សម្តេចនាយករដ្ឋមន្រ្តីចាត់ទុកថា មិនអាចទទួលយកបាន ចំពោះការលើកឡើងថា កម្ពុជាបាត់ដីពីចន្លោះបង្គោលលេខ៥២ ដល់លេខ៥៩ ទៅខាងថៃ
Mao Sopha
•
14 ម៉ោងមុន

បញ្ហាព្រំដែន៖ នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៦ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានបង្ហោះសារដ៏វែងអន្លាយមួយលើគណនីហ្វេសប៊ុក ដើម្បីឆ្លើយតបនឹងលោក អ៊ុំ សំអាន ជាអ្នកប្រឆាំងដែលកំពុងរស់នៅក្រៅប្រទេស។ សម្តេច លើកឡើងថា នេះជាឱកាសមាសសម្រាប់លោក អ៊ុំ សំអាន និងក្រុមរបស់លោក ដើម្បីបង្ហាញសមត្ថភាពជាអ្នកជំនាញព្រំដែន ដែលមានការទទួលខុសត្រូវ។

សម្តេច សរសេរថា លោក អ៊ុំ សំអាន បាននិងកំពុងបន្តនិយាយច្រើនពាក់ព័ន្ធនឹងព្រំដែនកម្ពុជា-ថៃ ដោយគ្មានមូលដ្ឋានច្បាស់លាស់ដូចមុនដែរ។ សម្តេច បន្តថា ប៉ុន្មានថ្ងៃចុងក្រោយនេះ លោក បានលើកឡើងអំពីករណីបង្គោលចន្លោះលេខ៥២ និងលេខ៥៩ ថា ការបោះបង្គោលបណ្តោះអាសន្នដែលបានធ្វើដោយក្រុមការងារបច្ចេកទេសនៃគណៈកម្មាធិការព្រំដែនចម្រុះ (JBC) កម្ពុជា-ថៃ ភាគច្រើនចូលក្នុងដីខ្មែរ ដែលធ្វើឱ្យខ្មែរបាត់បង់ទឹកដី និងរាជរដ្ឋាភិបាលបានកាត់ដីឱ្យថៃ ដើម្បីប្តូរយកសន្តិភាពនិង​អំណាច។

ប្រមុខរាជរដ្ឋាភិបាល ចាត់ទុកការលើកបែបនេះ ថាមិនត្រឹមតែចោទប្រកាន់មកលើរាជរដ្ឋាភិបាលនោះទេ ប៉ុន្តែ​គឺចោទប្រកាន់ត្រង់តែម្ដងទៅលើមន្ត្រីជំនាញព្រំដែនរបស់កម្ពុជា ថាពួកគាត់បានធ្វើឱ្យបាត់បង់ទឹកដីខ្មែរ ទាំងដែលពួកគាត់បានខិតខំបំពេញភារកិច្ចដោយការទទួលខុសត្រូវខ្ពស់បំផុត​ក្នុងការការពារអធិបតេយ្យភាព និងទឹកដីស្របច្បាប់របស់កម្ពុជា​​ ជាច្រើនទសវត្សរ៍មកហើយ។ មេដឹកនាំកម្ពុជា សង្កត់ធ្ងន់ថា នេះជាការចោទប្រកាន់ដ៏ធ្ងន់ធ្ងរមួយ ដែលមិនអាចទទួលយកបាន។

ដើម្បីបង្ហាញនូវតម្លាភាព គណនីយភាព និងការទទួលខុសត្រូវរបស់រាជរដ្ឋាភិបាល​​ សម្តេចនាយករដ្ឋមន្រ្តី ប្រកាសផ្ដល់ឱកាសឱ្យលោក អ៊ុំ សំអាន និងក្រុមរបស់លោក​​ ដូចខាងក្រោម។ ១. អញ្ជើញលោក អ៊ុំ សំអាន និងក្រុមជំនាញព្រំដែនរបស់លោក នាំយកនូវឯកសារ និងភស្តុតាងទាំងឡាយដែលលោកមាន ពាក់ព័ន្ធនឹងព្រំដែនកម្ពុជា-ថៃ​អំពីបង្គោលសីមាលេខ៥២ និងលេខ៥៩ មកជជែកគ្នាត្រង់ទៅ​ត្រង់មក ជាមួយក្រុមការងារជំនាញព្រំដែនរបស់រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន​នៅកម្ពុជា។

២. ក្នុងដំណាក់កាលនេះ ដែលការចរចា​ និងការដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសថៃ​មិនទាន់ចប់ រាជរដ្ឋាភិបាលកម្ពុជា មិនអាចបញ្ចេញនូវព័ត៌មានរសើបមួយចំនួន ជាលក្ខណៈទូលំទូលាយ​តាមបណ្ដាញសង្គមនោះទេ។ ទោះជាយ៉ាងនេះក្តី ដើម្បីបង្ហាញនូវតម្លាភាព គណនីយភាព និងការទទួលខុសត្រូវ ក្នុងពេលជជែកវែកញែកគ្នានោះ រាជរដ្ឋាភិបាលកម្ពុជា នឹងបើកឱកាសឱ្យមានការចូលរួមស្តាប់ ពីអ្នកសារពត៌មាន តំណាងគណបក្ស អង្គការសង្គមស៊ីវិល និស្សិត បញ្ញវន្ត​ និងមហាជនខ្មែរ ក្នុងកម្រិតណាមួយ ដើម្បីធ្វើជាសាក្សី និងបានដឹងបានឮ អំពីព័ត៌មានពិត ពាក់ព័ន្ធបញ្ហាដែលជាកង្វល់របស់ប្រជាពលរដ្ឋ។

៣. សម្តេចប្រមុខរាជរដ្ឋាភិបាល ធានាសុវត្ថិភាពឱ្យលោក អ៊ុំ សំអាន និងក្រុមរបស់លោក អំឡុងពេលមានវត្តមាននៅកម្ពុជា រហូតដល់លោក និងក្រុមរបស់លោក​​ ចាកចេញផុតពីកម្ពុជាវិញ។ ៤. បើលោកខ្វះខាតថវិកាទិញសំបុត្រយន្តហោះមកកម្ពុជា សម្តេចនាយករដ្ឋមន្រ្តី នឹងចេញថ្លៃសំបុត្រយន្តហោះឱ្យលោក។ ៥. បើលោកខ្វះមធ្យោបាយធ្វើដំណើរ និងកន្លែងស្នាក់នៅ សម្តេច នឹងរៀបចំឱ្យ​ដោយឥតគិតថ្លៃ ក្នុងអំឡុងពេលលោកមានវត្តមាននៅកម្ពុជា។

សម្តេចនាយករដ្ឋមន្រ្តី បញ្ជាក់ថា នេះមិនមែនជាការចង់ផ្ចាញ់ផ្ចាលជាមួយលោក អ៊ុំ សំអាន និងក្រុមរបស់លោកនោះទេ ប៉ុន្តែ ដើម្បីបង្ហាញតម្លាភាព ភាពត្រឹមត្រូវ និងការទទួលខុសត្រូវរបស់រាជរដ្ឋាភិបាល ចំពោះមុខប្រជាពលរដ្ឋ ពាក់ព័ន្ធនឹងបញ្ហាព្រំដែនជាមួយប្រទេសថៃ ជាពិសេសនៅក្នុងដំណាក់កាលព្រំដែនកម្ពុជា-ថៃ មិនទាន់បានដោះស្រាយចប់។ សម្តេច បន្ថែមថា រាជរដ្ឋាភិបាលកម្ពុជា មិនមានការលាក់បាំងអ្វី ហើយក៏មិនខ្លាចក្នុងការការទទួលខុសត្រូវចំពោះកិច្ចការងាររបស់ខ្លួននោះទេ ដោយក្រុមការងារបច្ចេកទេសជំនាញព្រំដែនរបស់រាជរដ្ឋាភិបាល​ ត្រៀមខ្លួនជាស្រេច ដើម្បីចូលរួមការជជែកគ្នាត្រង់ទៅ​​​ត្រង់មកជាមួយលោក អ៊ុំ សំអាន និងក្រុមរបស់លោក៕ 

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត