
រដ្ឋធានីញូវដេលី៖ យន្តហោះចម្បាំងបំបាំងកាយ F-35 របស់សហរដ្ឋអាម៉េរិក បានចូលរួមជាមួយយន្តហោះចម្បាំងឥណ្ឌា ក្នុងប្រតិបត្តិការធ្វើលំហាត់ហ្វឹកហ្វឺនយោធានៅជិតព្រំដែនប្រទេសប៉ាគីស្ថាន ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ ដែលវាជាលើកដំបូងបង្អស់ ដែលយន្តហោះចម្បាំងពហុតួនាទីដ៏ទំនើបបំផុតរបស់សហរដ្ឋអាម៉េរិកមួយនេះ ចូលរួមក្នុងលំហាត់ហ្វឹកហ្វឺនរួមគ្នា នៅលើទឹកដីនៃឥណ្ឌា។ នេះយោងតាមការចុះផ្សាយដោយកាសែតយក្សរបស់ចិន South China Morning Post នាថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៦។

លោក ស៊ូសាន្ត សិង្ហ (Sushant Singh) សាស្ត្រាចារ្យសិក្សាអំពីតំបន់អាស៊ីខាងត្បូងនៅសាកលវិទ្យាល័យ Yale និងជាអតីតនាយទាហានជើងគោកឥណ្ឌា បានថ្លែងប្រាប់សារព័ត៌មាន This Week in Asia ថា៖«ការចូលរួមរបស់យន្តហោះចម្បាំងសហរដ្ឋអាម៉េរិក ក្នុងលំហាត់ហ្វឹកហ្វឺននេះ បានបង្ហាញទំនុកចិត្ត និងកិច្ចសហការយ៉ាងជិតស្និទ្ធរវាងកងទ័ពនៃប្រទេសទាំង២ ដែលទំហំនៃទំនាក់ទំនងនេះ មិនអាចស្តែងឡើង ឬធ្វើឡើង ត្រឹមតែតាមរយៈការចេញសេចក្តីថ្លែងការណ៍ ឬគ្រាន់តែសរសេរលើក្រដាសនោះឡើយ»។ លោកបន្ថែមថា៖«វាក៏អនុញ្ញាតឱ្យឥណ្ឌា ធ្វើការប្រៀបធៀបគំនិតសង្គ្រាមផ្លូវអាកាសដែលតភ្ជាប់ជាប្រព័ន្ធបែបលោកខាងលិច ជាមួយនឹងកងកម្លាំងយន្តហោះចម្បាំងចម្រុះរបស់ខ្លួន ដែលមានប្រភពមករុស្ស៊ី បារាំង និងការផលិតក្នុងស្រុកផងដែរ»។

ក្រុមអ្នកវិភាគបានលើកឡើងថា ការចូលរួមរបស់យន្តហោះ F-35 នៅក្នុងលំហាត់ហ្វឹកហ្វឺន «Tarang Shakti 2026» បានផ្តល់ឱ្យយោធាឥណ្ឌានូវការយល់ដឹងស៊ីជម្រៅ អំពីរបៀបដែលយន្តហោះចម្បាំងជំនាន់ទី៥ ដ៏ទំនើបប្រតិបត្តិការ ខណៈដែលឥណ្ឌាកំពុងជួបប្រឈមនឹងផលលំបាកក្នុងការជំរុញគម្រោងផលិតយន្តហោះចម្បាំង ធុនមធ្យមទំនើប (AMCA) របស់ខ្លួនឱ្យចេញជារូបរាង៕


