មិនហ៊ានធ្វេសប្រហែសបន្តិចសោះឡើយ! វីរនគរបាល ប្រុងស្មារតីខ្ពស់ជាប់ជានិច្ច ដើម្បីរួមកម្លាំងជាមួយវីរកងទ័ព ការពារទឹកដីកម្ពុជា
Mao Sopha
•
15 ម៉ោងមុន

ព្រះវិហារ៖ លោកនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ តំណាងឱ្យលោក ស សុខា ឧបនាយករដ្ឋមន្ដ្រី-រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានចុះសួរសុខទុក្ខ និងនាំយកអំណោយជូនកងកម្លាំងនគរបាលការពារព្រំដែនគោក ប្រចាំទិសភូមិភាគទី៤  ខេត្តព្រះវិហារ កាលពីព្រឹកថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៦។

លោកនាយឧត្តមសេនីយ៍ ខេង សុមេធ អគ្គស្នងការរងនគរបាលជាតិ និងជាមេបញ្ជាការនគរបាលជាតិប្រចាំទិសភូមិភាគទី៣-ទី៤-ទី៥ បានធ្វើសេចក្ដីរាយការណ៍អំពីស្ថានភាពទូទៅនៅតាមបន្ទាត់ព្រំដែន ព្រមទាំងបង្ហាញពីការប្រុងស្មារតីខ្ពស់ជាប់ជានិច្ចរបស់កងកម្លាំងនគរបាល ដើម្បីចូលរួមជាមួយកងយោធពលខេមរភូមិន្ទ ក្នុងការការពារបូរណភាពទឹកដី និងអធិបតេយ្យជាតិ។

លោក ស ថេត បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កងកម្លាំងនគរបាលការពារព្រំដែន ក្នុងការរក្សាបានសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋ ជាពិសេសការពារបូរណភាពទឹកដី និងអធិបតេយ្យជាតិ។ លោកនាយឧត្តមសេនីយ៍ ក៏បានបង្ហាញការស្ញប់ស្ញែងចំពោះការបំពេញតួនាទីភារកិច្ចរបស់កម្លាំងនគរបាលការពារព្រំដែន ដែលបានប្រកៀកស្មាយ៉ាងរឹងមាំ តស៊ូក្រាញននៀល ជាមួយកងយោធពលខេមរភូមិន្ទ ប្រឆាំងការទន្ទ្រានឈ្លានពានពីប្រទេសជិតខាង។

ជាមួយគ្នា មេនគរបាលទូទាំងប្រទេសរូបនេះ បានណែនាំឱ្យកងកម្លាំងនគរបាលទាំងអស់ បន្តសហការជាមួយបណ្ដាអង្គភាពពាក់ព័ន្ធ និងអាជ្ញាធរមានសមត្ថកិច្ច ដើម្បីផ្លាស់ប្ដូរព័ត៌មានឱ្យគ្នាទៅវិញទៅមក សំដៅបង្ការ ទប់ស្កាត់ និងឈានទៅបង្ក្រាបបទល្មើសឱ្យបានទាន់ពេលវេលា។ លោក បន្ថែមថា កងកម្លាំងនគរបាលទាំងអស់ ត្រូវត្រៀមលក្ខណៈសម្បត្តិឱ្យបានគ្រប់គ្រាន់ ដើម្បីទទួលបញ្ជារបស់ថ្នាក់ដឹកនាំ ក្នុងការការពារសន្ដិសុខ សណ្ដាប់ធ្នាប់ សុវត្ថិភាព និងបូរណភាពទឹកដី។ សូមជម្រាបថា មកដល់ពេលនេះ កងកម្លាំងថៃ នៅមិនទាន់បញ្ឈប់សកម្មភាពឈ្លានពានទឹកដីកម្ពុជានោះទេ៕ 

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត