
រាជធានីភ្នំពេញ៖ កម្លាំងនគរបាលជំនាញរាជធានីភ្នំពេញ បានស្រាវជ្រាវបំបែកសំណុំរឿង និងឈានទៅឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគាស់ទ្វារតូបលក់គ្រឿងអលង្ការនៅផ្សារចាស់ ប្រមូលយកគ្រឿងអលង្ការជាច្រើនសន្ធឹកសន្ធាប់ មានតម្លៃសរុបជិត៤០ម៉ឺនដុល្លារអាម៉េរិក។ កម្លាំងសមត្ថកិច្ច បានដកហូតគ្រឿងអលង្ការទាំងអស់នោះ ហើយប្រគល់ជូនម្ចាស់វិញហើយ…។

ប្រតិបត្តិការនេះ ធ្វើឡើងក្រោមបទបញ្ជាពីលោក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ។ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ សហការជាមួយនគរបាលខណ្ឌដូនពេញ និងខណ្ឌពោធិ៍សែនជ័យ ឈានដល់ការឃាត់ខ្លួនជនសង្ស័យបានកាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦។ ជនសង្ស័យមានឈ្មោះ ជា សាភា ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរកម្មកររោងចក្រ ត្រូវបានឃាត់ខ្លួននៅចំណុចមុខផ្សារឯករាជ្យ៣ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ។ ជនសង្ស័យរូបនេះ បានលួចគាស់តូបលក់គ្រឿងអលង្ការ កាលពីវេលាម៉ោង២កន្លះ រំលងអធ្រាត្រឈានចូលថ្ងៃទី៥ ខែតុលា នៅចំណុចក្នុងផ្សារចាស់ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ ដែលជាកម្មសិទ្ធិរបស់អាជីវករឈ្មោះ សុន ចាន់គឹមអាន ភេទស្រី អាយុ ៥០ឆ្នាំ។

ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ច បានដកហូតទូរស័ព្ទ iPhone ១គ្រឿង, ខ្សែដៃលោហៈពណ៌លឿងចម្រុះ១០៥ខ្សែ, ខ្សែកលោហៈពណ៌លឿង៧៨ខ្សែ, កងដៃលោហៈពណ៌លឿង១២៩កង, ខ្សែកលោហៈពណ៌លឿងមានត្បូង៧០ខ្សែ, ខ្សែកលោហៈពណ៌ស៦ខ្សែ, ខ្សែកអង្កាំពណ៌ខៀវ២ខ្សែ, ចិញ្ចៀន១៦វង់ និងបន្តោងត្បូងពណ៌ស៣។ គ្រឿងអលង្ការ និងសម្ភារទាំងអស់ ត្រូវបានប្រគល់ជូនម្ចាស់ដើមវិញរួចរាល់ហើយ។ បច្ចុប្បន្ន ជនសង្ស័យ ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕




