
រដ្ឋធានីញូវដេលី៖ មហាអំណាចនុយក្លេអ៊ែរអាស៊ីខាងត្បូង[ឥណ្ឌា] បានសម្រេចលក់ប្រព័ន្ធមីស៊ីលការពារដែនអាកាស ដែលមានឈ្មោះថា «Akash» ទៅឱ្យប្រទេសតាជីគីស្ថាន និងតួកមេនីស្ថាន ខណៈសកម្មភាពនេះគឺជាការបោះជំហានឈានជើងជ្រែកចូលដែនដីអាស៊ីកណ្តាល ទន្ទឹមនឹងរដ្ឋធានីញូវដេលីកំពុងខិតខំប្រឹងប្រែងរលាស់ខ្លួនទៅជាមហាអំណាចនាំចេញអាវុធដ៏សំខាន់មួយ នៅលើឆាកអន្តរជាតិ...។

រដ្ឋលេខាធិការក្រសួងការពារជាតិឥណ្ឌា លោក រជ្ជៈកុមារ សិង្ហ (Rajesh Kumar Singh) បានបញ្ជាក់ពីការលក់អាវុធចុងក្រោយនេះ កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន ដោយបានបង្ហើបពីការចាប់អារម្មណ៍បន្ថែមពីបណ្តាប្រទេសផ្សេងៗទៀត និងបានលើកឡើងថា៖«ប្រព័ន្ធមីស៊ីល Akash គឺជារឿងរ៉ាវជោគជ័យដ៏ត្រចះត្រចង់មួយរបស់យើង»។ ប្រព័ន្ធ Akash ដែលត្រូវបានអភិវឌ្ឍឡើងដោយអង្គការស្រាវជ្រាវ និងអភិវឌ្ឍន៍ការពារជាតិឥណ្ឌា គឺជាប្រព័ន្ធមីស៊ីលបាញ់ពីដីទៅអាកាសចម្ងាយខ្លីដែលផលិតក្នុងស្រុក អាចហោះជ្រែកអាកាសទៅកម្ទេចគោលដៅច្រើនក្នុងពេលតែមួយ និងមានប្រព័ន្ធការពារពារស្វ័យប្រវត្តិ កាត់ផ្តាច់ការរំខានផ្នែកអេឡិចត្រូនិកថែមទៀតផង។ យោងតាមក្រសួងការពារជាតិឥណ្ឌា មីស៊ីលនេះ អាចបាញ់កម្ទេចគោលដៅលើអាកាសក្នុងរយៈកម្ពស់ចាប់ពី១០០ម៉ែត្រ ដល់២០គីឡូម៉ែត្រ ដោយមានកាំប្រតិបត្តិការវាយប្រហារចន្លោះពី៤,៥គីឡូម៉ែត្រ ដល់២៥គីឡូម៉ែត្រ។ មីស៊ីលនីមួយៗមានប្រវែង ៥,៨៧ម៉ែត្រ ទម្ងន់ប្រមាណ៧១០គីឡូក្រាម និងប្រើប្រាស់ប្រព័ន្ធបញ្ជាណែនាំរលកធាតុអាកាស ដើម្បីចាក់សោកម្ទេចគោលដៅបានយ៉ាងមានប្រសិទ្ធភាព។

ហេតុអ្វីបានជាកិច្ចព្រមព្រៀងអាវុធរបស់ឥណ្ឌានៅអាស៊ីកណ្តាល បង្កការព្រួយបារម្ភដល់រុស្ស៊ី និងចិន..? មែនទែនទៅ កិច្ចព្រមព្រៀងលក់ប្រព័ន្ធមីស៊ីលការពារអាកាស Akash របស់ឥណ្ឌា ទៅឱ្យប្រទេសតាជីគីស្ថាន និងតួកមេនីស្ថាន គឺជាជំហានយុទ្ធសាស្ត្រដ៏សំខាន់មួយរបស់ឥណ្ឌា ដែលប៉ះពាល់ដោយផ្ទាល់ដល់ផលប្រយោជន៍ និងឥទ្ធិពលរបស់មហាអំណាចរុស្ស៊ី និងចិន នៅក្នុងតំបន់អាស៊ីកណ្តាល។ ដ្បិតឥណ្ឌា-រុស្ស៊ី ជាសម្ព័ន្ធមិត្តចាក់ទឹកមិនលិចក៏ដោយ ប៉ុន្តែសម្រាប់រុស្ស៊ី តំបន់អាស៊ីកណ្តាល ប្រៀបបាននឹង«ដីសល់ក្រោយខ្នង» ឬជាដែនដីឥទ្ធិពលសន្តិសុខប្រពៃណីរបស់វិមានក្រឹមឡាំង ចាប់តាំងពីសម័យសហភាពសូវៀតមកម្ល៉េះ។
ដូច្នេះ ការដែលឥណ្ឌាចេញមុខចេញមាត់ ផ្គត់ផ្គង់អាវុធនៅទីនេះ គឺជាការកាត់បន្ថយការពឹងផ្អែករបស់បណ្តារដ្ឋទាំងនោះលើរុស្ស៊ីម្ដងបន្តិចៗ ព្រោះថា បណ្តាប្រទេសនៅអាស៊ីកណ្តាលតែងតែទិញអាវុធ និងប្រព័ន្ធការពារអាកាស ដូចជា S-300 ឬ Tor ពីរុស្ស៊ី។ ម្ល៉ោះហើយ ការលក់មីស៊ីល Akash ក្នុងតម្លៃធូរថ្លៃ មានប្រសិទ្ធភាពខ្ពស់ និងគ្មានលក្ខខណ្ឌនយោបាយស្មុគស្មាញ បានធ្វើឱ្យឥណ្ឌាក្លាយជាគូប្រជែអាវុធថ្មីមួយរបស់រុស្ស៊ី។ ចុះ ហេតុអ្វីបានជាធ្វើឱ្យនាគរាជចិន បញ្ឈរភ្នែកដេកមិនលក់ បក់មិនល្ហើយដែរ..? [..] នោះក៏ដោយសារតែចិន កំពុងព្យាយាមពង្រីកឥទ្ធិពលសេដ្ឋកិច្ច នយោបាយ និងសន្តិសុខយ៉ាងខ្លាំង នៅអាស៊ីកណ្តាលតាមរយៈគម្រោង«ខ្សែក្រវាត់ និងផ្លូវ (BRI)» និងការនាំចេញអាវុធទៅកាន់បណ្តាប្រទេសទាំងនោះដូចគ្នា។

ការឈានជើងចូលដែនភាគកណ្តាលពីសំណាក់ឥណ្ឌា គឺជាការបង្កើតជញ្ជីងតុល្យភាពអំណាច ក្នុងការរារាំងចិន មិនឱ្យក្រសោបយកឥទ្ធិពលភូមិសាស្ត្រនយោបាយតែម្នាក់ឯង។ កន្លងទៅ រដ្ឋធានីញូវដេលីមើលឃើញថា ចិនតែងតែប្រើប្រាស់ប៉ាគីស្ថាន និងភូមា ដើម្បីឡោមព័ទ្ធខ្លួន។ ដូច្នេះ ការដែលឥណ្ឌាពង្រឹងចំណងមិត្តភាពយោធាជាមួយប្រទេសជិតខាងភាគខាងជើងរបស់ចិននេះ អាចទំនងជាយុទ្ធសាស្ត្របង្កើតចំណុចប្រទាក់ក្រឡាយុទ្ធសាស្ត្រ ក្នុងចេតនាតបតរដ្ឋធានីប៉េកាំងវិញ៕





