
មជ្ឈិមបូព៌ា៖ អ្នកនាំពាក្យយោធានៃរដ្ឋាភិបាលយេម៉ែន បានថ្លែងនៅថ្ងៃសុក្រទី២ ខែតុលានេះថា យន្តហោះចម្បាំងរបស់ខ្លួនបានបើកការវាយប្រហារផ្លូវអាកាសចំនួន ២០លើក ក្នុងរយៈពេល៣ម៉ោងចុងក្រោយនេះ ដោយតម្រង់ទិសដៅលើសកម្មភាព កម្លាំងទ័ព យានយន្ត និងឧបករណ៍យោធារបស់ក្រុមឧទ្ទាមធហ៊ូធី នៅក្នុងខេត្តតៃស៍ (Taiz)។

ការវាយប្រហារនេះ ចំពេលមានការកើនឡើងកម្ដៅជម្លោះយ៉ាងស្រួចស្រាវបំផុត រវាងអារ៉ាប៊ីសាអូឌីត និងក្រុមហ៊ូធី ដែលមានអ៊ីរ៉ង់ជាបងធំ គិតចាប់តាំងពីកិច្ចព្រមព្រៀងបទឈប់បាញ់ក្រោមការសម្របសម្រួលរបស់អង្គការសហប្រជាជាតិក្នុងឆ្នាំ ២០២២មក។ ការផ្ទុះឡើងវិញនៃជម្លោះនេះ បានបង្ខំឱ្យប្រជាជនរាប់ម៉ឺននាក់ភៀសខ្លួនចេញពីផ្ទះសម្បែង និងអាចផ្លាស់ប្ដូរការគ្រប់គ្រងដែនដីក្នុងប្រទេសយេម៉ែន ព្រមទាំងប៉ះពាល់ដល់ផ្លូវនាវាចរណ៍នៅសមុទ្ទក្រហម និងច្រកសមុទ្ទ Bab el-Mandeb (បាប់ អែល-ម៉ាន់ដេប) ផងដែរ។

អារ៉ាប៊ីសាអូឌីត បានអះអាងកាលពីថ្ងៃព្រហស្បតិ៍ទី១ ខែតុលាថា ក្រុមហ៊ូធីបានវាយប្រហារលើស្ថានីយចែករំលែកថាមពលអគ្គិសនីមួយក្នុងក្រុងមេឌីណា (Medina) ដែលជាប្រភពផ្គត់ផ្គង់អគ្គិសនីដល់វិហារអ៊ិស្លាមដ៏ធំមួយ។ ទោះជាយ៉ាងណា ប្រភពយោធារបស់ក្រុមហ៊ូធី បានបដិសេធការចោទប្រកាន់នេះ និងបញ្ជាក់ថា វាជាល្បិចបិទបាំងការបរាជ័យរបស់អារ៉ាប៊ីសាអូឌីត។ កាលពីសប្តាហ៍មុន អារ៉ាប៊ីសាអូឌីតបានបញ្ជាក់ថា ខ្លួនបានស្ទាក់ចាប់ និងបំផ្លាញដ្រូនរបស់ក្រុមហ៊ូធី១គ្រឿងនៅភាគខាងត្បូងទីក្រុងម៉ិចកា(Mecca) មុនពេលវាហោះចូលដល់ដែនអាកាសហាមឃាត់លើទីក្រុងនេះ។ ប៉ុន្តែក្រុមហ៊ូធីបានបដិសេធថា មិនបានតម្រង់គោលដៅលើទីក្រុម៉ិចកា (Mecca) ឬទីសក្ការបូជាអ៊ិស្លាមណាមួយឡើយ។

គួរបញ្ជាក់ថា ប្រសិនបើក្រុមហ៊ូធីអាចកាន់កាប់ខេត្តតៃស៍ នៅភាគនិរតីនៃប្រទេសយេម៉ែនបានដោយគ្មានការរារាំង នោះពួកគេនឹងអាចទទួលបានការគ្រប់គ្រងពេញលេញលើភាគខាងជើងនៃប្រទេស និងការក្តាប់អំណាចកាន់តែណែននៅលើឆ្នេរសមុទ្ទរហម ព្រមទាំងងាយស្រួលចូលទៅកាន់ភាគខាងត្បូង និងទីក្រុងកំពង់ផែអាដែន (Aden) ដែលជាទីស្នាក់ការកណ្តាលរបស់រដ្ឋាភិបាលយេម៉ែន៕



