«ទឹកធ្លាក់ជីអាំង» កំពុងសម្ងំលាក់ខ្លួនក្នុងព្រៃ រង់ចាំអ្នកទេសចរមកលេងកម្សាន្ត
S
Sreyleak Yith
•
9 ម៉ោងមុន

ក្រុងសែនមនោរម្យ៖ មានទីតាំងទេសចរណ៍មួយ ដែលកំពុងសម្ងំលាក់ខ្លួនក្នុងព្រៃធម្មជាតិ រង់ចាំស្វាគមន៍អ្នកទេសចរមកទស្សនាកម្សាន្ត នោះគឺ ទឹកធ្លាក់ជីអាំង ដែលមានទីតាំងនៅភូមិពូញ៉ាវ ឃុំមេម៉ង់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី...។

អង្គការសមាគមអភិរក្សសត្វព្រៃ (WCS) បានឱ្យដឹងថា ទឹកធ្លាក់នេះ ស្ថិតនៅតំបន់ទេសភាពដ៏ស្រស់ត្រកាលនៃដែនជម្រកសត្វព្រៃកែវសីមា សហគមន៍ទេសចរណ៍ធម្មជាតិទឹកធ្លាក់ជីអាំង មិនត្រឹមតែជាកន្លែងសម្រាប់ទស្សនា និងថតរូបប៉ុណ្ណោះទេ។លើសពីនេះ ផ្តល់ឱ្យភ្ញៀវទេសចរនូវបទពិសោធពីធម្មជាតិ រួមចំណែកគាំទ្រដល់ជីវភាពសហគមន៍មូលដ្ឋាន និងការអភិរក្សធនធានធម្មជាតិនៅក្នុងតំបន់។ មួយវិញទៀត ភ្ញៀវទេសចរ ក៏អាចស្វែងយល់ពីសម្រស់ធម្មជាតិដ៏ស្រស់ស្អាតរបស់ប្រទេសកម្ពុជា ព្រមទាំងភ្ជាប់ទំនាក់ទំនងជាមួយសហគមន៍មូលដ្ឋាន និងស្វែងយល់ពីមរតកវប្បធម៌ដ៏សម្បូរបែបរបស់ជនជាតិដើមភាគតិចព្នង ឬពូនង។

អង្គការសមាគមអភិរក្សសត្វព្រៃ បានបន្ថែមថា តាមរយៈការដឹកនាំរបស់សហគមន៍ជនជាតិដើមភាគតិចព្នង និងការគាំទ្រពីគម្រោងរេដបូកកែវសីមា ភ្ញៀវទេសចរអាចរីករាយជាមួយសកម្មភាពជាច្រើន ដូចជា៖ ដើរទស្សនាព្រៃព្រឹក្សានៅក្នុងដែនជម្រកសត្វព្រៃកែវសីមា, ស្វែងយល់ពីការស់នៅរបស់សត្វព្រៃនៅក្នុងទីជម្រកធម្មជាតិ ហែលទឹកលេងកម្សាន្តនៅទឹកធ្លាក់ដ៏ត្រជាក់ស្រស់ស្រាយ, ស្វែងយល់ពីវប្បធម៌ និងប្រពៃណីដ៏អស្ចារ្យរបស់ជនជាតិដើមភាគតិចព្នង។ថែមទាំងអាចទទួលទានម្ហូបប្រចាំតំបន់របស់ជនជាតិដើមភាគតិច និងទទួលបទពិសោធស្នាក់នៅផ្ទះស្នាក់របស់សហគមន៍។ បើសិនជាចាប់អារម្មណ៍លោកអ្នកអាច ទំនាក់ទំនងតាមរយៈលេខទូរសព្ទ ០៩៧ ៩៥៣ ០៤៩៨ និង ០៨៨ ៩៨០ ៦០២៦។

គួរដឹងដែរថា រាល់ការមកទស្សនាសហគមន៍ទេសចរណ៍ធម្មជាតិទឹកធ្លាក់ជីអាំង គឺជាការរួមចំណែកដ៏សំខាន់ក្នុងការលើកកម្ពស់ជីវភាព និងការអភិវឌ្ឍសហគមន៍។ ការមកទស្សនារបស់ភ្ញៀវទេសចរ គឺជាការបង្កើតឱកាសសម្រាប់សហគមន៍មូលដ្ឋាន ក្នុងការប្រកបរបរ ពង្រឹងសមត្ថភាពសហគមន៍ ព្រមទាំងជំរុញការ ការពារធនធានធម្មជាតិដែលពួកគេតែងអាស្រ័យផល៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត