ឥណ្ឌាដាក់ពង្រាយកម្លាំងនគរបាល២ម៉ឺននាក់ ខណៈមានការត្រៀមធ្វើបាតុកម្មទ្រង់ទ្រាយធំប្រឆាំងការបោះឆ្នោត
ហៀប ស៊ីថេត
•
09 តុលា 2026 06:30 PM

រដ្ឋធានីញូវដេលី៖ កងកម្លាំងនគរបាលរាប់ពាន់នាក់ ត្រូវបានដាក់ពង្រាយនៅទូទាំងរដ្ឋធានីនៃប្រទេសឥណ្ឌា នៅថ្ងៃសុក្រទី៩ ខែតុលានេះ ពោលគឺមួយថ្ងៃមុនពេលការតវ៉ាដែលបានគ្រោងទុក ដើម្បីទាមទារឱ្យប្រធានគណៈកម្មាធិការរៀបចំការបោះឆ្នោត ចុះចេញពីតំណែង ជុំវិញការចោទប្រកាន់ពីបទ មិនប្រក្រតីនៃបញ្ជីឈ្មោះអ្នកបោះឆ្នោត។

បាតុកម្មបានផ្ទុះឡើងនៅក្នុងខែនេះ ជុំវិញការធ្វើបច្ចុប្បន្នភាពបញ្ជីឈ្មោះអ្នកបោះឆ្នោតឡើងវិញ យ៉ាងពិសេសរបស់គណៈកម្មាធិការរៀបចំការបោះឆ្នោតឥណ្ឌា (ECI) ដែលគណៈកម្មាធិការនេះ អះអាងថា ធ្វើឡើងក្នុងគោលបំណងលុបឈ្មោះអ្នកបោះឆ្នោតស្ទួន និងអ្នកគ្មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ចេញ។ ទោះជាយ៉ាងណា គណបក្សប្រឆាំង និងក្រុមអ្នករិះគន់បានចោទប្រកាន់ថា សកម្មភាពនេះ អាចធ្វើឱ្យអ្នកបោះឆ្នោតបាត់បង់សិទ្ធិបោះឆ្នោត ដែលផ្តល់ផលប្រយោជន៍ដល់គណបក្សកាន់អំណាចបារ៉ាទីយ៉ាចាណាតា (Bharatiya Janata Party) ដែលមានន័យជាខេមរភាសាថា «គណបក្សប្រជាជនឥណ្ឌា» របស់លោកនាយករដ្ឋមន្ត្រី ណារិនដ្រា ម៉ូឌី (Narendra Modi)។

រលកនៃការតវ៉ាតាមដងផ្លូវ រួមទាំងនៅក្នុងរដ្ឋធានីញូវដេលី បានទាក់ទាញមេដឹកនាំសំខាន់ៗមកពីគណបក្សប្រឆាំងធំជាងគេរបស់ឥណ្ឌា គឺគណបក្សកុងហ្គ្រេស (Congress) ឬមានន័យជាខេមរភាសាថា «គណបក្សសភាជាតិឥណ្ឌា» រួមទាំងលោក រាហ៊ូល គន្ធី (Rahul Gandhi) ដែលត្រូវបានប៉ូលិសឃាត់ខ្លួនមួយរយៈពេលខ្លី ក្នុងអំឡុងពេលធ្វើបាតុកម្ម កាលពីដើមសប្តាហ៍នេះ។ ក្រុមបាតុករ រួមទាំងចលនាយុវជននៃគណបក្សខុកខ្រោចជ៍ចាន់តា (Cockroach Janta Party) ឬគណបក្សប្រជាជនកន្លាត បានអំពាវនាវឱ្យមានការប្រមូលផ្តុំតវ៉ាទ្រង់ទ្រាយធំ នៅក្នុងរដ្ឋធានីដេលី នាថ្ងៃសៅរ៍ទី១០ ខែតុលាស្អែកនេះ។ លោក គន្ធី ដែលជាមេដឹកនាំគណបក្សប្រឆាំងនៅក្នុងសភា និងមេដឹកនាំប្រឆាំងផ្សេងទៀត ត្រូវបានគេរំពឹងថា នឹងជួបប្រជុំជាមួយលោកស្រីប្រធានាធិបតី ទ្រូប៉ាឌី មួរមូ (Droupadi Murmu) ដើម្បីប្តឹងតវ៉ាអំពីប្រធានគណៈកម្មាធិការរៀបចំការបោះឆ្នោតឥណ្ឌា (ECI) លោក ក្យានេស កុមារ (Gyanesh Kumar)។

គណៈកម្មាធិការរៀបចំការបោះឆ្នោតឥណ្ឌា ជាស្ថាប័នរដ្ឋធម្មនុញ្ញទទួលបន្ទុករៀបចំការបោះឆ្នោតនៅឥណ្ឌា បានបដិសេធការចោទប្រកាន់ពីបទល្មើសនេះ។ ភ្នាក់ងារព័ត៌មាន Press Trust of India បានរាយការណ៍ថា ប៉ូលិស និងកងកម្លាំងពាក់កណ្តាលយោធាជាង២ម៉ឺននាក់ ត្រូវបានដាក់ពង្រាយនៅក្នុងរដ្ឋធានី មុនពេលមានរលកនៃការតវ៉ា។ របាំងដែកពណ៌លឿង ត្រូវបានដាក់ពង្រាយនៅលើផ្លូវសំខាន់ៗក្នុងមជ្ឈមណ្ឌលរដ្ឋធានី ដោយរឹតបន្តឹងការចូលទៅកាន់ទីតាំងតវ៉ាចានតារ ម៉ានតារ (Jantar Mantar) ដែលកំណត់ដោយរដ្ឋាភិបាល ខណៈប៉ូលិសមិនទាន់អនុញ្ញាតឱ្យមានការប្រមូលផ្តុំនៅទីនោះនៅឡើយ។ គណបក្សប្រជាជនកន្លាត បានលេចរូបរាងឡើងតាមអ៊ីនធឺណិត កាលពីខែឧសភា ក្នុងនាមជាចលនានយោបាយរឹងរូស ហើយបានដឹកនាំការតវ៉ានៅទីតាំងតវ៉ាចានតារ ម៉ានតារ ដែលធ្លាប់ទទួលបានជោគជ័យ ក្នុងការយុទ្ធនាការទម្លាក់រដ្ឋមន្ត្រីក្រសួងអប់រំនាពេលនោះ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត