
រាជធានីបាងកក៖ មេដឹកនាំគណបក្សប្រឆាំងនៅក្នុងប្រទេសថៃ កំពុងរៀបចំដាក់ញត្តិ បើកការដេញដោលអស់ទំនុកចិត្តលើរដ្ឋមន្ត្រីជាង១០រូប មកពីគណបក្សភូមិចៃថៃ នៅក្នុងសប្តាហ៍នេះ។ នេះបើយោងតាមប្រភពព័ត៌មានពីមេដឹកនាំបក្សប្រឆាំង កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦...។

លោក នត្ថពង្ស រឿងបញ្ញាវុធ (ณัฐพงศ์ เรืองปัญญาวุฒิ) មេដឹកនាំគណបក្សប្រជាជន(ថៃ) បានផ្ញើសញ្ញាពីផែនការដាក់ញត្តិនេះឱ្យបានឆាប់បំផុត ដោយប្រភពជាន់ខ្ពស់បានបង្ហើបថា ញត្តិអាចនឹងត្រូវដាក់ជូននៅថ្ងៃទី៧-៨ ខែតុលា ដើម្បីឱ្យលោកប្រធានសភា សុភ័ណ សារ៉ាំ (โสภณ ซารัมย์) ភ្ញាក់ផ្អើល ខណៈសន្និសីទសារព័ត៌មានរួមគ្នាមួយ នឹងត្រូវធ្វើឡើងនៅថ្ងៃព្រហស្បតិ៍នេះ វេលាម៉ោង២រសៀល។ ដើម្បីទប់ស្កាត់មិនឱ្យរដ្ឋមន្ត្រីទាំងអស់ត្រូវលាលែងពីតំណែងក្នុងករណីញត្តិជោគជ័យ បក្សប្រឆាំង បានជ្រើសរើសយុទ្ធសាស្ត្រវាយប្រហារលើលោក អានុទីន ឆានវីរគុល ក្នុងនាមជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជំនួសឱ្យតំណែងនាយករដ្ឋមន្ត្រី។ យុទ្ធសាស្ត្រនេះ ធ្វើឡើងដើម្បីល្បងមើលថា តើគណបក្សសម្ព័ន្ធមិត្តរាជរដ្ឋាភិបាល ជាពិសេសគណបក្សភឿថៃ នឹងបន្តគាំទ្ររដ្ឋមន្ត្រីនៃបក្សភូមិចៃថៃទៀត ឬយ៉ាងណា?

ចំពោះប្រធានបទធំៗដែលបក្សប្រឆាំងលើកយកមកជជែកដេញដោល គឺផ្តោតលើរឿងអាស្រូវនៃការឃុបឃិតគ្នាក្នុងការជ្រើសរើសសមាជិកព្រឹទ្ធសភា ការគ្រប់គ្រងគ្រោះទឹកជំនន់មិនបានល្អនៅរាជធានីបាងកកដែលបណ្តោយឱ្យទឹកស្អុយ រួមទាំងការអវត្តមានរបស់មន្ត្រីមួយចំនួនដែលបានទៅចូលរួមពិធីខួបកំណើតរបស់អ្នកនយោបាយម្នាក់ ចំពេលប្រជាជនកំពុងរងគ្រោះ។ លើសពីនេះ បក្សប្រឆាំងក៏នឹងបើកកកាយបន្ថែមពីអំពើពុករលួយក្នុងការប្រឡងជ្រើសរើសមន្ត្រីមូលដ្ឋាន បញ្ហាក្រុមឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងការជ្រៀតជ្រែកនៃ «ដើមទុនប្រផេះ» ផងដែរ៕



