មិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ! យោធាអាម៉េរិកនឹង«ផ្សាយបន្តផ្ទាល់» ទិដ្ឋភាពការប្រ.ហា.រជីវិតខ្មា.ន់កាំ.ភ្លើង នីដាល់ ហាសាន
ហៀប ស៊ីថេត
•
2 ថ្ងៃមុន

រដ្ឋធានីវ៉ាស៊ីនតោន៖ មន្ត្រីក្រសួងសង្គ្រាមសហរដ្ឋអាម៉េរិក បានថ្លែងថា​ នឹងមានការផ្សាយផ្ទាល់អំពីការប្រហារជីវិត លោក នីដាល់ ហាសាន (Nidal Hasan) នាពេលខាងមុខ នៅថ្ងៃទី៣ ខែធ្នូ ដែលនេះជាវិធានការមួយមិនធ្លាប់មានពីមុនមកឡើយ...។

លោក នីដាល់ ហាសាន (Nidal Hasan)
លោក នីដាល់ ហាសាន (Nidal Hasan)

លោក នីដាល់ ហាសាន ជាអតីតគ្រូពេទ្យចិត្តសាស្ត្រយោធា បានបាញ់សម្លាប់មនុស្ស ១៣នាក់ នៅមូលដ្ឋានហ្វតហូដ (Fort Hood) រដ្ឋតិចសាស់(Texas) ក្នុងការវាយប្រហារយ៉ាងសាហាវមួយ កាលពីឆ្នាំ២០០៩។ លោកត្រូវបានគេរៀបចំឱ្យក្លាយជាមនុស្សដំបូងគេ ដែលត្រូវយោធាសហរដ្ឋអាម៉េរិកកាត់ទោសប្រហារជីវិត ដោយបាញ់នឹងកាំភ្លើង ចាប់តាំងពីឆ្នាំ១៩៤៥មក។ រដ្ឋមន្ត្រីក្រសួងសង្គ្រាម លោក ភេត ហេកសិត (Pete Hegseth) ជាអ្នករៀបចំឱ្យមានការប្រហារជីវិតលោក ហាសាន ដោយការបាញ់នឹងកាំភ្លើង បានប្រាប់កម្មវិធី «Human Events Daily» ផ្សាយដោយ Real America's Voice កាលពីថ្ងៃព្រហស្បតិ៍ទី៨ ខែតុលាថា លោកមានគម្រោងប្រហារជីវិតលោក ហាសាន ឱ្យគេមើលឃើញជាសាធារណៈ។

លោក ភេត ហេកសិត (Pete Hegseth)
លោក ភេត ហេកសិត (Pete Hegseth)

លោក ហេកសិត បានសង្កត់ធ្ងន់ថា៖«[..]យើងនឹងធ្វើឱ្យប្រាកដថា ប្រជាជនអាចទស្សនាបានជាសាធារណៈ។ ពីព្រោះប្រជាជនត្រូវតែយល់ថា..វានឹងមានផលវិបាកធ្ងន់ធ្ងរចំពោះទង្វើប្រភេទនេះ»។ នៅពេលសួរថា តើលោក ហាសាន បានធ្វើសំណើចុងក្រោយអ្វីដែរឬទេ..? លោក ហេកសិត បានឆ្លើយថា៖«មិនខ្វល់ទេ! យើងនឹងជួបលោក[ហាសាន] នៅថ្ងៃទី៣ ខែធ្នូ»។ ទោះជាយ៉ាងណាក៏ដោយ លោក ហេកសិត មិនបានបញ្ជាក់លម្អិតថា នឹងធ្វើតាមរបៀបណានោះទេ។ ជាមួយគ្នា មន្ត្រីក្រសួងសង្គ្រាមម្នាក់ បានប្រាប់ភ្នាក់ងារសារព័ត៌មានរ៉យទ័រ ដោយសុំមិនបញ្ចេញឈ្មោះថា៖«រដ្ឋមន្ត្រី គឺនិយាយត្រឹមត្រូវ! វា​ជា[ការប្រហារជីវិត] នឹង​ត្រូវ​បាន​ផ្សាយ​ផ្ទាល់ ហើយព័ត៌មានលម្អិត នឹងជម្រាបជូនតាមក្រោយ»។

សូមរំឭកថា គណៈវិនិច្ឆ័យយោធាសហរដ្ឋអាម៉េរិក បានផ្តន្ទាទោសប្រហារជីវិតលោក ហាសាន កាលពីខែសីហា ឆ្នាំ២០១៣ បន្ទាប់ពីបានរកឃើញថា រូបលោកមានទោសចំនួន៤៥ករណី ពីបទឃាតកម្មគិតទុកជាមុន និងការប៉ុនប៉ងឃាតកម្មគិតទុកជាមុន តាមរយៈការបើកការបាញ់ប្រហារដោយកាំភ្លើងខ្លី មានភ្លើងឡាស៊ែរ នៅក្នុងកន្លែងព្យាបាលជំងឺ នៅឯមូលដ្ឋានយោធាដ៏ធំមួយនៅភាគកណ្តាលរដ្ឋតិចសាស់។ ហេតុការណ៍បាញ់ប្រហារនេះ បានកើតឡើងប៉ុន្មានសប្តាហ៍ មុនពេលលោក ហាសាន ត្រូវបានកំណត់ពេលវេលាឱ្យចាកចេញទៅបំពេញបេសកកម្មនៅប្រទេសអាហ្គានីស្ថាន។ រូបគេបានធ្លាក់ខ្លួនពិការមួយចំហៀងខ្លួន និងអង្គុយលើរទេះរុញ ដោយសារត្រូវប៉ូលិសបាញ់អំឡុងពេលចាប់ខ្លួន។

ក្រោមច្បាប់យោធាសហរដ្ឋអាម៉េរិក លោកប្រធានាធិបតីសហរដ្ឋអាម៉េរិក ត្រូវតែអនុម័តការប្រហារជីវិត ដោយក្រុមបាញ់កាំភ្លើង។ ទន្ទឹមនឹងនេះ លោកប្រធានាធិបតី ដូណាល់ ត្រាំ បានអនុម័តតាមការស្នើសុំរបស់លោក ហេកសិត ដោយរង់ចាំតែពេលវេលាមកដល់ប៉ុណ្ណោះ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត