ជនជាតិវៀតណាម បបួលពួកម៉ាកខ្មែរទៅលួចម៉ូតូជនជាតិចាម ភ្លាត់ស្នៀតជាប់ខ្នោះរបស់សមត្ថកិច្ច
អ
អាន ប៊ុនរ័ត្ននៈ
•
16 ធ្នូ 2022 11:45 AM

ខេត្តកណ្ដាល ៖ យ៉ាងហោចណាស់ជនសង្ស័យចំនួន២នាក់ ក្នុងចំណោម៤នាក់ ត្រូវបានសមត្ថកិច្ចស្រុកពញាឮ ចាប់ឃាត់ខ្លួននៅនឹងកន្លែង បន្ទាប់ពីធ្វើសកម្មភាពលួចម៉ូតូជនជាតិខ្មែរ-ឥស្លាម តែត្រូវអ្នកស្រុកក្រោកឃើញទាន់ ក៏ហៅសមត្ថកិច្ចមកចាប់វាយខ្នោះទាំងយប់ ប៉ុន្តែជនសង្ស័យរួមគំនិត២នាក់ទៀតបានរត់រួច...។

យោងតាមសេចក្តីរាយការណ៍របស់ប្រជាពលរដ្ឋ នៅចំណុចភូមិឃ្លាំងស្បែក ឃុំកំពង់ហ្លួង ស្រុកពញាឮ ខេត្តកណ្តាល បានឱ្យដឹងថា ជនសង្ស័យមានគ្នា៤នាក់ បាននាំគ្នាជិះរថយន្តស៊ាំយ៉ុងមួយ មកដល់ចំណុចកើតហេតុ ក៏នាំគ្នាលួចម៉ូតូជនជាតិខ្មែរ-ឥស្លាមឈ្មោះ លី ពៅ ភេទប្រុស អាយុ៥៩ឆ្នាំ​ មានមុខរបរជាអ្នកលក់ដូរនៅទីតាំងខាងលើ ដាក់លើរថយន្តរបស់ពួកគេ។ គាប់ជួនពេលនោះ មានប្រជាពលរដ្ឋនៅផ្ទះក្បែរនោះ បានចេញមកបត់ជើងតូច(នោម) ប្រទះឃើញ ក៏បានខលទូរសព្ទរាយការណ៍ទៅសមត្ថកិច្ច ភ្លាមៗសមត្ថកិច្ចបានមកដល់ និងបានធ្វើការឃាត់ខ្លួនបានជនសង្ស័យ២នាក់ ខណៈ២នាក់ទៀតរត់បាត់ស្រមោលឈឹងតែម្ដង។

ដោយឡែកមន្ត្រីសមត្ថកិច្ច បានឱ្យដឹងថា នៅវេលាម៉ោង២ៈ១៥នាទី រំលងអធ្រាត្រថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២ បន្ទាប់ពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋរាយការណ៍ភ្លាម កម្លាំងសមត្ថកិច្ចបានចុះប្រតិបត្តិការបង្ក្រាបក្រុមជនសង្ស័យបានចំនួន២នាក់ ដែលរួមមាន៖ ទី១.ឈ្មោះ ម៉ែន រ៉ាឌី ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅម្តុំគីឡូម៉ែតលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ ទី២.ឈ្មោះ ង្វៀង តឹងម៉ី ភេទប្រុស អាយុ២៤ឆ្នាំ ជាជនជាតិវៀតណាម មុខរបរមិនពិតប្រាកដដូចគ្នា និងមានទីលំនៅនៅខណ្ឌទួលគោក រាជធានីភ្នំពេញ ចំណែកជនសង្ស័យ២នាក់ទៀត បានដឹងខ្លួនទាន់ក៏នាំគ្នារត់បាត់អស់តែម្ដង។ បច្ចុប្បន្ន ជនសង្ស័យទាំងពីរត្រូវបាននាំខ្លួនទៅកាន់អធិការដ្ឋាននគរបាលស្រុកពញាឮ ដើម្បីសាកសួរព័ត៌មានរកចនសង្ស័យបន្ថែម និងបានចាត់ការបន្តតាមនីតិវិធីច្បាប់..៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត