
រដ្ឋធានីវ៉ាស៊ីនតោន៖ ប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ បានប្រកាសកាលពីថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៦ ថា លោកបានព្រមព្រៀងជាមួយប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ក្នុងការនាំចូលប្រេងម៉ាស៊ូតទ្រង់ទ្រាយធំមកកាន់ទីផ្សារអាម៉េរិក និងសកលលោក ដោយយល់ព្រមបន្ធូរបន្ថយទណ្ឌកម្មលើរដ្ឋធានីម៉ូស្គូជាបណ្តោះអាសន្ន ក្នុងគោលបំណងទាញទម្លាក់តម្លៃប្រេងឥន្ធនៈ មុនពេលការបោះឆ្នោតពាក់កណ្តាលអាណត្តិនៅអាម៉េរិកចូលមកដល់។

តាមរយៈបណ្តាញសង្គម Truth Social លោក ត្រាំ បានបង្ហើបថា រុស្ស៊ីនឹងបញ្ជូនប្រេងម៉ាស៊ូតភ្លាមៗ៣សែនតោន ចូលទីផ្សារ ហើយនឹងបន្ថែម៥សែនតោនទៀតក្នុងខែវិច្ឆិកា ព្រមទាំង១លានតោនបន្ទាប់ពីនោះ ដោយមានផែនការនាំចូលសរុបរហូតដល់៣លានតោន ក្នុងរយៈពេលដ៏ខ្លីខាងមុខ។ ដើម្បីសម្រួលដល់កិច្ចព្រមព្រៀងនេះ ក្រសួងរតនាគារអាម៉េរិក បានចេញលិខិតអនុញ្ញាតបណ្តោះអាសន្នភ្លាមៗ ដើម្បីបើកឱ្យប្រេងម៉ាស៊ូតរុស្ស៊ីអាចចរាចរលើទីផ្សារសកលរហូតដល់ខែមេសា ឆ្នាំ២០២៧។

ការសម្រេចចិត្តដ៏គួរឱ្យភ្ញាក់ផ្អើលនេះ ធ្វើឡើងចំពេលដែលគណបក្សសាធារណរដ្ឋរបស់លោក ត្រាំ កំពុងប្រឈមមុខនឹងហានិភ័យបាត់បង់សំឡេងភាគច្រើនក្នុងសភា ក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិ នាខែវិច្ឆិកាខាងមុខ ដោយសារតែប្រជាជនអាម៉េរិកកំពុងក្ដៅក្រហាយនឹងតម្លៃរស់នៅ។ ចាប់តាំងពីការផ្ទុះសង្គ្រាមអាម៉េរិក-អ៊ីស្រាអែល ប្រឆាំងនឹងអ៊ីរ៉ង់ និងការបិទច្រកសមុទ្ទហ័រមូស្សនៅចុងខែកុម្ភៈមក តម្លៃសាំងនៅអាម៉េរិកបានហក់ឡើង៤៦ភាគរយ ខណៈប្រេងម៉ាស៊ូតបានស្ទុះឡើងដល់៦៧ភាគរយ។

ថ្វីបើការបន្ធូរបន្ថយទណ្ឌកម្មនេះរងការរិះគន់ថា អាចជួយផ្តល់ចំណូលដល់រុស្ស៊ីសម្រាប់សង្គ្រាមនៅអ៊ុយក្រែនក៏ដោយ ប៉ុន្តែលោក ត្រាំ បានអះអាងថា អាទិភាពធំបំផុតរបស់លោកគឺការបន្ថយតម្លៃរស់នៅជូនប្រជាជន។ សេចក្តីប្រកាសនេះក៏បានធ្វើឡើងក្នុងថ្ងៃតែមួយដែលមន្ត្រីអាម៉េរិក អ៊ុយក្រែន និងអឺរ៉ុប ជួបគ្នានៅទីក្រុង Miami ដើម្បីបើកកិច្ចចរចាការទូតថ្មី សំដៅបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែនផងដែរ៕




