ហ្សេឡេនស្គីរិះគន់អាម៉េរិក គ្មានចិត្តចង់ជួយអ៊ុយក្រែនដោយស្មោះ បន្ទាប់ពីរុស្ស៊ីទម្លាក់គ្រាប់បែកសម្លា.ប់មនុស្សជាង៧០នាក់
N
Nary Vann
•
2 ថ្ងៃមុន

រដ្ឋធានីកៀវ៖ លោកប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀ ហ្សេឡេនស្គី (Volodymyr Zelenskiy) បានចេញមុខរិះគន់សហរដ្ឋអាម៉េរិកយ៉ាងចាស់ដៃ ដោយចោទថា មេដឹកនាំរដ្ឋធានីវ៉ាស៊ីនតោន គ្មានចិត្តចង់ជួយអ៊ុយក្រែននោះទេ បន្ទាប់ពីការវាយប្រហារដោយគ្រាប់បែក និងដ្រូនរបស់រុស្ស៊ី កាលពីថ្ងៃទី៨ ខែតុលា សម្លាប់ប្រជាជនយ៉ាងហោចណាស់៣៥នាក់បន្ថែមទៀត ធ្វើឱ្យចំនួនអ្នកស្លាប់ក្នុងរយៈពេលពីរថ្ងៃនៃការវាយប្រហារទូទាំងប្រទេស កើនឡើងរហូតដល់៧៨នាក់ និងរបួសជាង២១៥នាក់...។

ការទម្លាក់គ្រាប់បែកតាមអាកាសរបស់រុស្ស៊ី បានបុកទម្លុះរថយន្តក្រុងចំនួនពីរគ្រឿង នៅក្នុងទីក្រុងក្រាម៉ាត់ថឺក (Kramatorsk) ដោយបានសម្លាប់មនុស្សអស់៣៥នាក់ និង២០នាក់ទៀតរងរបួស ហេតុការណ៍នេះ កើតឡើងបន្ទាប់ពីការវាយប្រហារដោយដ្រូន និងមីស៊ីលទ្រង់ទ្រាយធំកាលពីថ្ងៃមុន បានសម្លាប់មនុស្ស២២នាក់នៅអគារស្នាក់នៅក្នុងទីក្រុងព្រីលូគី Pryluky។ សរុបមក ក្នុងរយៈពេល២ថ្ងៃ ការវាយប្រហាររបស់រុស្ស៊ីនៅទូទាំងប្រទេស បានសម្លាប់មនុស្ស៧៨នាក់ និងបង្កឱ្យរបួស២១៥នាក់។ អភិបាលតំបន់ បានចោទប្រកាន់ថា រុស្ស៊ីមានចេតនាតម្រង់ទិសលើប្រជាជនស៊ីវិល ដើម្បីបង្កការខូចខាត និងសម្លាប់មនុស្សឱ្យបានច្រើនបំផុត។

ជុំវិញបញ្ហាខាងលើ លោក ហ្សេឡេនស្គី បានសម្ដែងការខកចិត្តយ៉ាងខ្លាំងចំពោះរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាម៉េរិក លោក ម៉ាកូ រូប៊ីអូ (Marco Rubio) ដែលបានលើកឡើងថា សង្គ្រាមកំពុងស្ថិតក្នុង«ភាពទាល់ច្រក»។ ប្រធានាធិបតីអ៊ុយក្រែន បានតបតវិញថា វាជាការខ្វះឆន្ទៈក្នុងការជួយអ៊ុយក្រែនទៅវិញទេ ខណៈមានរបាយការណ៍ថា មន្ត្រីជាន់ខ្ពស់សហរដ្ឋអាម៉េរិក កំពុងលួចចរចាជាមួយរុស្ស៊ី អំពីគម្រោងវិនិយោគលើបំពង់ឧស្ម័ន Nord Stream។ លើសពីនេះ លោក ហ្សេឡេនស្គី បានអំពាវនាវឱ្យសហរដ្ឋអាម៉េរិក បើកសិទ្ធិប្រើប្រាស់ប្រព័ន្ធអ៊ីនធឺណិត Starlink ពេញលេញ និងផ្តល់អាវុធការពារអាកាសបន្ថែម ដើម្បីឱ្យអ៊ុយក្រែនអាចបំផ្លាញទីតាំងបាញ់មីស៊ីលរបស់រុស្ស៊ី និងបង្ខំឱ្យលោក ពូទីន ចូលតុចរចា៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត