តើមានអ្វីនៅពីក្រោយការមិនអនុវត្តច្បាប់...? ចោរដៃរហ័សលួច៤ដងត្រូវពលរដ្ឋចាប់បាន តែសមត្ថកិច្ចលែងវិញ
អ
អាន ប៊ុនរ័ត្ននៈ
•
06 កុម្ភៈ 2022 06:00 PM

(រាជធានីភ្នំពេញ)៖ ចោរដៃរហ័សចេញ-ចូលប៉ុស្តិ៍នគរបាល ដូចចូលក្លិបកម្សាន្ត ត្រូវបានទ្រោមខ្លួន ក្រោយពីប្រជាពលរដ្ឋចាប់យកទៅឱ្យសមត្ថកិច្ច កាលពីវេលាម៉ោង៥ព្រឹកថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២២ ស្ថិតនៅផ្លូវបេតុង ក្រុម១ ភូមិថ្មគោល២ សង្កាត់ចោមចៅទី២ ខណ្ឌពោធិសែនជ័យ។ ចោរដៃឆើតរូបនេះ បានសារភាពថា រូបគេ ធ្លាប់ត្រូវបានសមត្ថកិច្ចចាប់ខ្លួន៤លើករួចមកហើយ និងគ្មានមុខរបរអ្វីក្រៅពីដើរលួចនោះឡើយ ហើយនេះជាលើកទី៥ ដែលរូបគេជួបរឿងស៊យ ត្រូវពលរដ្ឋព័ទ្ធចាប់បាន ទាំងដែលរូបគេលួចកាបូបពីជនរងគ្រោះបានសម្រេចទៅហើយ….។

ប្រភពព័ត៌មានពីសមត្ថកិច្ច បានឱ្យដឹងថា ជនសង្ស័យខាងលើ ជាចោរដៃឆើតមានឈ្មោះ ហង្ស ពៅ ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិព្រៃទា១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិសែនជ័យ និងមានស្រុកកំណើតនៅភូមិព្រៃរំដួលជើង ឃុំបសេដ្ឋ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។ ជនសង្ស័យរូបនេះ ធ្លាប់ត្រូវបានសមត្ថកិច្ចចាប់ខ្លួន មកអប់រំនៅប៉ុស្តិ៍ចំនួន៤លើកហើយ តែគេនៅមិនរៀងចាល ខណៈដែលសមត្ថកិច្ចផ្តល់ឱកាសឱ្យកែខ្លួនម្ដងហើយម្ដងទៀត។ នេះជាលើកទី៥ហើយ ដែលប្រជាពលរដ្ឋចាប់ខ្លួនសាជាថ្មី យកមកប្រគល់ឱ្យសមត្ថកិច្ចអនុវត្តច្បាប់។

ដោយឡែក បើយោងតាមប្រភពពីប្រជាការពារភូមិ បានឱ្យដឹងថា នៅវេលាម៉ោងខាងលើ ជនរងគ្រោះបានរៀបចំខ្លួន ចេញទៅរកទិញអីវ៉ាន់នៅផ្សារដើមគរ ក៏ស្រាប់តែជនសង្ស័យជិះកង់ទៅធ្វើសកម្មភាពលួចកាបូបលុយពីជនរងគ្រោះ បានជាង១លានរៀល និងទូរសព្ទ១គ្រឿ។ ពេលនោះ ជនរងគ្រោះ មើលឃើញទាន់ ក៏ស្រែកឆោឡោឡើងផ្អើលអស់អ្នកភូមិនាំគ្នា ដេញតាមចាប់ រួចដឹកតាមម៉ូតូកង់បី យកទៅប្រគល់ឱ្យសមត្ថកិច្ចប៉ុស្តិ៍តែម្ដង។ ចំណែកឯកាបូបលុយ ត្រូវបានជនរងគ្រោះដណ្តើមបានមកវិញ មិនមានបាត់បង់របស់ទ្រព្យនោះឡើយ។ រីឯជនសង្ស័យត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅប៉ុស្តិ៍ចោមចៅទី២ ដើម្បីសាកសួរ និងកសាងសំណុំរឿងចាត់ការតាមនីតិវិធី។

ទោះយ៉ាងណា ប្រជាពលរដ្ឋនៅមូលដ្ឋានខាងលើ បានសំណូមពរដល់អាជ្ញាធរសមត្ថកិច្ច ល្មមដល់ពេលអនុវត្តច្បាប់ហើយ ព្រោះនេះមិនមែនជាករណីទី១ ឬទី២នោះទេ ប៉ុន្តែជាលើកទី៥ហើយដែរ ដូច្នេះមិនគួរអប់រំមនុស្សអីច្រើនដងពេកគេ ខណៈរូបគេក៏មិនព្រមរៀងចាលនោះដែរ។ កាលណាបណ្តោយបែបនេះ គឺជនស្ស័យគិតថា អាជ្ញាធរមិនហ៊ានអនុវត្តច្បាប់ចំពោះរូបគេនោះឡើយ បានជាចាប់ហើយ លែងវិញបែបនេះ? ឬមួយក៏មានអ្វីនៅពីក្រោយការដោះលែងជនសង្ស័យ ដូចការខ្សឹបខ្សៀវរបស់ពលរដ្ឋក្នុងមូលដ្ឋាន ដែលថាមានរឿងមិនប្រក្រតីនៅពីក្រោយការអនុវត្តច្បាប់របស់មន្ត្រីអាជ្ញាធរប៉ុស្តិ៍…៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត