ច្រើនស្អេកស្កះដូចសម្បុកពីងពាង! លំនៅឋានដល់ទៅ៩៤ខ្នងក្នុងបុរីស៊ីវិល័យប្រទេសថៃ ជាប់សង្ស័យថា ជាបណ្តាញឆបោកអនឡាញ
Mao Sopha
•
12 ម៉ោងមុន

រាជធានីបាងកក៖ ប៉ូលិសថៃ បានឆ្មក់ចូលឆែកឆេរអគារដល់៩៤ខ្នង ស្ថិតក្នុងបុរីប្រណីតៗចំនួន៤ទីតាំងផ្សេងគ្នា នៅរាជធានីបាងកក ក្រោយសង្ស័យថា ជនជាតិថៃ ត្រូវបានប្រើប្រាស់ ឬជួលឱ្យធ្វើជាតំណាងកាន់កាប់អចលនទ្រព្យទាំងនេះ ជំនួសជនបរទេសដែលលាក់មុខនៅពីក្រោយ។ ផ្ទះ ឬអគារទាំង៩៤ខ្នង មានតម្លៃសរុបជាង៦ ពាន់លានបាត ឬប្រហាក់ប្រហែលនឹង១៨៥លានដុល្លារអាម៉េរិក ហើយអ្វីដែលគួរឱ្យភ្ញាក់ផ្អើលខ្លាំងបំផុតនោះ គឺទីតាំងអស់នេះ ត្រូវសមត្ថកិច្ចរកឃើញតម្រុយថា អាចជាប់ពាក់ព័ន្ធនឹងអំពើឆបោក និងល្បែងស៊ីសងអនឡាញខុសច្បាប់។

សារព័ត៌មានខាវសតរបស់ថៃ ចុះផ្សាយនៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៦នេះ ដោយផ្អែកលើការអះអាងរបស់ប៉ូលិសថា ជនបរទេស បានជួល ឬប្រើឈ្មោះជនជាតិថៃឱ្យកាន់កាប់អគារទាំង៩៥ខ្នងនេះ ដើម្បីគេចវេះពីច្បាប់ស្តីពីការកាន់កាប់ដីធ្លី។ បច្ចុប្បន្ន ប៉ូលិសថៃ បានកំណត់អត្តសញ្ញាណជនជាតិខ្លួនដល់ទៅ១៥៦នាក់ ដែលអាចត្រូវបានជួល និងប្រើឈ្មោះ ក្នុងការកាន់កាប់ក្រុមហ៊ុន ឬអចលនទ្រព្យជំនួសជនបរទេស។ ក្នុងចំណោមអ្នកទាំងនោះ មានមួយចំនួន អះអាងថា ពួកគេធ្លាប់ផ្តល់ឯកសារផ្ទាល់ខ្លួនសម្រាប់ស្នើសុំកម្ចីតាមអនឡាញ ប៉ុន្តែឯកសារទាំងនោះ អាចត្រូវបានយកទៅប្រើប្រាស់ ដើម្បីលួចបង្កើតក្រុមហ៊ុនខុសច្បាប់ជាសម្ងាត់។ 

ក្នុងប្រតិបត្តិការខាងលើ ប៉ូលិសថៃ បានចាប់ជនសង្ស័យ១១នាក់ ក្នុងនោះ ជនជាតិចិន១០នាក់ និងជនជាតិអាម៉េរិកម្នាក់។ ប៉ូលិសថៃ សង្ស័យថា ជនសង្ស័យទាំងនេះ អាចមានទំនាក់ទំនងនឹងក្រុមឆបោកតាមអនឡាញ និងល្បែងស៊ីសងតាមអនឡាញ ហើយបណ្តាញរបស់ពួកគេ អាចកំពុងប្រតិបត្តិការនៅប្រទេសចិន និងនៅប្រទេសភូមា។ បន្ថែមពីនេះ ប៉ូលិសថៃ ក៏កំពុងបន្តស៊ើបអង្កេត ដើម្បីស្វែងរកប្រភពលុយ និងទំនាក់ទំនងរវាងអចលនទ្រព្យទាំងនេះជាមួយបណ្តាញឆបោក៕  

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត