធមិត្តដឹកនាំដោយអារ៉ាប៊ីសាអូឌីត។ ការវាយប្រហារសាជាថ្មីនេះ បានកើតឡើងបន្ទាប់ពីក្រុមហ៊ូធី បានប្រកាសបិទផ្លូវសមុទ្ទប្រឆាំងនឹងអារ៉ាប៊ីសាអូឌីត កាលពីថ្ងៃទី២០ ខែកក្កដា និងបានបើកការវាយប្រហារជាបន្តបន្ទាប់ លើអាកាសយានដ្ឋាន ស្តុកប្រេង និងកប៉ាល់ដឹកប្រេងក្នុងសមុទ្ទក្រហម ជាហេតុធ្វើឱ្យអារ៉ាប៊ីសាអូឌីត និងប្រទេសសម្ព័ន្ធមិត្តរហូតដល់៤៣ប្រទេស បង្កើតកងកម្លាំងជើងទឹកការពារសន្តិសុខផ្លូវទឹកនៅក្នុងតំបន់។ គួរបញ្ជាក់ថា ប្រទេសយេម៉ែន បានធ្លាក់ចូលទៅក្នុងសង្គ្រាមស៊ីវិលតាំងពីឆ្នាំ២០១៤ នៅពេលដែលក្រុមហ៊ូធី បានវាយដណ្តើមយករដ្ឋធានីសាណា (Sana'a) និងបង្ខំឱ្យរដ្ឋាភិបាលស្របច្បាប់រត់ភៀសខ្លួន ដោយបានសម្លាប់មនុស្សជាង១៥០ ០០០នាក់ និងបង្កជាវិបត្តិមនុស្សធម៌ដ៏ធ្ងន់ធ្ងរបំផុតមួយនៅលើពិភពលោក៕



