ជក់បារី១ថ្ងៃ១កញ្ចប់ រហូតដុះសាច់ក្នុងតម្រងនោម និងនោមចេញឈាម តែមន្ទីរពេទ្យហ្លួងម៉ែ ជួយសង្គ្រោះទាន់
Mao Sopha
•
11 ម៉ោងមុន

រាជធានីភ្នំពេញ៖ បុរសម្នាក់ អាយុ៣៦ឆ្នាំ បានទៅពិនិត្យជំងឺនៅមន្ទីរពេទ្យ ហ្លួង ម៉ែ ក្រោយពីឃើញទឹកនោមខ្លួនមានឈាម។ ក្រុមគ្រូពេទ្យជំនាញនៃមន្ទីរពេទ្យ ហ្លួង ម៉ែ បានពិនិត្យ និងធ្វើរោគវិនិច្ឆ័យយ៉ាងល្អិតល្អន់ ហើយក៏រកឃើញដុំសាច់ក្នុងតម្រងនោមធំខាងស្តាំ។ តាមរយៈទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួន មន្ទីរពេទ្យ ហ្លួង ម៉ែ អះអាងថា បុរសនោះ បានជក់បារី១កញ្ចប់ក្នុង១ថ្ងៃ តាំងពីក្មេងមកម្ល៉េះ។ 

បុរសនោះ យល់ព្រមទទួលការព្យាបាលដោយវិធីចោះយកដុំសាច់ចេញពីតម្រងនោម  រួមទាំងខ្លាញ់ព័ទ្ធជុំវិញ និងក្រពេញ ដើម្បីប្រាកដថា យកដុំមហារីកចេញអស់។ មន្ទីរពេទ្យ ហ្លួង ម៉ែ បញ្ជាក់ថា ការវះកាត់ ត្រូវបានបញ្ចប់ដោយជោគជ័យ និងមានសុវត្ថិភាពខ្ពស់។ មន្ទីរពេទ្យឯកទេសខាងព្យាបាលជំងឺមហារីកមួយនេះ បង្ហាញពីស្ថានភាពវះកាត់ថា មានមុខរបួសតូច ឈឺចាប់តិចតួច បាត់បង់ឈាមតិច និងបានជាសះស្បើយយ៉ាងឆាប់រហ័ស។

«ការជក់បារី អាចបង្កឱ្យមានមហារីកផ្សេងៗ រួមទាំងមហារីកតម្រងនោមផងដែរ។ សូមបញ្ឈប់ការកុំជក់បារី» នេះជាសារចុងក្រោយរបស់មន្ទីរពេទ្យ ហ្លួង ម៉ែ ដែលត្រូវបានបង្កើតឡើងសម្រាប់ព្យាបាលជំងឺមហារីកនៅកម្ពុជា៕ 

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត