សង្រ្គាមកាន់តែរីករាលដាលក្រោយក្រុមហ៊ូធីបើកសមរភូមិទី២ ខណៈពន្លឺសន្តិភាពនៅមានភាពស្រពិចស្រពិល
N
Nary Vann
12 ម៉ោងមុន

មជ្ឈិមបូព៌ា៖​​ សង្រ្គាមរវាងសម្ព័ន្ធមិត្តអាម៉េរិក-អ៊ីស្រាអែល និងអ៊ីរ៉ង់ បានឈានដល់ដំណាក់កាលរីករាលដាលកាន់តែគ្រោះថ្នាក់ ក្រោយការចូលរួមផ្ទាល់ពីសំណាក់ក្រុមហ៊ូធី (Houthi) នៅប្រទេសយេម៉ែន បានបើកការវាយប្រហារដោយមីស៊ីលបាលីស្ទីក និងដ្រូនជាបន្តបន្ទាប់ទៅលើគោលដៅយោធារបស់អ៊ីស្រាអែល...។

ការហក់ចូលក្នុងភ្នក់ភ្លើងសង្គ្រាមរបស់ក្រុមហ៊ូធីនេះ មិនត្រឹមតែបង្កើនកម្ដៅយោធាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងកំពុងគំរាមកំហែងដល់ច្រកសមុទ្ទ Bab al-Mandab ដែលជាសរសៃឈាមពាណិជ្ជកម្ម និងថាមពលដ៏សំខាន់ទីពីរក្នុងតំបន់ បន្ទាប់ពីច្រកសមុទ្ទហ័រមូស្សត្រូវបានអ៊ីរ៉ង់បិទស្ទើរទាំងស្រុង។ ស្ថានភាពនៅសមរភូមិកាន់តែតានតឹង បន្ទាប់ពីមានសេចក្តីរាយការណ៍ថា ការវាយប្រហារដោយដ្រូនលើមូលដ្ឋានទ័ពអាកាស Prince Sultan ក្នុងប្រទេសអារ៉ាប៊ីសាអូឌីត បានធ្វើឱ្យទាហានអាម៉េរិកយ៉ាងហោចណាស់១២នាក់រងរបួស ខណៈអាកាសយានដ្ឋានអន្តរជាតិគុយវ៉ែត ក៏រងការខូចខាតប្រព័ន្ធរ៉ាដាយ៉ាងធ្ងន់ធ្ងរផងដែរ។

ផែនទីបង្ហាញពីច្រកសមុទ្ទ Bab al-Mandab
ផែនទីបង្ហាញពីច្រកសមុទ្ទ Bab al-Mandab

នៅចំពោះមុខវិបត្តិដែលកំពុងឆាបឆេះនេះ ប្រទេសប៉ាគីស្ថានបានព្យាយាមដើរតួជាអ្នកសម្របសម្រួលសន្តិភាព ដោយគ្រោងរៀបចំកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសនៃមហាអំណាចតំបន់ រួមមាន៖ អារ៉ាប៊ីសាអូឌីត តួកគី និងអេហ្ស៊ីប នៅសប្តាហ៍ក្រោយ។ ទោះជាយ៉ាងណាក៏ដោយ កិច្ចពិភាក្សានេះ ត្រូវបានគេមើលឃើញថា មានពន្លឺតិចតួច ដោយសារគ្មានវត្តមានភាគីជម្លោះផ្ទាល់ចូលរួម ខណៈអ៊ីរ៉ង់បានបដិសេធការអះអាងរបស់លោក ត្រាំ ដែលថាការចរចាកំពុងដំណើរការទៅមុខយ៉ាងរលូននោះ។

ចំណែក លោក ដូណាល់ ត្រាំ វិញ កំពុងស្ថិតក្នុងស្ថានភាពទាល់ច្រកក្នុងការសម្រេចចិត្ត បន្ទាប់ពីយុទ្ធនាការទម្លាក់គ្រាប់បែកអស់រយៈពេលមួយខែ មិនអាចផ្ដួលរំលំរបបដឹកនាំអ៊ីរ៉ង់បាន។ ឥឡូវនេះ លោកត្រូវជ្រើសរើសរវាងការស្វែងរកច្រកចេញពីសង្រ្គាម ឬការបង្កើនកម្រិតសង្រ្គាមដោយប្រើប្រាស់កងទ័ពជើងគោក បើទោះបីជាអ៊ីរ៉ង់បានព្រមានជាមុនថា នឹងវាយបកលើហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ រួមទាំងរោងចក្រចម្រោះទឹកស្អាតនៅទូទាំងឈូងសមុទ្ទ ដែលអាចបង្កជាមហន្តរាយមនុស្សធម៌ដ៏ធ្ងន់ធ្ងរមិនធ្លាប់មាន៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត