
ក្រុងច្បារមន៖ កម្លាំងជំនាញនៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានចុះស្រាវជ្រាវ និងបង្ក្រាបមុខសញ្ញាចោរកម្មយ៉ាងទាន់ពេលវេលា ដោយបានកសាងសំណុំរឿង បញ្ជូនខ្លួនជនសង្ស័យចំនួន៣នាក់ ទៅកាន់សាលាដំបូងខេត្តកំពង់ស្ពឺ ដើម្បីចាត់វិធានការតាមផ្លូវច្បាប់ ពាក់ព័ន្ធករណីធ្វើសកម្មភាពលួចទ្រព្យសម្បត្តិអ្នកស្រុក...។

តាមប្រភពព័ត៌មានពីសមត្ថកិច្ចកងរាជអាវុធហត្ថនៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៦ បានឱ្យដឹងថា កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកសាមគ្គីមុនីជ័យ បានចេញល្បាត ដោយមានការសង្ស័យលើមុខសញ្ញាដែលជិះម៉ូតូ១គ្រឿងមានគ្នា៣នាក់ ក៏បានហៅសាកសួរ និងធ្វើការត្រួតពិនិត្យ។ ក្រោមវិធានជំនាញរបស់មន្ត្រីកងរាជអាវុធហត្ថ ជនសង្ស័យ បានសារភាពថា បក្ខពួករបស់ខ្លួនធ្លាប់ធ្វើសកម្មភាពលួចទូរសព្ទ លួចមាន់ និងលួចស្ពិកឃ័រ ធុងបាស ជាច្រើនលើកនៅក្នុងភូមិសាស្ត្រខេត្តកណ្តាល និងខេត្តកំពង់ស្ពឺ។

ជាមួយគ្នា សមត្ថកិច្ចបានធ្វើការចាប់យកវត្ថុតាងរួមមាន៖ កែវជក់គ្រឿងញៀន, ម៉ូតូម៉ាកHonda Dream ពណ៌ខ្មៅ ផ្លាកលេខ ភ្នំពេញ 1GU-4560, និងទូរសព្ទ០២គ្រឿង(ម៉ាកOPPO០១គ្រឿង និងម៉ាកTICHNO ០១គ្រឿង)។ បច្ចុប្បន្ន ជនសង្ស័យខាងលើ រួមនឹងវត្ថុតាងត្រូវបានបានកម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌ នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តកំពង់ស្ពឺ ដើម្បីចាត់ការតាមនីតិវិធីជាធរមាន៕



