សមត្ថកិច្ចរាជធានីភ្នំពេញ បង្ហាញមុខជនសង្ស័យ១៦នាក់ ពាក់ព័ន្ធករណីបន្លំជាសមត្ថកិច្ច គាស់ទូមាសតម្លៃជាង៤០ម៉ឺនដុល្លារ
ហាក់ អ៊ីឌី
•
16 ម៉ោងមុន

រាជធានីភ្នំពេញ៖ កម្លាំងសមត្ថកិច្ចជំនាញនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការស្រាវជ្រាវយ៉ាងស្រួចស្រាវ ដោយបានបំបែកសំណុំរឿងបទល្មើសព្រហ្មទណ្ឌដ៏សកម្ម ឃាត់ខ្លួន និងបង្ហាញមុខជនសង្ស័យសរុបចំនួន១៦នាក់ ជាផ្លូវការ ដើម្បីរៀបចំសំណុំរឿងបញ្ជូនខ្លួនទៅកាន់ស្ថាប័នតុលាការចាត់ការតាមនីតិវិធីច្បាប់...។  

យោងតាមរបាយការណ៍របស់សមត្ថកិច្ច បានឱ្យដឹងថា ប្រតិបត្តិការបង្ក្រាបនេះ ធ្វើឡើងកាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៦ ដោយមានកិច្ចសហការយ៉ាងជិតស្និទ្ធរវាងកម្លាំងនគរបាលព្រហ្មទណ្ឌរាជធានី និងអធិការដ្ឋាននគរបាលខណ្ឌចំនួន៤ រួមមាន ខណ្ឌ៧មករា ខណ្ឌមានជ័យ ខណ្ឌពោធិ៍សែនជ័យ និងខណ្ឌដង្កោ ក្រោយពីបានបើកការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់អស់រយៈពេល៣ថ្ងៃជាប់ៗគ្នា។

ក្រុមជនសង្ស័យទាំង១៦នាក់ ត្រូវបានរកឃើញថា មានការពាក់ព័ន្ធទៅនឹងបទល្មើសព្រហ្មទណ្ឌធ្ងន់ធ្ងរជាច្រើនករណី ក្នុងនោះបទល្មើសលេចធ្លោ និងបង្កការភ្ញាក់ផ្អើលខ្លាំង គឺករណីបន្លំខ្លួនជាសមត្ថកិច្ច ប្រើប្រាស់អាវុធខុសច្បាប់ ធ្វើសកម្មភាពគាស់ផ្ទះ និងជាពិសេស ករណីគាស់ទូរលក់មាស ដែលបាត់បង់ទ្រព្យសម្បត្តិមានតម្លៃសរុបជាង ៤០ម៉ឺនដុល្លារអាម៉េរិក។ បច្ចុប្បន្ន ជនសង្ស័យទាំងអស់ ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងតាមនីតិវិធីបឋម និងបញ្ជូនខ្លួនជាស្ថាពរទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់វិធានការផ្លូវច្បាប់ យ៉ាងតឹងរ៉ឹងទៅតាមទោសកំហុសរៀងៗខ្លួន៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត