ក្រុមចោរគាស់រោងចក្រចំនួនបីនាក់ ជាប់អន្ទាក់សមត្ថកិច្ច ក្រោយលួចស្បែកជើងបានជិត៤០០គូ
SBM News
•
24 ឧសភា 2022 06:00 PM

ខេត្តកំពង់ស្ពឺ៖ នាយកដ្ឋានគ្រប់គ្រងសន្តិសុខឯកជន បង្ក្រាបករណីចោរគាស់រោងចក្រលួចសម្ភារៈយ៉ាងសកម្ម ដោយឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ បញ្ជូនទៅតុលាការ នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២។

ក្រុមចោរ៣នាក់ បានចូលគាស់រោងចក្រ Wing Star Shoes Co.Ltd ដែលស្ថិតនៅភូមិភោគ ឃុំវិហារ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង០២និង៣៩នាទី លួចយកស្បែកជើងម៉ាក Asics ចំនួន៣៣កេះ ស្មើនិង៣៩៤គូ និងប្រាក់ចំនួន ៤០០ ០០០(បួនសែន) រៀល រួចគេចខ្លួន។

ការឃាត់ខ្លួនជនសង្ស័យ ធ្វើឡើងនៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២ បន្ទាប់ពីនាយកដ្ឋានគ្រប់គ្រងសន្តិសុខឯកជន ទទួលបានពាក្យបណ្តឹងពីក្រុមហ៊ុនសន្តិសុខឯកជន ហ្វ័រត្រាស ដែលជាតំណាងរោងចក្រខាងលើ។ ឧត្តមសេនីយ៍ឯក លឹម សុខារស្មី ប្រធាននាយកដ្ឋានគ្រប់គ្រងសន្តិសុខឯកជន ក៏បានចាត់កម្លាំងស៊ើបអង្កេត ដឹកនាំ លោក វរសេនីយ៍ឯក ស៊ិន សុផល នាយការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី ក្រោយស្នើសុំការអនុញ្ញាតពី ឯកឧត្តម ច្រឹង ខ្មៅ ព្រះរាជអាជ្ញា អមសាលាដំបូងរាជធានីភ្នំពេញ និងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះឆែកឆេរលំនៅដ្ឋានលេខ១១០ ផ្លូវបេតុង សង្កាត់ពងទឹក ខណ្ឌដង្កោ បានរកឃើញស្បែកជើងម៉ាក Asics ដែលមានលេខកូដដូចស្បែកជើងដែលបានបាត់ចំនួន ១៤៩គូ និងឈានដល់ការឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ។

តាមប្រភពពីនាយកដ្ឋានគ្រប់គ្រងសន្តិសុខឯកជន ជនសង្ស័យ ទីមួយមានឈ្មោះ ប៉ាក លី ហៅចាន់ ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរ កម្មករសំណង់។​ ទីពីរ ឈ្មោះ លេង វិចិត្រ ភេទប្រុស អាយុ៣៣ឆ្នាំ កម្មករសំណង់ (ធ្លាប់ជាប់ពន្ធនាគារ) និងទីបី ឈ្មោះ ផា ចាន់រិទ្ធ ហៅការ៉ូ ភេទប្រុស អាយុ៤១ឆ្នាំ មុខរបរ រត់តាក់ស៊ី (អ្នកទទួលផលចោរកម្ម)។ បច្ចុប្បន្ន សមត្ថកិច្ចកំពុងបន្តស្វែងរកចាប់ខ្លួនបក្ខពួក០២នាក់ទៀតដែលរត់គេចខ្លួន ទីមួយឈ្មោះ សឿន ហៅ អាខ្មៅ ជាមេក្លោង និងឈ្មោះ រ័ត្ន ភេទប្រុស អាយុ៣០ឆ្នាំ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត